សាលាវត្តបូព៌សៀមរាបល្បីរហូតដល់ក្រៅប្រទេស
បើនិយាយដល់សាលាបឋមសិក្សាដែលល្បីខ្ទរខ្ទារដាច់គេទូទាំងប្រទេស ទាំងវិន័យ សណ្ដាប់ធ្នាប់ បរិស្ថាន គុណភាពការបង្រៀន និងគ្រប់បែបយ៉ាងល្អឥតខ្ចោះ រហូតដល់សិស្សថៃមិនតិចជាងរយនាក់មកទស្សនកិច្ចរាល់ឆ្នាំ គេគ្រប់គ្នាប្រាកដជានឹកដល់ សាលាចំកណ្ដាលក្រុងសៀមរាប គឺសាលាបឋមសិក្សាវត្តបូព៌។
តើនៅពីក្រោយភាពល្បីល្បាញទូទាំងប្រទេស រហូតដល់ក្រៅប្រទេស តើនរណាជាបុគ្គលដ៏សំខាន់?
លោក ពិន គិមឆេន គឺជានាយកសាលាបឋមសិក្សាវត្តបូព៌ ដែលជាបុគ្គលម្នាក់បានខិតខំតស៊ូ ដឹកនាំសាលារៀនមួយនេះ រហូតមានកេរឈ្មោះល្បីល្បាញដល់សព្វថ្ងៃ រកគូរប្រជែងពុំបាន។ ទម្រាំបានមកដូចសព្វថ្ងៃ នាយកសាលាដ៏ឆ្នើមនេះ បានឆ្លងកាត់ការលំបាកធំៗ ៤ចំណុចដូចខាងក្រោមនេះ៖
(លោក ពិន គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌)
១. ការធ្វើកំណែទម្រង់ដំបូងបំផុត
តាំងពីទទួលតំណែងជានាយកសាលាបឋមក្នុងឆ្នាំ ១៩៩៤ លោកបានធ្វើកំណែទម្រង់ជាច្រើនដែលមិនធ្លាប់មានដើម្បីផ្លាស់ប្ដូរមុខមាត់ថ្មី ផ្ដោតជាពិសេសទៅលើសណ្ដាប់ធ្នាប់ វិន័យ និងចក្ខុវិស័យសំខាន់ៗរបស់សាលាបឋមសិក្សាមួយនេះ។ ដំណើរការកែទម្រង់ដំបូងពិតជាមានការលំបាកដោយសារតែថ្នាក់លើទាំងខ្សែបណ្ដោយ និងខ្សែទទឹង មិនយល់អំពីចក្ខុវិស័យរបស់សាលា។
២. កត្តាគ្រូបង្រៀន
លោកនាយក ពិន គិមឆេន ប្រាប់ទៀតថា គ្រូបង្រៀននៅក្រោមបង្គាប់ទាំងអស់ បានបង្ហាញការមិនសប្បាយចិត្ត ចំពោះការរឹតបន្ដឹងវិន័យដែលតឹងតែងខ្លាំង។ គ្រូបង្រៀនក្នុងសាលាស្ទើរគ្រប់គ្នាយល់ថាប្រាក់ខែគ្រូមានកម្រិតដូចៗគ្នាទេ ចុះហេតុអ្វីចាំបាច់ត្រូវធ្វើឲ្យល្អជាងគេយ៉ាងនេះ? ដូច្នេះហើយទម្រាំឲ្យគោលបំណង និងចិត្តគំនិតរបស់របស់លោក ជ្រាបដល់បេះដូងអ្នកគ្រប់គ្នា គឺមិនមែនជារឿងងាយស្រួលឡើយ ទម្រាំអ្វីៗចាប់ផ្ដើមដំណើរការទៅមុខទៀត។
៣. កត្តាឪពុកម្ដាយ
នាយកសាលា ដែលទទួលបានការវាយតម្លៃកម្រិតស្ដង់ដារខ្ពស់ ប្រចាំប្រទេសរូបនេះ បន្តថា បញ្ហាមួយទៀតនោះគឺ មាតាបិតា និងអាណាព្យាបាលរបស់សិស្ស។ មាតាបិតាសិស្សមួយចំនួនមិនទាន់យល់ និងមិនដែលជួបប្រទះ ចំពោះការរឹតបន្ដឹងវិន័យ សណ្ដាប់ធ្នាប់របស់សិស្ស។ ដូច្នេះហើយទើបពួកគាត់បានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំងនាពេលនោះ។ ប៉ុន្ដែនាពេលបច្ចុប្បន្នមានមាតាបិតាសិស្សតិចណាស់ ដែលប្រតិកម្ម ដោយភាគច្រើនឪពុកម្ដាយរបស់សិស្សានុសិស្សទាំងអស់ បានបង្ហាញការគាំទ្រចំពោះការរៀបចំរបស់សាលាទៅវិញ។
៤. កត្តាគ្រួសាររបស់លោកផ្ទាល់
ក្រោយមានប្រតិកម្មច្រើន ពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលរបស់សិស្ស គ្រួសាររបស់លោកនាយក ពិន គិមឆេន មិនជាសប្បាយចិត្តប៉ុន្មាននោះទេ។ មួយវិញទៀតនោះ អ្នកផ្ទះរបស់លោកមិនសប្បាយចិត្តឡើយ ចំពោះអ្វីដែលលោកបានអនុវត្ត ព្រោះបានចំណាយពេលច្រើនលើការងារ ព្រលឹមចេញព្រលប់ចូលស្ទើរតែរាល់ថ្ងៃ តែទទួលបានមកវិញនូវការប្រតិកម្មជាច្រើនទៅវិញនោះ។
ទោះជាយ៉ាងណាក្ដី នាយកសាលារូបនេះឲ្យដឹងថា ទោះជាត្រូវប្រឹងប្រែងដើរទៅមុខដោយលំបាកក្ដី ក៏ប៉ុន្ដែលោកបានជំនះលើព្យុះធំទាំង ៤នេះរួចរាល់ហើយ។ រហូតមកដល់បច្ចុប្បន្នការតស៊ូលំបាកប្រឹងប្រែងគ្រប់បែបយ៉ាង
សាលាបឋមសិក្សាវត្តបូព៌ មានអគារសិក្សាចំនួន ១៤ ខ្នង ស្មើនឹង ៦០ បន្ទប់ រួមជាមួយនឹងគ្រូបង្រៀនសរុបចំនួន ១១៦ នាក់។ គិតត្រឹមឆ្នាំសិក្សា ២០១៦-២០១៧ សាលា មានសិស្សានុសិស្សចូលសិក្សាសរុបចំនួន ៦ ៣៧៦ នាក់ ស្រីចំនួន ៣ ០៧២៕