ខ្មែរប៉ុស្ដិ៍ Close

លោក ប៉ែន បូណា៖ ៣ខែរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលហួសការរំពឹងទុក និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ ឈានទៅសម្រេចគោលដៅប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 49
លោក ប៉ែន បូណា៖ ៣ខែរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលហួសការរំពឹងទុក និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ ឈានទៅសម្រេចគោលដៅប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ លោក ប៉ែន បូណា៖ ៣ខែរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលហួសការរំពឹងទុក និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ ឈានទៅសម្រេចគោលដៅប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល ៣ខែគត់​នៃការ​ចាប់​ផ្តើម​បំពេញ​ការ​ងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោក ប៉ែន បូណា រដ្ឋ​មន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈ​ពេល​​៣ខែនេះ រាជរដ្ឋា​ភិបាល​ដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចការងារ​លើសពីការ​រំពឹង​ទុក។

តាមរយៈសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ លោក ប៉ែន បូណា បានគូស​រំលេច​ឱ្យឃើញនូវ​សមិទ្ធផល​ធំៗ​ចំនួន​៣ ដែលរាជរដ្ឋា​ភិបាល​សម្រេចបានក្នុងរយៈពេល៣ខែនេះ។ ការងារធំទាំង៣នោះ រួមមាន៖ ការរក្សាបាននូវសន្តិភាព ស្ថិរ ភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរ​ការជា​ប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការ​អភិវឌ្ឍន៍​, ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើនយោបាយអាទិភាពទាំង៦ ដែលផ្តល់ការយក ចិត្តទុក​ដាក់​ខ្ពស់​ទៅលើ​សុខភាព ការងារយុវជន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, លើកកម្ពស់​កម្មវិធី​ជាតិជំនួយសង្គម, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ពាក់ព័ន្ធសុខសន្តិភាពនេះ លោក ប៉ែន បូណា បានគូសរំលេចថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​​សម្តេច​ធិប​តី ហ៊ុន ម៉ាណែត គឺធានាប្រប្រតីភាពគ្រប់យ៉ាង និងធា​នា​ការ​ពារ​សមិទ្ធផល​ទាំងឡាយដែលរាជ​រដ្ឋា​ភិ​បាល​​សម្តេចតេជោ ហ៊ុន សែន កសាងឡើង​មិន​ឱ្យ​បានត់បង់ ឬមិនមិនឱ្យសូម្បីតែការប្រែប្រួល​ជាអវិជ្ជ​មាន​ណាមួយឡើយ។ នេះជាសមិទ្ធផលធំធេងដំបូងបង្អស់ដែលគេមិនត្រូវមើលរំលង​ពីព្រោះប្រវត្តិសាស្ត្របាន​បង្ហាញ​ហើយថា កម្ពុជាពេលផ្លាស់ប្តូរអ្នកដឹកនាំម្តងៗ តើប្រទេសជាតិជួបអ្វីខ្លះ? សង្គ្រាម បែកបាក់ កាប់​សម្លាប់ សងសឹក… តែការផ្លាស់ប្តូរមេដឹកនាំលើកនេះ ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលរក្សាបាន​សុខ​សន្តិភាព ស្ថេរភាពសង្គម ក៏ដូចជាការអភិវឌ្ឍន៍។

ក្រៅតែពីបង្ហាញនូវសមិទ្ធផលសន្តិភាពហើយនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា ក៏បានគូសរំលេចផងដែរនូវសមិទ្ធផលនៃការអនុវត្តន៍នយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលរួមមាន៖ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ និងការពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្ម។

បើតាមលោក ប៉ែន បូណា ក្រៅតែសមិទ្ធផលបានបង្ហាញខាងលើនេះ រាជរដ្ឋាភិបាលដឹកនាំដោយ​សម្តេច​ធិប​តី ក៏បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ។ បន្ថែមពីលើនេះ សម្តេចធិបតី​នាយក​​រដ្ឋមន្ត្រី បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី តាមរោងចក្រ សហគ្រាស ក្នុងរាជធានី/ខេត្ត ចំនួន ១០លើក សរុបអ្នកចូលរួមជិត ២០ម៉ឺននាក់។ សម្រាប់លោក ប៉ែន បូណា តាមរយៈជំនួបបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះកម្មករ និយោជិតតាមរោងចក្រ សហគ្រាស ហើយដាក់ចេញនូវកិច្ចអន្តរាគមន៍ជាច្រើន ធានាការពារប្រយោជន៍របស់កម្មករ និយោជិត។

បន្ថែមពីលើនេះ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ តាមរយៈវេទិកានេះ សម្តេចធិបតី បានសម្រេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជួយដល់​ផ្នែក​ឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ, ការដឹកជញ្ជូន និងការធ្វើធុរកិច្ចជាដើម។

«ត្រឹមតែ៣ខែ រាជរដ្ឋាភិបាលអណត្តិទី៧ សម្រេចបានលទ្ធផលធំធេងជូនជាតិ និងប្រជាពលរដ្ឋ។ គ្រាន់តែ​ឃើញលទ្ធផលបីខែនេះ យើងប្រាកដជាមានសុទិដ្ឋនិយមយ៉ាងប្រាកដ ប្រជាថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្រេចបានគោលដៅ របស់ខ្លួន យ៉ាងពិតប្រាកដពោល គឺចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលខ្ពស់»។ ជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា។

ក្នុងសន្និសីទបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលនេះ លោក ប៉ែន បូណា បានទាញចំណាប់អារម្មណ៍ឱ្យ​កត់ចំណាំលើចំណុចគន្លឹះដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ឧស្សាហ៍លើកឡើងផងដែរ។ ចំណុចគួរកត់ចំណាំទាំងនោះរួមមាន៖ កុំនិយាយតែមាត់ កុំសរសេរតែលើក្រដាស់ តែត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង, បង្អង់ការពង្រីក តែយកចិត្តទុកដាល់លើការពង្រឹង (ពង្រឹងគុណភាព និងប្រសិទ្ធភាព), កសាងមូលធនមនុស្ស (ចំណេះដឹង សមត្ថភាព សុខភាព និងសីលធម៌)។

តាមរយៈចំណុចខាងលើនេះ គឺបង្ហាញឱ្យឃើញថា សម្តេចធិបតីជាមេដឹកនាំប្រាកដនិយម មានចក្ខុវិស័យវែងឆ្ងាយ និងចង់ឃើញលទ្ធផល ហើយទាំងនេះ គឺជាចំណុចខ្លាំងដែលជាចលករជំរុញឱ្យគោលនយោបាយទាំងឡាយសម្រេចគោលដៅផងដែរ៕

 

អត្ថបទទាក់ទង