ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 55

នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍កន្លងមក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត ដែលប្រការនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្តា្រលី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងបានជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានីស៊ី ថា កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត។ ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្រ្តាលី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្តេចបានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទទាក់ទង