ខ្មែរប៉ុស្ដិ៍ Close

ត្រឹម៣០ថ្ងៃសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញលទ្ធផលការងារដ៏លេចធ្លោ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 68
ត្រឹម៣០ថ្ងៃសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញលទ្ធផលការងារដ៏លេចធ្លោ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ត្រឹម៣០ថ្ងៃសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញលទ្ធផលការងារដ៏លេចធ្លោ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ

មកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ មានរយៈពេល៣០ថ្ងៃ ឬមួយខែគត់ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែង​នាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ជា​ពេល​​វេ​លា​កម្ពុជាបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងរយៈជិត៤ទសវត្សរ៍។ ការផ្លាស់ប្តូរតំណែងកំពូលក្នុងស្ថាប័ននីតិ​ប្រតិបត្តិនៅក្នុងបណ្តាប្រទេសនីមួយៗ គឺជារឿងដែលទទួលបានការចាប់អារម្មណ៍បំផុត តែសម្រាប់​កម្ពុជា រឹតតែទទួលការចាប់អារម្មណ៍ខ្ពស់ថែមទៀត ដ្បិតជាការផ្លាស់ប្តូរមួយក្នុងរយៈរហូត​ដល់ទៅ​ជិត ៤០ឆ្នាំ។

ការផ្លាស់អ្នកកាត់ចង្កូតប្រទេសជារឿងចាប់អារម្មណ៍មួយទៅហើយ តែអ្វីធ្វើឱ្យគេកត់សម្គាល់កាន់តែ​ខ្លាំងថែម​ទៀតនោះ គឺការផ្លាស់ប្តូរតំណែងអ្នកទទួលដឹកនាំប្រទេសកម្ពុជា ត្រូវបានធ្វើទៅប្រកបដោយ​​ភាព​ស្រុះស្រួល មិនបង្កឱ្យមានបញ្ហាណាមួយនាំឱ្យរាំងស្ទះដល់ដំណើរការរបស់ជាតិ នាំឱ្យពលរដ្ឋ​ភ័យ​ខ្លាច ប៉ះពាល់ដល់ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដំណើរការសេដ្ឋកិច្ច ឬការវិនិយោគនោះ​ឡើយ​។ សម្រាប់ប្រទេសដែលមានប្រជាធិបតេយ្យរឹងមាំ ប្រហែលជាមិនចម្លែកនោះទេ សម្រាប់ការផ្លាស់​ប្តូរ ដែលមិនមានហេតុការណ៍ណាមួយបង្ករការរាំងស្ទះដល់ប្រក្រតីភាពរបស់រដ្ឋនោះ។ ប៉ុន្តែសម្រាប់ កម្ពុជា ជាប្រទេសដែលមានការបែកបាក់ ហែកហួរដោយភ្លើងសង្គ្រាម ហើយដំណើរប្រជាធិបតេយ្យ​ក្មេងខ្ចី ប្រព័ន្ធគ្រប់គ្រងរដ្ឋមិនទាន់រៀបរយទាំងស្រុងនោះ ការផ្លាស់ប្តូរដោយមិនមានបាតុភាព​អស​កម្ម​​ណាមួយកើតឡើង គឺមិនមែនជារឿងធម្មតានោះឡើយ។

លទ្ធផលនៃការផ្លាស់ប្តូរដោយរក្សាបាននូវស្ថេរភាពសង្គមបែបនេះ អ្នកតាមដានបញ្ហាសង្គម បាន​ផ្តល់តម្លៃខ្ពស់ទៅលើការគិតគូរ និងការរៀបចំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណ​បក្សប្រជាជន និងជាអ្នកសម្រេចចិត្តកំពូលមួយរូបនោះ។ គេបានចាត់សម្តេចតេជោ ហ៊ុន សែន ជា​មេដឹកនាំកំពូលមួយរូប ដែលមានភាបឈ្លាសវៃដ៏អស្ចារ្យលើការរៀបចំ ត្រួសត្រាយ ការសម្រេច​ចិត្ត និងការវាយតម្លៃទៅលើទិដ្ឋភាពទាំងឡាយ។ គេបានចាត់ទុកការរៀបចំចុះពីអំណាចរបស់សម្តេច​តេជោ ហើយរៀបចំអ្នកបន្តវេនដោយរក្សាបានស្ថេរភាពសង្គមបែបនេះ គឺជាជោគជ័យមួយដ៏ធំក្នុង​នាមជាមេដឹកនាំប្រទេស បន្ទាប់ពីជោគជ័យនៃការបង្រួបបង្រួមជាតិ សាងសង់សន្តិភាព និងការ​អភិវឌ្ឍក្នុងនាមជាអ្នកដឹកនាំប្រទេសនោះ។

