កម្ពុជា និងថៃ ឈានចូលតុផ្សះផ្សាអន្តរជាតិស្តីពីវិវាទដែនសមុទ្រ
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់នីតិវិធី «ការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃ មិនមែនគ្រាន់តែជាជំហានបច្ចេកទេសផ្លូវច្បាប់មួយនោះទេ។ វាគឺជាការបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង ដែលផ្អែកលើជំនឿថា ផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពជាតិ អាចត្រូវបានការពារ និងពង្រឹងបានយ៉ាងមានប្រសិទ្ធភាព តាមរយៈអំណាចនៃច្បាប់ និងភាពស្របច្បាប់អន្តរជាតិ ជាជាងការប្រកួតប្រជែងអំណាច។
ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដែលវិវាទព្រំដែន និងដែនសមុទ្រជាច្រើនតែងប្រែប្រួលទៅជាការប្រឈមមុខផ្នែកនយោបាយ សេដ្ឋកិច្ច ឬសន្តិសុខ កម្ពុជាបានជ្រើសរើសផ្លូវមួយដែលស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ គឺការបញ្ជូនវិវាទចូលទៅក្នុងក្របខណ្ឌដែលច្បាប់បានកំណត់ ជំនួសឱ្យការទុកបញ្ហាឲ្យវិវត្តទៅតាមអំណាច ឬសម្ពាធនយោបាយ។ ជម្រើសនេះឆ្លុះបញ្ចាំងពីការយល់ឃើញថា សន្តិភាព និងស្ថិរភាពយូរអង្វែង អាចកើតមានបានលុះត្រាតែវិវាទត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ដែលភាគីទាំងអស់អាចទទួលយកបាន។
អ្វីដែលធ្វើឱ្យជំហររបស់កម្ពុជាកាន់តែមានទម្ងន់ គឺការរៀបចំក្រុមតំណាងដែលរួមបញ្ចូលទាំងបទពិសោធន៍ផ្នែកការទូត និងជំនាញផ្នែកច្បាប់អន្តរជាតិលំដាប់ខ្ពស់។ ការចូលរួមរបស់លោក Peter Taksoe-Jensen អតីតមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងជាអ្នកការទូតជើងចាស់របស់ប្រទេសដាណឺម៉ាក បង្ហាញថា កម្ពុជាយល់ច្បាស់ថា ការដោះស្រាយវិវាទអន្តរជាតិ មិនមែនជាការប្រកួតប្រជែងផ្នែកច្បាប់តែមួយមុខនោះទេ ប៉ុន្តែជាដំណើរការដែលត្រូវការការយល់ដឹងជ្រាលជ្រៅអំពីប្រព័ន្ធអង្គការសហប្រជាជាតិ ការទូត និងទំនាក់ទំនងអន្តរជាតិ។
ជាមួយគ្នានេះ វត្តមានរបស់សាស្ត្រាចារ្យ Jean-Marc Thouvenin ដែលជាអ្នកជំនាញច្បាប់អន្តរជាតិដ៏លេចធ្លោមួយរូប បានបន្ថែមភាពរឹងមាំដល់សំណុំរឿងរបស់កម្ពុជា។ បទពិសោធន៍របស់លោកនៅក្នុងតុលាការ និងវេទិកាអន្តរជាតិនានា បង្ហាញថា កម្ពុជាកំពុងរៀបចំអំណះអំណាងរបស់ខ្លួនដោយផ្អែកលើមូលដ្ឋានច្បាប់ និងគោលការណ៍នីតិសមុទ្រយ៉ាងម៉ត់ចត់។ នេះក៏ជាសញ្ញាមួយបង្ហាញថា កម្ពុជាកំពុងពឹងផ្អែកលើកម្លាំងនៃអំណះអំណាង និងភស្តុតាង ជាជាងការពឹងផ្អែកលើសម្ពាធនយោបាយ ឬការបង្កើតស្ថានការណ៍ថ្មីនៅលើមូលដ្ឋានជាក់ស្តែង។
ក្នុងពេលជាមួយគ្នានេះ ការសម្រេចចិត្តរបស់ភាគីថៃ ក្នុងការតែងតាំងលោក Rüdiger Wolfrum និងលោក Albert Hoffmann ជាអ្នកសម្របសម្រួលរបស់ខ្លួន ក៏មានអត្ថន័យយ៉ាងសំខាន់ផងដែរ។ ទោះបីជាភាគីទាំងពីរនៅតែមានការយល់ឃើញខុសគ្នាចំពោះសិទ្ធិ និងផលប្រយោជន៍ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា ក៏ដោយ ក៏ការចូលរួមរបស់ថៃក្នុងនីតិវិធីនេះ គឺជាការបង្ហាញថា វិវាទត្រូវបាននាំចូលទៅក្នុងក្របខណ្ឌស្របច្បាប់ និងអន្តរជាតិរួចទៅហើយ។ នេះមានន័យថា ការប្រកួតប្រជែងផ្នែកអំណាចត្រូវបានជំនួសដោយការប្រកួតប្រជែងផ្នែកអំណះអំណាង និងហេតុផលច្បាប់។
