ខ្មែរប៉ុស្ដិ៍ Close

តារា Youtube ស្រីម្នាក់ចាញ់បោកគេចុះកុងត្រា ទាំងមិនដឹងច្បាស់ ទៅថតរឿងអាសអាភាស(មានវីដេអូ)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ កំសាន្ដ & ប្លែកៗ 52

ជារឿងដ៏គួរឲ្យរន្ធត់ចិត្តជាទីបំផុត ដែលនារីវ័យក្មេងជនជាតិកូរ៉េម្នាក់ ហេតុតែចង់បំពេញក្តីសុបិនរបស់ខ្លួន ក្លាយជាតារាសម្ដែងស្រីល្បី ទីបំផុតបែរជាចុះកុងត្រាទាំងងងឹតងងល់ រហូតចាញ់បោកគេធ្លាក់ផុងខ្លួន ថតរូបអាសអាភាស បែកធ្លាយកក្រើកលើអ៊ីនធើណែត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះដែលត្រូវបានរងការបៀតបៀនផ្លូវភេទខាងលើនេះ ឈ្មោះ Yang Ye-won ត្រូវបានគេស្គាល់ថាជាតារា Youtube ដ៏ល្បីនិងមានប្រជាប្រិយភាពមួយរូបប្រចាំប្រទេស។

កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នាងបានចេញវីដេអូឃ្លីបមួយ លាតត្រដាងពីការពិត ដែលជារឿងរ៉ាវដ៏ជូរចត់ ឈឺចាប់ មិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់នាង ក្រោយរូបភាពអាសអាភាស ឬអាក្រាតកាយជាច្រើនសន្លឹករបស់នាង ត្រូវបានបែកធ្លាយបង្ហោះចែកចាយពេញលើអ៊ីនធើណែត កាលពីថ្ងៃទី៨ ឧសភា កន្លងទៅ។

ជាក់ស្តែង រឿងរ៉ាវដ៏ឈឺចាប់ដែលនាងហ៊ានបើកទម្លាយប្រាប់សាធារណៈជន ឲ្យដឹងនៅពេលនេះ គឺវាបានកើតឡើងតាំងតែពី ៣ឆ្នាំមុនមកម៉្លេះ នៅពេលដែលនាងមានអាយុ ២០ឆ្នាំ និងមានក្តីសុបិនចង់ក្លាយខ្លួនជាតារាសម្តែងស្រីម្នាក់។

ហើយនៅពេលនោះ នាងក៏បានដាក់ពាក្យ សម្ភាសន៍ រហូតសម្រេចចិត្តចុះកុងត្រាជាមួយនឹងក្រុមហ៊ុនមួយ ទាំងគិតមិនបានដិតដល់ ទទួលធ្វើការងារក្រៅម៉ោង ថតដើរតួជាតារាម៉ូដែលស្រី។

Yang នាងបានចុះកុងត្រាទទួលថត ត្រឹមតែរូបថតម៉ូដែលចំនួន ៥សន្លឹកតែប៉ុណ្ណោះ។ នាងត្រូវបានថៅកែនៅទីនោះប្រាប់ថា គ្រាន់តែឲ្យថតរូបបែបលក្ខណៈសាមញ្ញៗតែប៉ុណ្ណោះ តែមានទម្រង់នៃស្ទាយ៍ថតខុសៗពីគ្នា ប៉ុន្តែក្នុងចំណោមនោះ ត្រូវតែមានរូបថតមួយសន្លឹក ថតក្នុងលក្ខខណ្ឌដែលស៊ិចស៊ីជាងគេបង្អស់។

ថៅកែបានលើកឡើងទៀតថា គ្រប់តារាៗទាំងអស់ គឺសុទ្ធសឹងតែត្រូវឆ្លងកាត់គ្រប់លក្ខខណ្ឌទាំងអស់នេះ។ ដូច្នេះប្រសិនបើនាងចង់ក្លាយខ្លួនជាតារាសម្តែង នាងក៏ត្រូវតែគោរព និងហ៊ានធ្វើតាមលក្ខខណ្ឌអស់ទាំងនេះដែរ។

ប៉ុន្តែផ្ទុយទៅវិញ អ្វីៗបានធ្វើឲ្យ Yang ភ័យតក់ស្លុតជាខ្លាំង បន្ទាប់ពីនាងបានឈានជើងចូលទៅក្នុងបន្ទប់ស្ទូឌីយូ ហើយត្រូវបានគេចាក់សោរទ្វារជាប់គ្រប់ទីកន្លែង និងថែមទាំងមានបុរសចំនួន ២០នាក់ នៅពីក្រោយកាម៉េរា ដើរចេញមកប្រាប់ឲ្យនាង ស្រាតសម្លៀកបំពាក់ឲ្យអស់ចេញពីខ្លួន។ ហើយនៅពេលដែលនាងប្រកែក មិនធ្វើតាមសំណើរនោះ ពួកគេថែមទាំងបានប្រើហិង្សា លើរាងកាយនាងថែមទៀតផង។

