ហួសចិត្ត! ពេលឃើញស្ថិតិការប្រកួតរវាង អង់គ្លេស និង ក្រូអាត យប់មិញ
ការប្រឹងប្រែងរបស់តោកំណាចអង់គ្លេសបានបញ្ចប់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាញ់ក្រូអាតទាំងឈឺចាប់ ២-១ ហើយមើលតាមស្ថិតិអង់គ្លេសទាត់ចំគោលដៅតិចតួចបំផុត។
ចប់៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១ ដូច្នេះត្រូវថែម១៥នាទីពីរដង។ Mario Mandzukic គឺជាមច្ចុរាជចុងក្រោយបញ្ចប់ក្ដីសង្ឃឹមរបស់អង់គ្លេសចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីទាត់ចូលក្នុងម៉ោងបន្ថែមនាទី១០៩ ជួយឲ្យក្រូអាតឈ្នះ ២-១។
បញ្ចប់ការប្រកួតនេះស្ថិតិចេញមក ក្រូអាតគ្រប់គ្រងបាល់បាន៥៥% ឯអង់គ្លេសបាន៤៥%។ ចំពោះការស៊ុតវិញក្រុមរបស់ Modric នៅតែធ្វើបានល្អដោយមានឱកាសទាត់២២ជើង ចំទី៧ជើង ខណៈ អង់គ្លេសទាត់បាន១១ជើង ចំទីតែ២ជើងប៉ុណ្ណោះ។
Harry Kane ដែលជាអ្នកទាត់បញ្ចូលច្រើនជើងគេមាន៦គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ទាត់ចំទីតែ១ជើងប៉ុណ្ណោះក្នុងការប្រកួតនេះ។ ចប់ការប្រកួតកីឡាកររបស់ Spurs រូបនេះក៏បាននិយាយដែរថា គេពិតឈឺចិត្តៗខ្លាំងណាស់ ដែលបរាជ័យនៅវគ្គនេះ៕