ជាក់ស្តែង បទពិសោធន៍អន្តរជាតិបានបង្ហាញថា ក្នុងវិវាទរវាងរដ្ឋ ភាពខ្លាំងផ្នែកសេដ្ឋកិច្ច ឬយោធា មិនមែនតែងតែកំណត់លទ្ធផលចុងក្រោយនោះទេ។ ផ្ទុយទៅវិញ អ្វីដែលមានឥទ្ធិពលជាង គឺភាពស្របច្បាប់នៃអំណះអំណាង និងសមត្ថភាពក្នុងការធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ការទាមទាររបស់ខ្លួន។ ក្នុងន័យនេះ កម្ពុជាកំពុងពឹងផ្អែកលើ «អំណាចនៃភាពស្របច្បាប់» ដែលជាទុនយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការការពារផលប្រយោជន៍ជាតិលើឆាកអន្តរជាតិ។
លើសពីនេះ វិវាទនៅតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រ មិនអាចមើលឃើញត្រឹមជាបញ្ហាសេដ្ឋកិច្ចទាក់ទងនឹងប្រេង និងឧស្ម័ននោះទេ។ លើសពីតម្លៃសេដ្ឋកិច្ចនៃធនធានធម្មជាតិ បញ្ហានេះក៏ពាក់ព័ន្ធដោយផ្ទាល់នឹងអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សិទ្ធិអធិបតេយ្យលើធនធានធម្មជាតិ និងកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិផងដែរ។ដូច្នេះ ការការពារផលប្រយោជន៍របស់កម្ពុជាក្នុងសំណុំរឿងនេះ គឺជាការការពារមិនត្រឹមតែធនធានសម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការការពារសិទ្ធិស្របច្បាប់របស់ជាតិ និងឱកាសអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
សម្រាប់ប្រជាជនកម្ពុជា អ្វីដែលគួរឱ្យមានមោទនភាពបំផុត មិនមែនស្ថិតនៅលើលទ្ធផលចុងក្រោយនៃដំណើរការនេះតែមួយមុខនោះទេ ប៉ុន្តែស្ថិតនៅលើវិធីសាស្ត្រដែលកម្ពុជាបានជ្រើសរើស។ ការឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការប្រើប្រាស់យន្តការសន្តិវិធី និងការប្រមូលផ្តុំអ្នកជំនាញលំដាប់ពិភពលោក ដើម្បីការពារផលប្រយោជន៍ជាតិ បានបង្ហាញថា កម្ពុជាកំពុងអនុវត្តការទូតយ៉ាងប៉ិនប្រសព្វដែលផ្អែកលើចំណេះដឹង វិជ្ជាជីវៈ ការទទួលខុសត្រូវចំពោះជាតិនិងសន្តិភាពតំបន់។
ជារួម ការជំរុញនីតិវិធីផ្សះផ្សាក្រោម UNCLOS និងការរៀបចំក្រុមការងារដែលមានសមត្ថភាពខ្ពស់ មិនមែនគ្រាន់តែជាការឆ្លើយតបចំពោះវិវាទដែនសមុទ្រមួយនោះទេ។ វាគឺជាការបញ្ជាក់ពីទស្សនវិស័យរបស់កម្ពុជាចំពោះការគ្រប់គ្រងវិវាទអន្តរជាតិ ពោលគឺការជឿជាក់លើអំណាចនៃច្បាប់ ការទូត និងភាពស្របច្បាប់អន្តរជាតិ។ តាមរយៈមាគ៌ានេះ កម្ពុជាកំពុងបង្ហាញថា ការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ មិនចាំបាច់ត្រូវធ្វើឡើងតាមរយៈការប្រឈមមុខ ឬការប្រើប្រាស់កម្លាំងនោះឡើយ ប៉ុន្តែអាចសម្រេចបានតាមរយៈហេតុផល និងគោលការណ៍ដែលពិភពលោកទទួលស្គាល់៕
ដោយ៖ ពិន វិជ័យ
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ



