ខ្មែរប៉ុស្ដិ៍ Close

កិច្ចពិគ្រោះយោបល់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សទាំង២០ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
កិច្ចពិគ្រោះយោបល់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សទាំង២០ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ កិច្ចពិគ្រោះយោបល់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សទាំង២០ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ

កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោក ហ៊ុន សែន និងតំណាងគណបក្សនយោបាយទាំង២០ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ សប្តាហ៍ក្រោយនេះហើយ។ នេះបើតាមលិខិតអញ្ជើញមួយរបស់គណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់គណបក្សនយោបាយនានា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។

បើតាមលិខិតអញ្ជើញ ដែលចេញដោយឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងគណបក្សនយោបាយទាំង២០នេះ នឹងមានរបៀបវារៈមួយចំនួនដូចជា៖

១៖ សុន្ទរកថា​បើកវេទិកាដោយលោក ហ៊ុន សែន
២៖ ការចូលរួមយោបល់ពីគណបក្សនយោបាយនានា
៣៖ បញ្ហាផ្សេងៗ
៤៖ ការពិសារបាយសាមគ្គី។

កិច្ចពិគ្រោះយោបល់នេះត្រូវបានលោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វាជាតម្លៃរបស់ប្រជាធិបតេយ្យរបស់កម្ពុជា ខុសប្លែកពីតម្លៃប្រជាធិបតេយ្យរបស់បរទេស ដែលអ្នកចាញ់ដេកផ្ទះ។ កិច្ចពិគ្រោះយោបល់ដែលបង្កើតឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាវប្បធម៌សន្ទនាដ៏ល្អបំផុតដើម្បីជួយចូលរួមចំណែកផ្តល់យោបល់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលកំពុងដើរលើវិថីលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់។

សូមបញ្ជាក់ថា នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា លោក ហ៊ុន សែន បានប្រកាសបង្កើតវេទិកាសំណេះសំណាល រវាងរាជរដ្ឋាភិបាល និងគណបក្សទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមប្រសាសន៍លោក ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕

អត្ថបទទាក់ទង