សំណុំរឿង ដុតបំផ្លាញទ្រព្យសម្បត្តិ(ឡាន)នៅខេត្ដត្បូងឃ្មុំ សមត្ថកិច្ចបាននិងកំពុងចាត់វិធានការ និងបន្តនីតិវិធី មិនបានទុកសំណុំរឿងចោលឥតដោះស្រាយនោះទេ
សំណុំរឿង ដុតបំផ្លាញទ្រព្យសម្បត្តិ(ឡានford មួយគ្រឿង ពណ៌ស សេរី019 និងទូរស័ព្ទ) នៅខេត្ដត្បូងឃ្មុំ សមត្ថកិច្ចបាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនបានទុកសំណុំឯកសារ ឬពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចោលឥតដោះស្រាយនោះទេ។ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
តាមសេចក្ដីបំភ្លឺនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពាក់ព័ន្ធការបង្ហោះនៅក្នុងបណ្តាញ ប្រព័ន្ធទំនាក់ទំនងសង្គមតិកតុក (TikTok) ដោយគណនីឈ្មោះ តៃកុងឡានស្រីវ័យក្មេង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថាសមត្ថកិច្ចអធិការស្រុកត្បូងឃ្មុំ មិនរកដំណោះស្រាយ និងមិនបានបញ្ជូនសំណុំរឿងទៅតុលាការ ជុំវិញករណីដុតបំផ្លាញទ្រព្យសម្បត្ដិនោះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាក់ថា បានចាត់វិធានការភ្លាមៗ និងកំពុងបន្តនីតិវិធី។
សេចក្ដីបំភ្លឺដដែល ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅថ្ងៃទី ២៨ ០៤ ២០២៤ នៅចំណុចលើផ្លូវលំ ភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិតជាមានករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ពិតប្រាកដមែន។ មូលហេតុទំនាស់ពាក្យសម្តី ក្នុងពេលធ្វើដំណើរក្នុងរថយន្តតែមួយ ឈានដល់ការប្រើអំពើហិង្សា (ទៅវិញទៅមក)បណ្តាលឱ្យស្ត្រីឈ្មោះ ម៉ាត់ ម៉ារីយ៉ ធ្លាក់ឈាម(មានផ្ទៃពោះ) ក្រោយមកមាន បងប្អូនរបស់ឈ្មោះ ម៉ាត់ ម៉ារីយ៉ា មានគ្នាចំនួន០៣នាក់ មកជួយដេញវាយឈ្មោះ សំ ស៊ាត បណ្តាលឱ្យមានរបួស និងរត់ចោលរថយន្ត បន្ទាប់មកឈ្មោះម៉ាត់ ម៉ារីយ៉ា បានយកសាំងមកចាក់ ដុតរថយន្តខាងលើបណ្តាលឱ្យឆេះខូចខាតទាំងស្រុង ។
ស្នងការដ្ឋាននគរបាលខេត្តបានបន្ដថា កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអង្កេត ស្រាវជ្រាវជុំវិញហេតុការណ៍ដែលបានកើតឡើង ក្នុងនោះផងដែរ អធិការដ្ឋាននគរបាលស្រុក បានកសាងសំណុំរឿងនៅថ្ងៃទី ១៩ ០៥ ២០២៤ និងបញ្ជូនបន្តមកជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យនឹងបញ្ជូនបន្តទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធី។
ជាថ្មីម្ដងទៀត ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបញ្ជាក់បន្ថែមថា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មិនបានទុកសំណុំឯកសារ ឬពាក្យបណ្តឹងចោលនោះទេ ក្នុងតួនាទីភារកិច្ចទទួលខុសត្រូវនគរបាលតែងតែយកចិត្តទុកដាក់ធ្វើការស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធអង្គហេតុអង្គច្បាប់ទៅតាមនីតិវិធី និងជំនាញ៕




