ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ 57
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ

ការកសាងផ្លូវនិងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែល សម្តេចតេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តយកនូវគោលនយោបាយនេះផងដែរ។

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០ ២៤នេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញមួយខ្សែទៀត បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋាន សាងសង់ស្ពានមួយខ្សែនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនចរាចរណ៍កើនឡើងយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលរយៈពេលជាង​៤០ឆ្នាំមកនេះ គឺការលុបបំបាត់ភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបិទបញ្ចប់ភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍន៍។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជួយឱ្យការធ្វើដំណើរ​ប្រជា​ពលរដ្ឋកាន់តែងាយស្រួល កាន់តែលឿន កាត់បន្ថយពេលវេលាធ្វើដំណើរ។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្មានផែនការកំណត់ពិដានពលរដ្ឋនោះឡើយ។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងក្នុងការបញ្ចប់សង្គ្រាម ហើយសាងសុខសន្តិភាព។ ដូច្នេះទោះតម្លៃណាក៏ដោយត្រូវតែរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពទាំងពេលបច្ចុប្បន្ន ទៅអនាគត។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មានផ្លូវកាន់តែច្រើន ក្តីសង្ឃឹមក៏កាន់តែច្រើន។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនដកថយនោះឡើយ។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវ ដូចសរសៃឈាមអ៊ីចឹង ផ្លូវទៅដល់ទីណា ជួយចិញ្ចឹមសរីរាង្គនៅទីនោះ។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវមិនមែនប្រើសម្រាប់តែការធ្វើចំណាកស្រុកប៉ុណ្ណោះទេ តែផ្លូវបានរួមចំណែករុញរោងចក្រ និងការងារជូនប្រជាពលរដ្ឋ។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន២៥ស្ពាន។ ក្នុងនោះ ស្ពានចំនួន១៩ ធ្វើរួចរាល់, ៣ស្ពានកំពុងសាងសង់ និង៣ស្ពានទៀត កំពុងសិក្សា។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លែងណាធ្វើផ្លូវ បង្ហាញថា កន្លែងណុងមានប្រជាពលរដ្ឋ មានការអភិវឌ្ឍន៍។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល គ្មានផែនការរើរាជធានី ចេញពីភ្នំពេញនោះឡើយ។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល គ្មានផែនការហាមប្រជាពលរដ្ឋយកកូន និងហាមពលរដ្ឋក្នុងការទិញយានយន្តនោះឡើយ។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវក្នុងរាជធានីភ្នំពេញ មិនអាចពង្រីកបានទៀតនោះឡើយ។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជនីភ្នំពេញ ត្រៀមរៀបចំបញ្ចេញរថយន្តដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆតារបស់កម្ពុជា មិនត្រឹមតែសាងសង់ផ្លូវប៉ុណ្ណោះទេ គឺសាងសង់ដោយខ្លួនឯងថែមទៀត តាមរយៈការបណ្តុះបណ្តាលវិស្វករ។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្ន ចិនជួយសាងសង់ស្ពានឆ្លងទន្លេសរុបចំនួន១៦។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសចិន ក្លាយជាប្រទេសលំដាប់ទី១ ផ្តល់ឥណទានសម្បទាន និងជំនួយសម្រាប់ការអភិវឌ្ឍន៍កម្ពុជា។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើរដ្ឋាភិបាលចិន បន្តជួយដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជា «គម្រោងព្រែកជីកតេជោ-ហ្វូណន ផ្លូវរថភ្លើងធុនស្រាល និងផ្លូវក្រោមដី។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានប្រឹងប្រែងប្រើរយៈពេលជាង២០ឆ្នាំ ក្នុងការកសាង​រូប​ភាពកម្ពុជា មានសុខសន្តិភាព និងមានស្ថេរភាព តែមួយរយៈចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វ​ផ្សាយបរទេស និងបញ្ហាមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់រូបភាពស្ថេរភាពរបស់កម្ពុជា។
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានមនុស្ស ព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌីតរឿងអាក្រក់ពីកម្ពុជា តែសម្តេចបានបដិសេធ។
  22. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលយកកម្ពុជាផលិតវីដេអូ ដើម្បីបានអ្នកទស្សនាច្រើន នឹងត្រូវចាត់វិធានការតាមច្បាប់។ ក្រោយចាត់វិធានការច្បាប់ហើយនោះ នឹងត្រូវដេញចេញពីកម្ពុជា។
  23. សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានដល់ជនមានចេតនាអាក្រក់ចំពោះកម្ពុជា កុំចេះតែហ៊ាន។ កម្ពុជា នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនមានចេតនាអាក្រក់។
  24. សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ឆ្នាំផ្លាស់ប្តូរប្រជាពលរដ្ឋកម្ពុជា-ចិន នៅឆ្នាំ២០២៤ នឹងក្លាយជាចំណែកបន្សាបនូវព័ត៌មានខុសពីការពិតទាំងឡាយនាពេលកន្លងមក។
  25. សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកបើកបរកុំខ្លាចរឿងនគរបាលចាប់ ត្រូវមានស្មារតីគោរពច្បាប់បើកបរមិនលើសល្បឿន បើកបរមិនប្រើគ្រឿងស្រវឹង។
  26. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺអ្នកបើកបរ បើកបរដោយស្មារតីទទួលខុសត្រូវ យោគយល់អធ្យាស្រ័យ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។
  27. សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំព្យាយាមគេចខ្លួន ត្រូវចូលខ្លួនទទួលខុសត្រូវ។
  28. សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកដឹកជញ្ជូនកុំដឹកលើសទម្ងន់កំណត់ និងពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ៕

Fresh News

អត្ថបទទាក់ទង