ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ អបអរសាទរខួប ១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 46
អភិបាលខេត្តកំពង់ធំ អបអរសាទរខួប ១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អភិបាលខេត្តកំពង់ធំ អបអរសាទរខួប ១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

កំពង់ធំ៖ ជាការពិតណាស់ប្រទេសកម្ពុជា ជាប្រទេសមួយដែលសំបូរទៅដោយអរិយធម៌ខ្ពង់ខ្ពស់ និងមានសំណង់ប្រាសាទបុរាណដ៏ចំណាស់ជាច្រើន ក្នុងនោះតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ (Kraków) ប្រទេសប៉ូឡូញ ដែលជាបេតិកភណ្ឌខ្មែរទី៤ បន្ទាប់ពីប្រាសាទអង្គរវត្ត ឆ្នាំ១៩៩២ របាំក្បាច់បូរាណខ្មែរ (របាំព្រះរាជទ្រព្យ) ឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ ឆ្នាំ២០០៨ មានទីតំាងស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។

ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានរដ្ឋបាលខេត្តកំពង់ធំ រៀបចំប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ (៨ កក្កដា ២០១៧ – ៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក រួមជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីអបអរសាទរនេះដែរ លោក សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីអបអរសាទរនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោកនេះ ដើម្បីរំលឹកដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហាអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ ឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជា ជាពិសេស ប្រាសាទសំបូរព្រៃគុក ឲ្យកាន់តែល្បីល្បាញខ្ទរខ្ទារថែមទៀត។
លោកបានបន្ថែមទៀតថា ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ទៅក្នុងញ្ជីបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ បានខិតខំពុះពារ ព្យាយាមលះបង់កម្លាំងកាយ-ចិត្ត-ប្រាជ្ញា ស្មារតី ក្នុងការស្នើ “ តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាបេតិកភណ្ឌខ្មែរទី៤ បន្ទាប់ពីប្រាសាទអង្គរវត្ត ឆ្នាំ១៩៩២ របាំក្បាច់បូរាណខ្មែរ (របាំព្រះរាជទ្រព្យ) ឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ ឆ្នាំ២០០៨។

បន្ថែមពីនេះទៅទៀត ការដាក់ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានសារៈសំខាន់ និងមានមោទនភាពខ្លំាងណាស់សម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្តយ៉ាងត្រជាក់ចិត្ត ដោយសារនៅជុំវិញប្រាសាទ សំបូរទៅដោយដើមឈើជាច្រើន ជួយលើកសម្រស់ប្រាសាទឲ្យកាន់តែស្រស់ស្អាតថែមទៀត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរប្រាសាទសំបូរព្រៃគុក ខិតខំជួយការការពារ និងថែរក្សាបេតិកភណ្ឌនេះ ឲ្យបានគង់វង្សទៅអនាគត នូវវប្បធម៌ដែលជាអត្តសញ្ញាណរបស់ជាតិយើង ជាពិសេសក្មួយៗយុវជនទាំងអស់បង្កើនការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ឲ្យច្បាស់អំពីតួនាទី ចំបងរបស់ខ្លួន ក្នុងការការពារ ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែ កក្ដដា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានោះដែរ ក៏មានការសំដែងនូវ ផ្ទាំងទស្សនីយភាពសិល្បៈ និងច្រៀងចម្រៀងអបអរសាទរប្រាសាទបូរព្រៃគុក ដ៏សប្បាយរីករាយ ជាមួយការប្រគុំតន្ត្រី ក្រវីទង់ជាតិកម្ពុជា និងទង់ជាតិអង្ការយូនីស្តូ យ៉ាងឱឡារឹកជាពិសេស នៅវេលាម៉ោង ៩ ព្រឹក នៅក្នុងពិធី និងតាមវត្តអារាមនានា បានទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេងផងដែរ៕

អត្ថបទទាក់ទង