ខ្មែរប៉ុស្ដិ៍ Close

បន្ទាប់ពីតវ៉ាគ្មានដំណោះស្រាយ៖ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកនឹងប្តឹងទៅតុលាការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
បន្ទាប់ពីតវ៉ាគ្មានដំណោះស្រាយ៖ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកនឹងប្តឹងទៅតុលាការ បន្ទាប់ពីតវ៉ាគ្មានដំណោះស្រាយ៖ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកនឹងប្តឹងទៅតុលាការ

ភ្នំពេញៈ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានបញ្ឈប់ពីការងារចំនួន៣២នាក់ បានអះអាង ពួកគាត់នឹងដាក់ពាក្យប្តឹងស្ថានទូតអាមេរិកទៅតុលាការដើម្បីរកយុត្តិធម៌ ពាក់ព័ន្ធការចោទប្រកាន់ដោយគ្មានភស្តុតាង និងការគំរាមកំហែង។ ការគ្រោងដាក់ពាក្យប្តឹងនេះ គឺបន្ទាប់ពីពួកគាត់បានធ្វើការតវ៉ានៅមុខស្ថានសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ដោយមិនទទួលបានដំណោះស្រាយ។
បន្ទាប់ពីធ្វើការតវ៉ាពេញមួយព្រឹក ក្រុមអ្នកតវ៉ាបានរំសាយ និងភាគីខាងស្ថានទូតអាមេរិក ពុំមានមន្ត្រីណាម្នាក់ចេញមកជួបជាមួយក្រុមអ្នកតវ៉ានោះទេ។


ជាមួយនិងការតវ៉ានេះ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកបានព្រមានថា នឹងដាក់ពាក្យ ប្តឹងស្ថានទូតអាមេរិកទៅតុលាការ ពាក់ព័ន្ធការដកហូតទូរស័ព្ទរបស់ពួកគាត់ទុក និងបានបាត់ឯកសារនៅក្នុងទូរស័ព្ទ។
លោកឡុង សេងគីមហុង អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកបានបញ្ជាក់ថា ស្ថានទូតអាមេរិកធ្វើនេះ គឺបំពានមកលើអតីតបុគ្គលិកសន្តិសុខស្ថានទូត ហេតុនេះពួកគាត់នឹងប្តឹងទៅតុលាការ គឺពាក់ព័ន្ធការនិយាយមើលងាយប្រជាពលរដ្ឋខ្មែរ និងការចោទប្រកាន់គ្មានភស្តុតាងមកលើពួកគាត់ រួមទាំងការគំរាមកំហែង និងការក្លែងឯកសារ។ ដោយលោកបានបញ្ចាក់ថា “គេធ្វើអ្វីៗ គឺធ្វើបំពានមកលើយើង ហើយយើងនឹងប្តឹងទៅតុលាការ គឺនិយាយមើលងាយប្រជាពលរដ្ឋ (ពេលបញ្ឈប់ តើអ្នកឯងវេទនាប៉ុណ្ណា គ្រួសារអ្នកឯងបានអីស៊ី) និងការគំរាមកំហែង។ ហើយការចោទប្រកាន់ដោយគ្មានភស្តុតាង ពួកខ្ញុំអត់យល់ព្រមជាដាច់ខាត”។


ទាក់ទងការតវ៉ានេះ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកទាមទារ៧ដូចជាៈ
១. ទាមទាររកយុត្តិធម៌ពីការបញ្ឈប់ពួកគាត់ពីការងារដោយបង្ខំ និងមិនបង្ហាញភស្តុតាង។

២. ទាមទារកែពាក្យពីបណ្តេញចេញមកជាការកាត់បន្ថយបុគ្គលិកវិញ។

៣. សូមប្តឹងពីបទល្មើសរំលោភសិទ្ធិបុគ្គលដោយដកហូតយកទូរស័ព្ទទៅឆែករកមើលរូបភាពនិងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរស័ព្ទមួយចំនួនទៅរក្សាទុកមួយរយៈទៀតផង។

៤. ទាមទារសំណង៦ខែទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។

៥. សូមទូទាត់លុយមូលនិធិឧបត្ថម្ភ (ប្រាក់១២%) ក្នុងខែនេះតែម្តង ព្រោះរយៈពពេលបីខែមកហើយ មិនទាន់ទូទាត់ឲ្យទេ។

៦. សូមប្តឹងទាមទារសំណងលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស ដោយសារតែការចោទប្រកាន់គ្មានភស្តុតាង។

៧. សូមអោយសហគមន៍បុគ្គលិកខ្មែរមានសិទ្ធិចូលរួមរាល់បញ្ហាការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពអយុត្តិធម៌ និងមិនត្រឹមត្រូវតាមច្បាប់នៃសៀវភៅការងារ។

អត្ថបទទាក់ទង