ព្រះបរមរាជវាំង បានប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិកដែលបានប្រើប្រាស់បណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ
(ភ្នំពេញ)៖ ព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម មានឈ្មោះ «ព្រះបរមរាជវាំង Royal Palace Of Cambodia» និង «យុវជនក្រោមម្លប់ព្រះមហាក្សត្រ» ដែលបានចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គ ព្រះមហាក្សត្រ មិនមែននរណារំលោភបំពានបានឡើយ»។
តាមរយៈសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា៖ «អាស្រ័យលើតួរនារីដ៏ឧត្តុងឧត្តមខាងលើនេះ សង្គមជាតិកម្ពុជាទាំងមូល កំពុងទទួលបានសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបសរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការចំពោះបណ្ដាញទំនាក់ទំនងសង្គមខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំងឡើយ»។
ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្ររាជាណាចក្រកម្ពុជា៕