នៅពេលនោះហើយដែល Yang ទើបភ្ញាក់ដឹងខ្លួនថា នាងកំពុងតែត្រូវបានចាញ់បោកគេហើយ។

Yang នាងបាននិយាយថា នៅពេលនោះ ថៅកែខាងក្រុមហ៊ុនបានចេញមកគំរាមនាងថា ត្រូវតែបំពេញទៅតាមលក្ខខណ្ឌ ដែលនាងបានចុះកិច្ចសន្យាជាមួយនឹងពួកគេ បើមិនដូច្នោះទេ នាងនឹងត្រូវពួកគេប្ដឹង នឹងថែមទាំងគ្មានសិទ្ធិបានធ្វើជាតារាសម្ដែងនោះឡើយ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែល Yang ចេញមុខទម្លាយពីរឿងដ៏ឈឺចាប់នេះ នាងបានរៀបរាប់ប្រាប់ថា៖

«នៅគ្រានោះ ខ្ញុំគិតថាខ្លួនខ្ញុំប្រហែលជានឹងត្រូវគេចាប់រំលោភ និងសម្លាប់ផងមិនដឹង បើសិនជាខ្ញុំមិនព្រមធ្វើតាមពួកគេ។ ដូច្នេះខ្ញុំមានតែបង្ខំចិត្តបន្តធ្វើវា ដើម្បីរួចជីវិតបានចេញពីទីនោះ។ ខ្ញុំប្រឹងញញឹម នៅពេលដែលពួកគេបញ្ជាខ្ញុំឲ្យញញឹម ខ្ញុំផ្គុំដៃធ្វើជារាងបេះដូង នៅពេលដែលពួកគេបញ្ជាខ្ញុំឲ្យធ្វើបែបនោះ អ្វីៗខ្ញុំស្តាប់តាមពួកគេទាំងអស់ ទាំងពួកគេឲ្យខ្ញុំកន្ធែកជើងឲ្យធំ លានអណ្តាតចេញមកក្រៅ ដៃកាន់ដើមទ្រូង (សុដន់) ស្ទាយទាញខោទ្រនាប់ សព្វគ្រប់បែបយ៉ាង ដែលពួកគេបញ្ជាខ្ញុំឲ្យធ្វើ» ។

Yang បន្តទាំងទឹកភ្នែករហាមទៀតថា៖

«ខ្ញុំរន្ធត់ចិត្តស្ទើរតែស្ទះដង្ហើមទៅហើយ សូម្បីតែដៃរបស់ខ្ញុំក៏ញ័រអស់ដែរ ស្របពេលដែលទឹកភ្នែករបស់ខ្ញុំស្រក់រមៀលចុះ ប្រៀបបីដូចជាសុបិនដ៏អាក្រក់មួយ ដែលកំពុងតែកើតឡើងលើរូបខ្ញុំ។ សូមជួយខ្ញុំផង! សូមអ្នកទាំងអស់គ្នាជួយចែករំលែកវីដេអូឃ្លីបនេះ ទៅកាន់មនុស្សដែលអ្នកស្គាល់ និងដឹងពីរឿងរ៉ាវទាំងអស់នេះដែលបានកើតឡើង ដើម្បីជួយដល់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀត រួមទាំងខ្ញុំម្នាក់ផងដែរ។ សូមជួយខ្ញុំផង សូមអង្វរ!» ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបដែល Yang បង្ហោះនោះ នាងបានដាក់ចំណងជើងថា «ខ្ញុំគឺជាជនរងគ្រោះនៃឧក្រិដ្ឋកម្មផ្លូវភេទ សូមស្ដាប់រឿងរបស់ខ្ញុំផង» ដោយទទួលបានអ្នកចុចចូលមើល យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយត្រឹមរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ ជាង ២,៩លានដងឯណោះ។

ក្នុងនោះ នាងក៏បានទទួលការលើកទឹកចិត្តជាច្រើន ពីសំណាក់លេងបណ្តាញសង្គម និងគាំទ្រចំពោះភាពក្លាហានរបស់នាង ដែលបានលាតត្រដាងពីការពិតឲ្យគ្រប់គ្នាបានដឹង។ ហើយពួកគេក៏សង្ឃឹមថា នឹងមានវិធានការតាមផ្លូវច្បាប់ជួយដល់នាង ចំពោះក្រុមសង្គមងងឹតនោះផងដែរ។

ជាពិសេស ក្នុងនោះក៏មានតារាចម្រៀងស្រី សមាជិកក្រុម Miss A ម្នាក់ គឺនាង Suzy បានបញ្ចេញមតិ (Comment) លើកទឹកចិត្តដល់នាងផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ eykormean.com