ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតខ្មែរអាចធ្វើបាន ពិភពលោកបានទទួលស្គាល់……..

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 50

ពិភពលោកសាទរចំពោះប្រាសាទអង្គរដ៏អច្ឆរិយរបស់ខ្មែរដែលនៅតែជាសំណង់ប្រវត្តិសាស្ត្រល្បីលើសគេលើពិភពលោក

សៀមរាប៖ ដោយទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។

ពិធីប្រគល់-ទទួលពានរង្វាន់ខាងលើនេះ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី សារ៉ា ម៉ាធ្យូស៍ ប្រធាន TripAdvisor និង មានការចូលរួមពីមន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាច្រើនកុះករផងដែរ ។

ក្នុងឱកាសនោះលោក ឃឹម ប៊ុនសុង បានឲ្យដឹងថា កន្លងមកកម្ពុជាក៏ធ្លាប់បានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នវាយតម្លៃអន្តរជាតិផ្សេងៗទៀត នៅឆ្នាំ២០១៤ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតលើពិភពលោក នៅលើគេហទំព័រ Archeao Madness។

នៅឆ្នាំ២០១៦ អង្គរវត្តក៏បានជាប់ចំណាត់ថ្នាក់លេខ១ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ Lonely Planet និងនៅឆ្នាំ២០១៨នេះ រាជធានីអង្គរក៏ទទួលបានជ័យលាភីជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោកផងដែរ ។

លោកស្រី សារ៉ា ម៉ាធ្យូស៍ បានលើកឡើងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨ ។

លោក សុខ សង្វារ ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការផ្ដល់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកនេះ តំបន់រមណីយដ្ឋានអង្គរទាំងមូលនឹងទទួលបាននូវកំណើននៃភ្ញៀវទេសចរអន្តរជាតិជាច្រើនបន្ថែមទៀត ហើយកម្ពុជាក៏កាន់តែបន្តផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយទៀតផងដែរ។

លោក ថោង ខុន ក៏បានឲ្យដឹងផងដែរថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាពទាំងកម្រិតតំបន់និងពិភពលោក ព្រមជាមួយការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើឲ្យកម្ពុជាបានទទួលជ័យលាភី ជាគោលដៅទេសចរណ៍ដែលមានភាពស្និទ្ធស្នាលបំផុតសម្រាប់ភ្ញៀវទេសចរបរទេស តាមរយៈការសិក្សាស្រាវជ្រាវរបស់គេហទំព័រ Expat Insider។

លោក ថោង ខុន ក៏បានសង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍បានប្តេជ្ញាចិត្ត បន្តដឹកនាំវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្នយ៉ាងទូលំទូលាយ ហើយលោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជម្រុញការងារផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅលើឆាកអន្តរជាតិ ពិសេសសហការជាមួយ TripAdvisor ។ លោកក៏បានលើកនូវចំណុចសំខាន់ នៃប្រាសាទអង្គរវត្ត ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សាស៊ីជម្រៅ នាសម័យ អតីតកាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់ នូវទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោកដែលធ្វើភ្ញៀវទេសចរណ៍អន្តរជាតិ មានក្តីស្ញប់ស្ញែងកោតសរសើរ ចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោក ប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាននៃដួងព្រលឹងជាតិកម្ពុជា ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់-ទទួលពានរង្វាន់ពីប្រធានគេហទំព័រអន្តរជាតិដ៏ល្បីមួយនេះរួចមក គណៈអធិបតី ប្រតិភូ TripAdvisor រួមជាមួយភ្ញៀវទេរសចរ ក៏បាននាំគ្នាជិះកង់រ៉ឺម៉កដង្ហែជាក្បួន បន្តទៅតាមវិថីនានាក្នុងក្រុង ឆ្ពោះមកកាន់តំបន់ផាប់ស្ទ្រីប ព្រមទាំងមានភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ចូលរួមកម្សាន្តសប្បាយនៅក្នុងពិធីជប់លៀងដ៏អធិកអធមមួយនារាត្រីនោះ ក្នុងតំបន់ ផាប់ស្ទ្រីប ដោយមានការប្រគុំតន្ត្រី ច្រៀងរាំសប្បាយ ក្រោមដំបូលសុខសន្តិភាពនៅកម្ពុជាផងដែរ ៕

អត្ថបទទាក់ទង