សូមស្លេះរឿងរៀបចំអ្នកបន្តវេន ក្រឡេកមកពិនិត្យមើលពីការដឹកនាំរដ្ឋរបស់យើងរបស់អ្នកបន្តវេន​វិញ​​ម្តង។ តើរយៈពេលមួយខែនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់​សម្តេចសម្រេចបានលទ្ធផលអ្វីខ្លះសម្រាប់ជាតិ?

រយៈពេលត្រឹមមួយខែ បើយើងនិយាយពីលទ្ធផលហាក់ដូចជាលឿនពេកហើយ។ តែទោះជាយ៉ាង​ណាយើងក៏ឃើញសកម្មភាពការងារមួយចំនួនគួរឱ្យកត់សម្គាល់សម្រាប់រាជរដ្ឋាភិបាលថ្មីនេះ។ រាជរដ្ឋាភិបាលនីតិកាលថ្មី បានដាក់ចេញគោលនយោបាយអាទិភាពរបស់ខ្លួនក្នុងការលើកកម្ពស់​ជីវ​ភាព​របស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងយកឆ្នាំ២០២៣ ជាចំណុចចាប់​ផ្តើមរបស់ខ្លួន ដើម្បីឈានទៅសម្រេចគោលដៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០​៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឈរលើស្មារតីនៃគោលនយោបាយនេះ គេបានសង្កេតឃើញថា បន្ទាប់ពីការបើកសម័យប្រជុំ​គណៈ​រដ្ឋ​មន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣រួចរាល់ភ្លាម សមាជិក សមាជិការាជរដ្ឋាភិ​បាល ដែលជារដ្ឋមន្ត្រីតាមក្រសួងនានា មិនបានបង្អែបង្អង់នោះឡើយ ហើយចុះធ្វើសកម្មភាព​ព្រមៗ​​គ្នាយ៉ាងសស្រាក់សស្រាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល បានប្រកាសបង្ហាញការ​ប្តេជ្ញា​​ចិត្តយ៉ាងមុតមាំថា នឹងមិនធ្វើឱ្យប្រជាពលរដ្ឋដែលសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជា ត្រូវខកបំណងនោះឡើយ។ ក្រោមស្មារតីតម្កល់ប្រយោជន៍របស់ប្រជាពលរដ្ឋជាធំនេះ សម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចទាំងឡាយ គឺត្រូវតែបានជាប្រយោជន៍សម្រាប់ប្រជា​ពលរដ្ឋ សម្រាប់កិច្ចការមិនបានជាប្រយោជន៍សម្រាប់ពលរដ្ឋ និងជាតិ គឺមិនធ្វើនោះឡើយ។

ការចេញដំណើរនៃរាជរដ្ឋាភិបាលនីតិកាលថ្មី គេបានសង្កេតឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការយកចិត្តទុកដាក់លើការរៀបចំ និងចាត់ចែងតួនាទីភារកិច្ចរបស់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋា​ភិបាល។ ក្នុងនោះឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីប្រតិភូអម ត្រូវបានចាត់​ចែង និងបែងចែកការងារយ៉ាងច្បាស់លាស់ជាទីបំផុត។ បន្ថែមពីលើនោះ សម្តេចធិបតី ហ៊ុន ម៉ា​ណែត ក៏បានណែនាំឱ្យតាមក្រសួងនានា ត្រូវតែបែងចែកតួនាទីភារកិច្ចឱ្យថ្នាក់ដឹកនាំក្រសួងជារដ្ឋ​លេខា​ធិការ និងអនុរដ្ឋលេខាធិការឱ្យបានច្បាស់លាស់ត្រឹមរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការរៀបចំបែងចែកតួនាទីភារកិច្ចរបស់សមាជិករាជរដ្ឋា​ភិបាល និងថ្នាក់ដឹកនាំតាមក្រសួងនានា ប្រៀបដូចជាការរៀបចំផ្ទះឱ្យមានរបៀបរៀបរយ មាន​សណ្តាប់ធ្នាប់ល្អមុននឹងទទួលភ្ញៀវ។ សម្រាប់សម្តេចការរៀបចំចាត់ចែងតួនាទីភារកិច្ចសម្រាប់ជិក​រាជរដ្ឋាភិបាល ក៏ដូចជាការរៀបចំតួនាទីភារកិច្ចតាមក្រសួងនានា គឺជារឿងចាំបាច់ ដើម្បីរាជរដ្ឋា​ភិ​បាលអាចចេញដំណើរបម្រើជាតិ និងប្រជាជនទទួលបានប្រសិទ្ធភាព និងមានលទ្ធផលល្អ។

