ខ្មែរប៉ុស្ដិ៍ Close

កម្មពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោរយៈពេល៥ថ្ងៃ នៅខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកជាផ្លូវការ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 68

នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធានមន្ទីរពាក់ព័ន្ធ ក្រុមអ្នកវិនិយោគជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ។

នៅក្នុងឱកាសបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឯកឧត្តម គួច ចំរើន បានថ្លែងថា ទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ហើយការបង្កើតនូវព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណង៖

១. បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន និងស្នាក់នៅកាន់តែយូរថ្ងៃ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
២. ជំរុញការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ។
៣. ជំរុញការផ្សព្វផ្សាយនិងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។
៤. ពង្រឹងកិច្ចសហប្រតិបត្តិការ ជម្រុញការវិនិយោគផ្នែកទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម ថៃ ឱ្យកាន់តែរីកចម្រើន។

នៅក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ក៏មានផងដែរការតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈ ការបង្ហាញពីសកម្មភាពវប្បធម៌ផ្សេងៗ កិច្ចប្រជុំស្ដីពីការជំរុញការវិនិយោគនិងទេសចរណ៍តាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤។

តាមរយៈនៃការរៀបចំ ពិពរណ៍ទេសចរណ៍និងពាណិជ្ជកម្ម ឆ្នាំ២០២៤ នៅលើទឹកដីខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ពិពរណ៍នេះនឹងជួយជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកលូតលាស់ ជំរុញកំណើនសេដ្ឋកិច្ចខេត្ត ក៏ដូចនៅក្នុងប្រទេសកម្ពុជាទាំងមូល ព្រោះវិស័យទេសចរណ៍ មានតួនាទីក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពល្អប្រសើរទៀតផង។

ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ អ្វីដែលជាការសោកស្តាយខ្លាំងបំផុតនោះ គឺការរីកចម្រើននៃវិស័យនេះត្រូវបានបង្អាក់ស្ទើតែទាំងស្រុងក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅទូទាំងសកលលោក ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ទិត ចន្ថា បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍និងពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយជំរុញនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ការវិនិយោគពីគ្រប់មជ្ឈដ្ឋាន ពិសេសគឺធុរកិច្ចជន និងវិនិយោគិនមកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំង៣ «កម្ពុជា-ថៃ-វៀតណាម»។

គួរបញ្ជាក់ថា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ត្រូវបានប្រារព្ធជាលើកដំបូងនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកចុងក្រោយនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍ក្នុងខេត្តជាប់ឆ្នេរសមុទ្រ ប្រទេសទាំង៣ ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប (កម្ពុជា) នៅខេត្តកាម៉ៅ និងគៀងយ៉ាងរបស់វៀតណាម ព្រមទាំងខេត្តឈុនបុរី រ៉ាក់យ៉ង ចន្ទបុរី និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ៕

អត្ថបទទាក់ទង