ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 52
ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ? ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?

សៀមរាប៖ តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃ ប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញជាតិមួយរូប ដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួសចាប់ពីឆ្នាំ២០០០មក ទល់នឹងបច្ចុប្បន្ន បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែមិថុនា ឆ្នាំ២០១៨ថា ប្រាសាទក្នុងតំបន់រលួសដែលទទួលបានការជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ព័ន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។

១. ការជួសជុលប្រាសាទលលៃ

ការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។

២. ការជួសជុលប្រាសាទព្រះគោ

ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។

៣. ការជួសជុលប្រាសាទបាគង

ប្រាសាទបាគងដូចទៅនឹងប្រាសាទផ្សេងទៀតដែរក្នុងតំបន់រលួស គឺប្រាសាទភាគច្រើនសង់ពីដីឥដ្ឋ។ ការងារជួសជុលនៅប្រាសាទនេះ គឺបានជួសជុលប្រាង្គធំនៅជ្រុងពាយ័ព្យ ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការអាឡឺម៉ង់ GACP ដែលបានបញ្ចប់នៅដើមឆ្នាំ២០១៨។ បច្ចុប្បន្ន គម្រោងកំពុងបន្តជួសជុលប្រាង្គលេខ៨ ដែលជាប្រាសាទឥដ្ឋ ហើយនេះជាការងារមួយដ៏ធំសម្រាប់អាជ្ញាធរជាតិអប្សរា ដែលត្រូវការទាំងពេលវេលា និងថវិកា ដោយសារនៅទីតាំងនោះមានផ្តែធំមួយបានធ្លាក់នៅឆ្នាំ២០១០។ បច្ចុប្បន្នផ្តែនោះបានជួសជុលរួចរាល់ ហើយយើងនឹងរៀបចំឱ្យមានឡើងវិញ។

បើតាមអ្នកជំនាញការងារជួសជុលប្រាសាទ លោក តាន់ សុផល ការជួសជុលប្រាសាទក្នុងតំបន់រលួស មានជួបបញ្ហាមួយចំនួនផងដែរ។ លោកបញ្ជាក់ថា អ្នកបច្ចេកទេស ត្រូវគិតគូរឱ្យបានល្អិតល្អន់លើផ្នែកអ្វីមួយ ដូចជារចនាសម្ព័ន្ធ គឺការជួសជុលត្រូវគោរពទៅតាមទម្រង់ដើម ទាំងសោភណ្ឌភាព និងភាពរឹងមាំ គឺត្រូវបញ្ចូលធាតុផ្សំទាំងនេះតែមួយ ទើបការងារជួសជុលទទួលបានជោគជ័យ និងមានភាពយូរអង្វែង៕