រយៈពេលមួយខែដ្បិតថាមានរយៈពេលខ្លី តែគេបានឃើញនូវស្មារតីនៃការកំណែទម្រង់ដ៏ខ្ពស់មួយ​លើរដ្ឋបាលសាធារណៈ ដែលជានយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។ ការកែ​ទម្រង់នោះ គឺការសម្រេចមិនឱ្យរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានតួនាទីនៅក្រសួងស្ថាប័នដទៃ​នោះ​ឡើយលើកលែងតែអគ្គនាយកពន្ធដារ និងអគ្គនាយកគយ។ បន្ថែមពីលើនោះ មន្ត្រីរាជការនៅ​តាម​ក្រសួងស្ថាប័ននានា មេធាវី និងឧកញ៉ា មិនឱ្យមានឋានៈស្មើឡើយ ក្នុងករណីពួកគេចង់បាន​តួនាទីជាទីប្រឹក្សា ឬជំនួយការ។ នេះជាការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈមួយ ដែលមិនឱ្យប៉ះ​ពាល់ការអនុវត្តន៍ការងាររបស់រដ្ឋ ហើយក៏ចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ​ផង​ដែរ។

ក្រៅតែពីរឿងនេះ រឿងដែលគេបានកត់សម្គាល់ខ្ពស់ថែមទៀតនោះ គឺសម្តេចធិបតី បានសម្រេចឱ្យ​មាន​ការផ្តល់សេវាធ្វើ ឬផ្តល់សុពលភាពសម្រាប់លិខិតឆ្លងដែននៅតាមស្ថានទូតក្រៅប្រទេស ដោយ​​ចាប់ផ្តើមដំបូងនៅប្រទេសកូរ៉េខាងត្បូង, ការបង្កើតកុងស៊ុលនៅខេត្តសុងខ្លាភាគខាងត្បូង​ប្រទេសថៃ, ការចាត់វិធានការលើភាពប្រក្រតីលើថ្លៃសេវាលិខិតស្នាមនៅតាមច្រកព្រំដែនជា​មួយ​ប្រទេសជិតខាង និងការបង្កើតអាជ្ញាធរប្រយុទ្ធប្រឆាំង និងបង្ក្រាបគ្រឿងញៀន ជាមួយការដាក់បទ​បញ្ជា​ម៉ឺងម៉ាត់លើការបង្ក្រាបបទល្មើសគ្រឿងញៀននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្សារភ្ជាប់ជីវិតលើបញ្ហាប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផង​ដែរ។ សម្តេចធិបតីបានប្រកាសបង្កើតក្រុមការងារដើម្បីតាមដានបញ្ហារបស់ប្រជាពលរដ្ឋដែល​បង្ហោះ​តាមបណ្តាញសង្គម។

តាមរយៈយន្តការនេះ សម្តេចបានដោះស្រាយបញ្ហាផ្លូវរបស់ប្រជាពលរដ្ឋមួយករណីនៅក្នុងខេត្ត​តាកែវ និងមួយករណីទៀតនៅស្រុកមុខកំពូលខេត្តកណ្តាល។ រឿងផ្តើមចេញពីបណ្តាញសង្គម​ហើយ​ត្រូវបានដោះស្រាយមួយករណីទៀត គឺករណីតែងតាំងមេប៉ុស្តិ៍ម្នាក់ នៅឃុំសំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ។ មេប៉ុស្តិ៍នេះ មានអតីតភាពជាចោរប្លន់ទូមាស ក្រោយសម្តេចធិបតី​ទទួល​បាន​ព័ត៌មាន សម្តេចបានបញ្ជាឱ្យស្រាវជ្រាវ។ ទីបំផុតមេប៉ុស្តិ៍រូបនេះ ត្រូវបានដកចេញពីតួនាទី និងលុប​ឈ្មោះចេញពីក្របខណ្ឌនគរបាលផងដែរ។ ជាមួយគ្នាអធិការស្រុកស្ទោង ដែលជាអ្នកស្នើតែងតាំង​មេប៉ុស្តិ៍រូបនេះ ក៏ត្រូវបានដកចេញពីតួនាទីឱ្យទៅបម្រើការងារនៅស្នងការដ្ឋាន។

