ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកសាងស្ពាន ផ្លូវ ឱ្យបានច្រើន ដើម្បីសម្រួលចរាចរណ៍ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 69

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅតំបន់ច្បារអំពៅមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការកកស្ទះចរាចរណ៍កើតមានជាញឹកញាប់ ធ្វើឱ្យខាតបង់ថវិកានិងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីបច្ចុប្បន្នមានស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោងក្រុងតាខ្មៅ រួមជាមួយស្ពានកោះពេជ្រឆ្លងទៅកោះនរា ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២៣ ក៏ដោយ ក៏នៅមិនទាន់អាចបំពេញតម្រូវការនៃកំណើនប្រជាជន និងយានយន្តនៅតំបន់នោះឱ្យបានទាំងស្រុងនៅឡើយទេ។

នាឱកាសនោះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា ដោយសារកំណើននិងបញ្ហាកកស្ទះចរាចរណ៍នេះហើយ ទើបរាជរដ្ឋាភិបាលត្រូវរិះរកវិធីសាស្ត្រ និងមធ្យោបាយរំដោះសម្រួលបញ្ហាកកស្ទះចរាចរណ៍នេះជាបន្តបន្ទាប់ តួយ៉ាងដូចការបើកការដ្ឋានសាងសង់នៅថ្ងៃនេះជាដើម។ ការបើកការដ្ឋាននៅថ្ងៃនេះ មិនមែនសម្រាប់តែប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីត្រើយខាងកើតទៅកាន់ត្រើយខាងលិច បានឆាប់រហ័ស និងមានសុវត្ថិភាព៕

អត្ថបទទាក់ទង