ជំហានយុទ្ធសាស្ត្រថ្មី៖ កម្ពុជាចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS
ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ “Compulsory Conciliation” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS គឺជាជំហានផ្លូវច្បាប់ដ៏មានសារៈសំខាន់ និងជាចំណុចរបត់ថ្មីមួយក្នុងការដោះស្រាយ និងគ្រប់គ្រងវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ តាមរយៈយន្តការច្បាប់អន្តរជាតិ។
ការសម្រេចចិត្តនេះមិនមែនជាការបោះបង់ការចរចា ឬការបង្កើនភាពតានតឹងនយោបាយនោះទេ។ ផ្ទុយទៅវិញ វាជាការបញ្ជាក់ថា កម្ពុជាបានជ្រើសរើសយក “អំណាចនៃច្បាប់” ជំនួសឱ្យ “ច្បាប់នៃអំណាច” ក្នុងការការពារអធិបតេយ្យភាពជាតិ និងសិទ្ធិស្របច្បាប់លើដែនសមុទ្ររបស់ខ្លួន។
ពេលនេះ ក្របខណ្ឌទ្វេភាគីសម្រាប់ដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ហាក់បានឈានដល់ដែនកំណត់របស់ខ្លួនហើយ បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001 ឬហៅថា MoU 44) ជាឯកតោភាគី។ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក MoU 2001 បានដើរតួនាទីជាក្របខណ្ឌទ្វេភាគីដ៏មានសារៈសំខាន់បំផុតសម្រាប់ការពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ឯកសារនេះមិនត្រឹមតែជាកិច្ចព្រមព្រៀងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមរបស់ភាគីទាំងពីរ ក្នុងការប្តេជ្ញាស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍រួមទៅវិញទៅមក។
ប៉ុន្តែ នៅពេលភាគីថៃសម្រេចដកខ្លួនចេញពី MoU 2001 ជាឯកតោភាគី ក្របខណ្ឌទ្វេភាគីដែលធ្លាប់ជាមូលដ្ឋានសម្រាប់ការចរចាក៏ត្រូវបាត់បង់ផងដែរ។ សម្រាប់កម្ពុជា ការដកខ្លួននេះមិនត្រឹមតែជាការបញ្ចប់យន្តការមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញថា លទ្ធភាពនៃការចរចាទ្វេភាគីដែលធ្លាប់បានប្រើប្រាស់នាពេលកន្លងមកក៏ត្រូវបាត់បង់ឪកាសក្នុងការអនុវត្តបន្តទៀតផងដែរ។
នៅក្នុងពេលនេះ ការងាកទៅរកយន្តការដែលមានចែងនៅក្នុង UNCLOS គឺជាជម្រើសស្របច្បាប់ ដែលមានហេតុផល និងស្របទៅនឹងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការផ្សះផ្សាដោយបង្ខំក្រោម UNCLOS មានន័យថា ភាគីទាំងអស់ត្រូវចូលរួមក្នុងដំណើរការផ្សះផ្សា ប៉ុន្តែមិនត្រូវបានបង្ខំឱ្យទទួលយកនូវការសម្រេចចុងក្រោយណាមួយនោះទេ។ចំណុចសំខាន់គឺ ដំណើរការនេះបង្កើតជាវេទិកាអព្យាក្រឹតមួយ ដែលគ្រប់ភាគីអាចបង្ហាញអំណះអំណាងផ្លូវច្បាប់ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងបច្ចេកទេសរបស់ខ្លួន នៅចំពោះមុខគណៈកម្មការឯករាជ្យដែលមានអ្នកជំនាញអន្តរជាតិចំនួន ៥រូប ចូលរួម។
ដូច្នេះ យន្តការនេះមិនមែនជាការប្រឈមមុខដាក់គ្នាទេ ប៉ុន្តែជាការបង្កើតស្ថាប័នមួយសម្រាប់សម្របសម្រួលការចរចា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងការវិភាគដោយអ្នកជំនាញឯករាជ្យ។