រឿងមេប៉ុស្តិ៍រូបនេះ ក៏រាលដាលដល់ស្នងការរងខេត្តកំពត ដែលមានអតីតភាពជាអ្នកលួចអាយផេត ក៏ត្រូវបានដកចេញពីតួនាទីដូចគ្នា បន្ទាប់ពីសម្រែកតវ៉ារបស់ប្រជាពលរដ្ឋលើបណ្តាញសង្គម។

ផ្តើមពីបណ្តាញសង្គមដូចគ្នា បញ្ហារបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលស្នើឱ្យសុំច្បាប់ធ្វើ​អា​ជី​វកម្មពីរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះ ក៏ត្រូវបានសម្តេចធិបតីសម្រេចចិត្តផ្អាកជាបន្ទាន់ផង​ដែរ​។ ការសម្រេចចិត្តផ្អាកនេះ បន្ទាប់ពីសម្តេចទទួលបានការប្រតិកម្មជាច្រើនពីអ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ទន្ទឹមនឹងការសម្រេចបែបនេះ សម្តេចធិបតី ក៏បានបង្កើតយុទ្ធសាស្ត្រជាតិ ស្តីពីការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ហើយបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ ខែកញ្ញា។

ការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលផ្តើមចេញពីការតវ៉ាលើបណ្តាញសង្គមនេះ បាននាំឱ្យមាន​ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។

ក្រៅតែពីការងារគួរឱ្យកត់សម្គាល់នេះទៅ ក្នុងរយៈពេលមួយខែនេះ ទោះបីមមាញឹកនឹងការងារខ្លាំង​យ៉ាង​ណាក្តី សម្តេចមហាបវរធិបតី ក៏បានឆ្លៀតចុះជួបជាមួយកម្មករ និយោជិតនៅតាមរោងចក្រ​សហគ្រានានាផងដែរ។ ការបង្កើតការងារជូនប្រជាពលរដ្ឋ លើកម្ពស់ជីវភាពកម្មករ និយោជិតជា​នយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ដូច្នេះការចុះជួបកម្មករ និយោជិត ក៏ជាការប្រមូល​ធាតុចូលមួយដ៏សំខាន់សម្រាប់លើកកម្ពស់វិស័យការងារ ហើយក៏ជាការបង្ហាញឱ្យឃើញនូវនយោ​បាយយកចិត្តទុកដាក់លើកម្មករ និយោជិត។ មួយខែនេះសម្តេចធិបតី បានចុះជួបកម្មករ និយោ​ជិត​ចំនួន៤លើក មានកម្មករ និយោជិតចូលរួមជិត ៨ម៉ឺននាក់។ តាមរយៈជំនួបជាមួយកម្មករ និយោ​ជិតនេះ សម្តេចធិបតី បានចង្អុលបង្ហាញការងារចំនួន៦ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈអនុវត្តន៍ឱ្យជោគជ័យក្នុងឆ្នាំ២០២៣។ ការងារទាំង៦នោះ មានដូចជាការការចរចាដំឡើង​ប្រាក់​ឈ្នួល ការរៀបចំយន្តផ្តល់បណ្ណបេឡារបបសន្តិសុខសង្គមគាំពារសុខភាពដល់សមាជិក​របស់​កម្មករ និយោជិត ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការហ្វឹកហ្វឺនកូនជាង ការបើកប្រាក់ឧបត្ថម្ភ​សម្រាប់​កម្មការិនីមានផ្ទៃពោះ និងកម្មវិធីប្រកួតប្រជែងលើប្រធានបទសុខដុមនីយកម្មកន្លែងធ្វើការ។

ក្នុងរយៈមួយខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជា​​មួយ​ភ្ញៀវចំនួន៦រូបរួមមាន៖ ១) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំ​កម្ពុជាដែលចប់អាណត្តិ, ២) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការ​ជន​បទ​របស់កូរ៉េខាងត្បូង, ៣) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្រ​ប​សម្រួល​កិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានរបស់ទីម័រ​ខាង​កើត, ៤) គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក, ៥) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងទី៦) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

