ទូតកម្ពុជានៅកូរ៉េ ជួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េថ្មី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ
នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និងទីប្រឹក្សាការងារ បានជួបពិភាក្សាការងារជាមួយលោក KIM DONG MAN ប្រធានទីភ្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មីដែលទើបទទួលមុខតំណែង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអាណត្តិរបស់លោក។
ក្នុងនោះលោកឯកអគ្គរាជទូតបានស្នើសុំដល់ HRD-Korea ៖
១. បន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង
២. ផ្តល់ការសម្របសម្រួលដល់អាជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរដែលបានធ្វើតេស្តឃើញសារធាតុហាមឃាត់។
៣. បង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេសនៅតាមតំបន់តូចៗដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់ពលករខ្មែរ និងពលករបរទេស។
ជាលទ្ធផលប្រធានទីភ្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េនិងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង ហើយនិងដោះស្រាយបញ្ហាលំបាកមួយចំនួនដែលបងប្អូនជួបប្រទះ ហើយនឹងទទួលយកសំណើរបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។
ករណីពេលដែលពិនិត្យសុខភាពពលករឃើញមានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយនឹងការយកថ្នាំដែលបងប្អូនលេបមុនចេញដំណើរមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។
ស្ថានទូតនឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីការសម្រេចរបស់អជ្ញាធរអន្តោប្រវេសន៍កូរ៉េពេលទទួលបានលទ្ធផល ហើយក៏សូមឆ្លៀតឱកាសនេះអំពាវនាវសូមឲ្យបងប្អូនដែលត្រៀមចេញមកកូរ៉េក្រោយប្រលងជាប់ហើយ មេត្តាកុំប្រើប្រាស់ថ្នាំផ្តេសផ្តាសដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះការផ្សំថ្នាំផ្តាសាយខ្លះវានឹងអាចមានសារជាតិខ្លះដែលនៅកូរ៉េគេហាមឃាត់៕