ខ្មែរប៉ុស្ដិ៍ Close

(Update) ក្មេង៥នាក់ត្រូវបានជួយសង្គ្រោះខណៈពេលដែលក្មេង៨នាក់ផ្សេងទៀតនៅខាងក្នុងរូងភ្នំនៅឡើយ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30

ថៃៈ ក្មេងប្រុសទី៥ ត្រូវបានក្រុមសង្គ្រោះរំដោះបានទៀតហើយពីរូងភ្នំ នៅរយៈពេល១ថ្ងៃ បន្ទាប់ពីសង្រ្គោះបានក្មេងប្រុស៤នាក់ពីទីនោះ ក្រោយចំណាយអស់រយៈពេលជាង២សប្តាហ៍រួចមកនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្តិច។

ក្មេងប្រុសទី៥ ត្រូវបានគេមើលឃើញគេសែងចេញនៅលើគ្រែស្នែង កាលពីម៉ោង៤កន្លះមុននេះម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង៥៖៣០នាទីម៉ោងសកល) ហើយនិងដឹកបន្តតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ។

លោក ណារ៉ុងស័ក្តិ អូសុតតាណាក់ខន ប្រធានក្រុមបេសកកម្ម និងជាអភិបាលខេត្តឈៀងរ៉ៃ បាននិយាយថា ក្រុមអ្នកមុជទឹកនៅប្រទេសថៃ បានចាប់ផ្តើមប្រតិបត្តិការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់របស់ពួកគេវិញហើយ ដើម្បីរំដោះក្មេងប្រុស៨នាក់ និងគ្រូបង្វឹករបស់ពួកគេ ចេញពីប្រព័ន្ធរូងភ្នំជន់លិច។

ក្មេងប្រុស៤នាក់ ត្រូវបាននាំយកមកលើគោកដោយសុវត្ថិភាព កាលពីថ្ងៃអាទិត្យម្សិលមិញ។ ប៉ុន្តែបេសកកម្មមួយនេះ ត្រូវបានផ្អាករយៈពេល១យប់ ដើម្បីប្តូរបំពង់អុកស៊ីហ្សែន។

គួរឲ្យដឹងថា ក្មេងប្រុសទាំងអស់នេះ បានជាប់ក្នុងរូងភ្នំ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនារហូតមក ក្រោយភ្លៀងខ្លាំង បណ្តាលឲ្យជន់លិចរូងភ្នំ ហើយត្រូវបានគេរកឃើញនៅរស់រាន កាលពីសប្តាហ៍មុន ដោយក្រុមអ្នកមុជទឹក។

ក្រុមអ្នកមុជទឹក បានសម្រេចចិត្តបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីរំដោះពួកគេចេញពីរូងភ្នំ ដោយសារក្តីកង្វល់ថា កម្រិតទឹកជន់ នឹងឡើងម្តងទៀត ពេលដែលមានភ្លៀងធ្លាក់ខ្លាំង។

ដោយឡែក ប្រតិបត្តិការសង្រ្គោះ មានសភាពស្មុគស្មាញខ្លាំង ដោយផ្នែកខ្លះនៅក្នុងរូងភ្នំ ត្រូវតែមុជទឹក ហើយជួនកាលមានទីតូចចង្អៀតទៀត ហើយថែមទាំងត្រូវដើរឡើងតាមចំណោទថ្មទៀតផង។

លោក ណារ៉ុងស័ក្តិ បាននិយាយថា ប្រតិបត្តិការបានចាប់ផ្តើមវិញហើយកាលពីវេលាម៉ោង១១ព្រឹក ហើយគ្រោងនឹងបញ្ចប់នៅម៉ោង៩យប់នេះ៕

ប្រភព៖ Campost.com