ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 83

នៅរសៀលថ្ងៃអង្គារ ទី២៣ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន។

ក្រសួងព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោត​ទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនា​វដ្តី រូប​ថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវា​កម្មនានា​ដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈកិច្ចពិភាក្សាក្នុងសន្និបាតនេះ បានផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកាន់តែល្អប្រសើរ។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរដល់ការដឹកនាំវិស័យព័ត៌មានរបស់រដ្ឋមន្ត្រីថ្មី និងសម្តែងការដឹងគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានខិតខំដឹកនាំវិស័យព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រក្រសួងព័ត៌មាន ដែលមានចក្ខុវិស័យធ្វើកំណែទម្រង់វិស័យព័ត៌មាន ឈរលើស្មារតី «ថ្មី ពិត លឿន និងជឿទុកចិត្ត»។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលំអរសង្គម
    និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហា។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីថែរក្សាតម្លៃសារព័ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គស្នងការនគរបាលជាតិ ពិនិត្យ រឹតបន្តឹងឡើងវិញ លើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបញ្ឈប់សកម្មភាពគាស់ប៊ីយៀផឹកលើវេទិកា។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាធិបតេយ្យ ដែលអត់មានច្បាប់ នឹងក្លាយទៅជាអនាធិបតេយ្យ។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ពាក់ព័ន្ធសារព័ត៌មានបង្កើតឡើង ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការបារម្ភចំពោះ AI ដែលអាចបង្កើតទៅជាបញ្ហាក្នុងសង្គម។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនដឹងគ្រប់សព្វនោះទេ ដូច្នេះត្រូវការសារព័ត៌មានជួយបំពេញបន្ថែម។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិបាលរាជធានី-ខេត្ត មិនទាន់ស្រុះគ្នាឆ្លើយតបនឹងបញ្ហានៅឡើយទេ។ រឿងខ្លះអណ្តែតលើបណ្តាញព័ត៌មានយូរហើយ មិនដោះស្រាយ ទាល់តែណែនាំទើបចាត់វិធានការ។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានក្រុមការងារពិសេសផ្នែកផ្សព្វផ្សាយ ដើម្បីជួយដល់ការផ្សាយរបស់រាជធានី ខេត្ត។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងអវិជ្ជមាន គេចេះវេចខ្ចប់ធ្វើឱ្យមានការចាប់អារម្មណ៍ ដោយឡែករឿងវិជ្ជមានអត់ចេះវេចខ្ចប់ឱ្យគេចាប់អារម្មណ៍។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិបាលរាជធានី-ខេត្ត មានឱកាសបង្កើតស្នាដៃ តែត្រូវផ្សព្វផ្សាយស្នាដៃឱ្យពលរដ្ឋដឹងឮផង៕

Fresh News

អត្ថបទទាក់ទង