ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ប្រធានជំរុំទេវតា បញ្ជាក់ថា អ្នកប្រឆាំងនឹងការបោះឆ្នោត គឺជាអ្នកបំផ្លាញជាតិ បំផ្លាញលទ្ធិប្រជាធិតេយ្យ ដែលមិនត្រូវអត់ឱនឱ្យទេ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 46

នៅថ្ងៃយុទ្ធនាការបិទឃោសនាបោះឆ្នោតនៅកោះពេជ្រា ក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទិ២៧ ខែកក្កដា ឆ្នាំទី២០១៨នេះ បានថ្លែងសារនយោបាយដ៏មានសារសំខាន់បំផុតទៅកាន់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថា គណបក្សប្រជាជនកម្ពុជានឹងផ្តល់អាទិភាពសំខាន់ជាងគេ សន្តិភាព និងការអភិវឌ្ឍ ទាំងមុន ពេលនេះ និងទៅអនាគត។

លោក ហ៊ុន សែន បានបញ្ជាក់ថា បើស្រឡាញ់សន្តិភាព និងការអភិវឌ្ឍសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ លោកថា សន្តិភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព ដូច្នេះ យើងត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។

លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាត្រូវគោរពបទបញ្ជា នីតិវិធី និងការកឱណត់នានាដែលច្បាប់ និងគជប បានកំណត់។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានរម្លឹកទៅប្រជាពលរដ្ឋជាទូទៅក្នុងនាមប្រមុខរាជរដ្ឋាភិបាល សូមកុំលក់ និងកុំសេពគ្រឿងស្រវឹងនៅក្នុងអំឡុងពេលកំពុងបោះឆ្នោត ដើម្បីបញ្ចៀសបាននូវអំពើហិង្សាដោយសារគ្រឿងស្រវឹង។
ទោះយ៉ាងនេះក្តី លោក ហ៊ុន សែន បានបញ្ជាក់ថា បក្សប្រជាជនកម្ពុជាលេខរៀងទី២០ រូបទេវតាបាចផ្កា គឺងាយចាំ ងាយគិត ងាយគូស។ ប៉ុន្តែ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការឃោសនាថា ដេកផ្ទះឈ្នះឯង គឺជារបស់ក្រុមប្រឆាំង ដែលមិនមែនជានយោបាយរបស់គណបក្សប្រជាជនកម្ពុជាទេ ដែល សមាជិក សមាជិកាទាំងអស់របស់CPP នឹងចេញទៅបោះឆ្នោតទាំងអស់គ្នា ដែលគ្រប់គ្នាគោរព និងអនុវត្តតាមលក្ខន្តិកៈបក្ស និងជាប់កាតព្វកិច្ចត្រូវទៅបោះឆ្នោត។

សម្រាប់សារដ៏កម្រថ្ងៃនេះរបស់ លោក ហ៊ុន សែន គឺ អ្នកចូលរួមបោះឆ្នោត ទើបជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ចំណែក អ្នកដែលមិនចូលរួមបោះឆ្នោត គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ តាមការញុះញង់របស់របស់ក្រុមបំផ្លាញជាតិ។ លោកបញ្ជាក់ថា « អ្នកប្រឆាំងនឹងការបោះឆ្នោត គឺជាអ្នកបំផ្លាញជាតិ បំផ្លាញលទ្ធិប្រជាធិតេយ្យ ដែលមិនត្រូវអត់ឱនអោយទេ»៕

អត្ថបទទាក់ទង