សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅក្រុមប្រឆាំងដែលថា កម្ពុជាជាកង្កែបនៅក្នុងអណ្តូង
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅក្រុមប្រឆាំងដែលថា កម្ពុជាជាកង្កែបនៅក្នុងអណ្តូងថា «អ្នកនៅក្រៅអណ្តូងមិនបានមើលឃើញការអភិវឌ្ឍនៅក្នុងអណ្តូងនោះទេ ដូច្នេះយើងត្រូវមានមោទនភាពចំពោះកម្ពុជា។ កម្ពុជាមិនចាំបាច់ប្រៀបធៀបជាមួយប្រទេសផ្សេងទេ ប៉ុន្តែកម្ពុជាត្រូវប្រៀបធៀបជាមួយខ្លួនឯង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គ្មានអ្នកណាឱ្យតម្លៃសមិទ្ធផលនៅប្រទេសកម្ពុជាជាងប្រជាពលរដ្ឋខ្មែរយើងនោះទេ ដូច្នេះសូមកុំដើរបង្អាប់ប្រទេសខ្លួនឯង សូមលើកប្រទេសខ្លួនឯងខ្លះផង។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចបានថ្លែងបន្តថា យើងនឹងបន្តធ្វើបន្តទៅទៀត ពីអត់មកមាន ពីមានតិចទៅមានច្រើន៕