ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លោក គង់ សភា និងសម្របសម្រួលតាមនីតិវិធីច្បាប់ ដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបាន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 46

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្តេចធិបតីបានទទួលនូវលិខិតសូមអភ័យទោសរបស់លោក គង់ សភា អតីតតំណាងរាស្រ្តមកពីអតីតគណបក្សសង្រ្គោះជាតិ និងបានប្រកាសស្វាគមន៍រូបលោកវិញផងដែរ។

នៅក្នុងការប្រកាសស្វាគមន៍នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចនឹងចាត់ចែងសម្របសម្រួលតាមនីតិវិធីច្បាប់ដើម្បីឱ្យលោក គង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបាន។

ខ្លឹមសារនៅក្នុងបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចធិបតីដដែល បានបង្ហោះសារថា៖ «
ជូនចំពោះលោក គង់ សភា
ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួបសន្ទនាជាមួយគ្នានៅពេលខាងមុខ»។

សូមបញ្ជាក់ថា លោក គង់ សភា អតីតតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ តាមរយៈលិខិតមួយនាពេលថ្មីៗនេះ បានទទួលស្គាល់កំហុស ហើយបានស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលត្រឡប់មកកាន់ខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា៕

អត្ថបទទាក់ទង