សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតជាវិធីសាស្រ្តតែមួយគត់ក្នុងការជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យដែលអាចរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋ
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោត គឺជាវិធីសាស្រ្តតែមួយគត់ក្នុងការជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យ ដែលអាចរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា យើងបានសង្កេតឃើញថា ការដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារ បានធ្វើឱ្យប្រទេសជាតិយើង ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមជាបន្តបន្ទាប់។ សម្តេចធិបតី បានមានប្រសាសន៍បន្តថា កម្ពុជា បានរៀបចំការបោះឆ្នោតយ៉ាងទៀតទាត់រៀងរាល់៥ឆ្នាំម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបន្តកើនឡើងឥតឈប់ឈរ ពិសេសការគាំទ្រ តាមរយៈការចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង៨២% នៃចំនួនអ្នកបោះឆ្នោតសរុប៕