ខ្មែរប៉ុស្ដិ៍ Close

ពិធីម្ពោធបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 54

នៅសល់ប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ គឺនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។

ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង ២ភាគរយហើយ។

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖
-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។

– ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕

អត្ថបទទាក់ទង