សារៈសំខាន់នៃការសម្រេចចិត្តរបស់កម្ពុជាដូចនេះគឺ កាន់តែលេចរូបរាងច្បាស់ឡើងនៅពេលគេលើកយកមកប្រៀបធៀបជាមួយករណីវិវាទរវាង Timor-Leste និង ប្រទេស Australia។ នៅឆ្នាំ២០១៦ ទីម័រខាងកើតបានស្នើឱ្យដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយប្រទេសអូស្ត្រាលី។ ទោះបីជាមានភាពស្មុគស្មាញខ្លាំង និងមានផលប្រយោជន៍ដែលមានតម្លៃរាប់ពាន់លានដុល្លារពាក់ព័ន្ធក្នុងរឿងនេះក៏ដោយ ក៏ដំណើរការនេះអាចនាំឱ្យភាគីទាំងពីរសម្រេចបានសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្រជាប្រវត្តិសាស្ត្រនៅឆ្នាំ២០១៨បានដែរ។
ករណីនេះបានបង្ហាញថា ការផ្សះផ្សាដោយបង្ខំមិនមែនជាយន្តការដែលមានតែនៅលើក្រដាសនោះទេ ប៉ុន្តែជាឧទាហរណ៏ជាក់ស្តែងដែលអាចបម្លែងជម្លោះរ៉ាំរ៉ៃឲ្យទៅជាកិច្ចព្រមព្រៀងយូរអង្វែងមួយបានដែរ។
អ្នកវិភាគខ្លះអាចលើកឡើងថា កម្ពុជាកំពុងធ្វើ “អន្តរជាតូបនីយកម្ម” ជម្លោះជាមួយថៃឬ។ ប៉ុន្តែការវិភាគបែបនេះគឺមើលរំលងចំណុចសំខាន់មួយ គឺ UNCLOS ជាក្របខណ្ឌដែលកម្ពុជានិងថៃបានយល់ព្រមទទួលយករួចហើយក្នុងនាមជារដ្ឋភាគី។
និយាយម្យ៉ាងទៀត កម្ពុជាមិនបាននាំជម្លោះទៅកាន់វេទិកាដែលថៃមិនទទួលស្គាល់នោះទេ។ ផ្ទុយទៅវិញ កម្ពុជាកំពុងប្រើប្រាស់យន្តការដែលប្រទេសទាំងពីរបានផ្តល់ការយល់ព្រមជាមុនរួចទៅហើយនៅពេលចូលជាភាគីនៃ UNCLOS។ នេះគឺជាការនាំការចរចាចូលទៅក្នុងក្របខណ្ឌដែលមានច្បាប់ នីតិវិធី និងមានអ្នកសម្របសម្រួលឯករាជ្យច្បាស់លាស់ ជាជាងការបន្តការចរចាដែលគ្មានយន្តការជំរុញឱ្យមានវឌ្ឍនភាព។
ជម្លោះដែនសមុទ្រមិនមែនគ្រាន់តែជាបញ្ហាអធិបតេយ្យភាពតែប៉ុណ្ណោះទេ ប៉ុន្តែវាបានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខ ការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្នុងតំបន់ផងដែរ។
ដំណោះស្រាយដែលទទួលបានតាមរយៈដំណើរការសន្តិវិធី និងស្របច្បាប់ នឹងជួយកាត់បន្ថយភាពមិនប្រាកដប្រជា បង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ និងថែមទាំងអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគតបាន ជាពិសេសការអភិវឌ្ឍធនធានធម្មជាតិនៅក្នុងតំបន់ដែលមានសក្តានុពលថែមទៀតផង។
ការចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS មិនមែនជាការបោះជំហានទៅរកការប្រឈមមុខដាក់គ្នារវាងកម្ពុជា និងថៃនោះទេ ប៉ុន្តែជាការបោះជំហានទៅរកច្បាប់អន្តរជាតិ ហើយក៏ជាការបង្ហាញថា កម្ពុជាជឿជាក់លើអំណាចនៃច្បាប់ ជឿជាក់លើការដោះស្រាយជម្លោះដោយសន្តិវិធី និងជឿជាក់ថាអធិបតេយ្យភាពជាតិអាចការពារបានតាមរយៈយន្តការដែលមានការទទួលស្គាល់ជាសកល។ នៅក្នុងពេលដែលជម្លោះព្រំដែនជាច្រើននៅជុំវិញពិភពលោកនៅតែជាប់គាំង ឬឈានទៅរកការប្រើប្រាស់កម្លាំង ការជ្រើសរើសផ្លូវច្បាប់របស់កម្ពុជា គឺជាការបង្ហាញពីភាពចាស់ទុំខាងការទូត និងការប្តេជ្ញាខ្ពស់ចិត្តចំពោះការចង់បានសន្តិភាព។ វាមិនត្រឹមតែជាការការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដល់ការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ថែមផងដែរ៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ




