ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡា ពិតជារស់នៅក្នុងសន្តិភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 67
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡា ពិតជារស់នៅក្នុងសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡា ពិតជារស់នៅក្នុងសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការជ្រើសរើសយកពាក្យស្លោក “កីឡារស់នៅក្នុងសន្តិភាព” នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ គឺពិតជាត្រឹមត្រូវ។ បើតាមសម្តេចធិបតី ប្រសិនបើប្រទេសកម្ពុជាគ្មានសន្តិភាពទេ កម្ពុជាក៏មិនអាចរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះបានដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញថា គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះពិតជាងាយណាស់ដែលត្រូវបានគេមើលរំលង។ ជាក់ស្តែងដោយសារសង្គ្រាមស៊ីវិលប៉ុន្មានទសវត្សរ៍មុននេះ កម្ពុជាធ្លាប់តែរុងរឿង ហើយធ្លាប់ទាំងបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ហ្គាដេហ្វូលើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនៅឆ្នាំ១៩៦៦ ក្នុងសម័យសង្គមរាស្រ្តនិយម បានវិនាសខ្ទេចខ្ទាំ បានក្លាយជាវាលពិឃាតដ៏គួរឲ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់យើងបានបង់ស្ទើរតែទាំងស្រុង កីឡាករ កីឡាការិនីយើងស្ទើរតែទាំងអស់ត្រូវបានបាត់បង់ជីវិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ក្រោយប្រទេសជាតិត្រូវបានរំដោះចេញពីសង្គ្រាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាចាំបាច់ត្រូវខិតខំប្រមែប្រមូលអតីតកីឡាករ កីឡាការិនី ដែលរួចផុតពីការកាប់សម្លាប់ចូលមកបម្រើការងារ និងស្តារវិស័យកីឡាឡើងវិញ រហូតដល់មានធនធាន មានអត្តពលិក និងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញក្នុងការប្រកួតព្រឹត្តិការណ៍កីឡាកម្រិតជាតិ តំបន់ និងអូរឡាំពិក ដូចសព្វថ្ងៃនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងន័យនេះ បើគ្មានសុខសន្តិភាពដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ស្ថាបនិកមគ្គុទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះគ្រប់រូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ យើងក៏ថ្ងៃដែលយើងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិបានដែរ។ ប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយយើងដែលជាអ្នកជំនាន់ក្រោយក៏ប្រហែលជាមិនអាចរស់រានប្រកបដោយសុភមង្គល ហើយអាចលេងកីឡា ឬទស្សនាកីឡាយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះទេ ដូច្នេះ កីឡា ពិតជារស់នៅក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក្តី៕

 

អត្ថបទទាក់ទង