តាមរយៈជំនួបទាំងភ្ញៀវទាំង៦នេះ ជាការពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា និងបណ្តាប្រទេសដែលពាក់ព័ន្ធក្នុងវិស័យដែលជាសមត្ថកិច្ចរបស់ពួកគេឱ្យកាន់តែល្អ​ប្រសើរ។

ក្រៅតែពីកិច្ចការក្នុងស្រុកហើយនោះ រយៈពេលមួយខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​អញ្ជើញបំពេញបេសកកម្មការងារនៅក្រៅប្រទេសចំនួន៣លើកផងដែរ។ លើកទី១ ធ្វើឡើង​ពី​ថ្ងៃ​ទី​៤ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយសម្តេចធិបតីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ បេសកកម្មក្រៅប្រទេស​លើក​ដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ក្រៅតែពីអញ្ជើញចូលរួមកិច្ចប្រជុំការងារ​ជារបៀប​វារៈ​របស់អាស៊ាន​ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបស្វាគមន៍ និងជជែកការងារជាមួយ​មេ​ដឹកនាំប្រទេសអាស៊ានទាំងអស់ ដែលមានវត្តមាននៅទីនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លៀតជួបនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។

លើកទី២ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការនៅ​ប្រទេសចិន និងអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័ត​ក្វាង​ស៊ី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា។

លើកទី៣ គឺការអញ្ជើញថ្លែងសុន្ទកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា។

បេសកកម្មក្រៅប្រទេសទាំង៣លើករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះជានាយករដ្ឋ​មន្ត្រី​ថ្មីងថ្មោង និងមានវ័យនៅក្មេងយ៉ាងណាក្តី តែគេបានកត់សម្គាល់ថា សម្តេចធិបតីទទួលបាន​ជោគ​ជ័យខ្ពស់លើវិស័យការទូត។ បើទោះបីជាសម្តេចនៅក្មេង តែបណ្តាមេដឹកនាំប្រទេសជាមិត្ត ដែល​មានវ័យចាស់ជាង សុទ្ធតែបានផ្តល់តម្លៃ និងផ្តល់ការគោរពដោយស្មើភាព និងស្មើសិទ្ធ។ សម្តេចធិបតី បើទោះបីមិនធ្លាប់មានជំនួបការទូតកម្រិតខ្ពស់យ៉ាងណាក្តី តែសម្តេចធិបតី បានបើក​ការចរចាជាមួយមេដឹកនាំប្រទេសជាមិត្ត ដោយមិនមានការញាប់ញរណាមួយនោះឡើយ ហើយ​មាន​​ភាពបត់បែនរហ័សរហួនលើការសម្រេចចិត្តនានាពាក់ព័ន្ធបញ្ហាទ្វេភាគី តំបន់ អន្តរជាតិ ក៏ដូច ជាការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាដើម។

ក្នុងបេសកកម្មការងារទៅក្រៅប្រទេស ក៏ដូចជាដំណើរទស្សនកិច្ចនៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ជំនួបជាមួយមិត្តបរទេសទាំងអស់ គឺដើម្បីប្រយោជន៍ជាតិ និង​ប្រជា​ជន។ សម្តេចធិបតី បានធានាអះអាងថា លើទំនាក់ទំនងការបរទេសសម្តេចមិនឱ្យកម្ពុជាបាត់​បង់អធិបតេយ្យជាតិនោះឡើយ។

ដំណើរបំពេញបេសកកម្មការងារនៅក្រៅប្រទេស ជាពិសេសការបង្ហាញមុខនៅមហាសន្និបាត​អង្គ​ការ​​សហប្រជាជាតិ ត្រូវបានគេមើលឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួល​ជោគ​ជ័យ ខ្ពស់ក្នុងការបង្ហាញពីភាពស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីច្បាប់កម្ពុជា មិនតម្រូវឱ្យ​រាជ​រដ្ឋាភិបាលកម្ពុជាមានភាពស្របច្បាប់ទៅបាន លុះត្រាតែមានការទទួលស្គាល់ពីប្រទេសដទៃ​យ៉ាងណាក្តី។ ក៏ប៉ុន្តែនៅក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៣ ខែកក្កដា មានក្រុមប្រឆាំង និងប្រទេសមួយចំនួនបានសម្តែងមតិនានាមិនទទួលស្គាល់ ឬមិនគាំទ្រដំណើរការ​បោះឆ្នោតនោះ បើទោះបីមានប្រជាពលរដ្ឋរហូតដល់ទៅជាង៨៤ភាគរយចេញទៅបោះឆ្នោត​យ៉ាង​ណាក្តី។

វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ គឺជាសារបង្ហាញយ៉ាងច្បាស់ថា អង្គការសហប្រជាជាតិបានទទួលស្គាល់នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្រែកតវ៉ារបស់ខ្មែរប្រឆាំង​មួយចំនួនដែលធ្វើសកម្មភាពតវ៉ានៅក្រៅប្រទេសនោះ មិនមានអនុភាព ឬឥទ្ធិពលអ្វីនោះឡើយ។ អាចថាជាគាប់ជួនណាស់ ថ្ងៃដែលសម្តេចធិបតីថ្លែងសារនៅអង្គការសហប្រជាជាតិ គឺចំថ្ងៃដែល​សម្តេចធិបតីទទួលបានការគាំទ្រពីរដ្ឋសភាឱ្យធ្វើជានាយករដ្ឋមន្ត្រីតែម្តង។

បេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែជាការរកប្រយោជន៍សម្រាប់​ជាតិ និងប្រជាជនកម្ពុជានោះទេ។ តែក្នុងនាមជាមេដឹកនាំប្រទេសមួយសមាជិករបស់អាស៊ាន និងរបស់អង្គការសហប្រជាជាតិដែរនោះ សម្តេចក៏បានផ្តល់នូវទស្សនទានមួយចំនួន ដើម្បីរួមចំណែកដោះស្រាយបញ្ហារបស់ពិភពលោកដែលពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តិនៃការប្រជែងឥទ្ធិនយោបាយ ក៏ដូចជាសង្គ្រាមនៅប្រទេសអ៊ុយក្រែនផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកធ្លាប់ដឹកនាំប្រទេសមួយរូប បានវាយតម្លៃខ្ពស់ចំពោះភាព​ខ្លាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើការងារដឹកនាំរដ្ឋ។

មិនមែនក្រោមហេតុផលសម្តេចធិបតី ហ៊ុន ម៉ាណែត ទើបនាំឱ្យសម្តេចតេជោ វាយតម្លៃថាការ​ដឹក​នាំរបស់សម្តេច​ធិប​តីបានល្អប្រសើរនោះទេ។ សម្តេចតេជោ បានគូសរំលេចថា សម្តេចធ្លាប់វាយ​តម្លៃថា ត្រូវការពេលយ៉ាងតិចណាស់ ក៏៣ខែដែរ ទើបសម្តេចធិបតីអាចដឹកនាំប្រទេសមានភាព​នឹងនរ។ ប៉ុន្តែមិនដូច្នោះឡើយ ត្រឹមតែរយៈពេលមួយខែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ​ភាពជាអ្នកដឹកនាំប្រទេសបានយ៉ាងល្អ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងយ៉ាងដូច្នេះ «ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង»។

សម្តេចតេជោ បានបន្ថែមថា «ផ្ទុយពីការគិតរបស់ខ្ញុំ នាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ​ដោយការ​ជឿជាក់​គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស។ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»។

សរុបមករយៈពេលមួយខែក្តីនៃដំណើរការរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ា​ណែត បើទោះបីមិនទាន់លេចចេញការងារផ្លែផ្កាច្រើនយ៉ាងណាក្តី។ តែរឿងគួរកត់សម្គាល់នោះ មួយ​​ខែ​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំ គ្រប់គ្រង និងចាត់ចែងការងារ​របស់រដ្ឋប្រកប​ដោយ​ភាពប៉ិនប្រសប់ ធានាបានស្ថេរភាព និងនិរន្តរភាពសង្គម ដែលជាបំណងប្រាថ្នាដ៏ធំរ​បស់​ជាតិ និងប្រជាជន។ ជាពិសេសតាមរយៈលទ្ធផលការងារមួយខែនេះ បានស្តែងឱ្យឃើញថា បេះ​ដូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺពិតជាបានតម្កល់នូវប្រយោជន៍របស់ជាតិ និងប្រជាជនជា​ធំ។

តាមរយៈចំណេះបានពីសាលាល្បីៗនៅអាមេរិក និងអង់គ្លេស បទពិសោធន៍ការងារជាក់​ស្តែងជា​ច្រើន ភាពវៃឆ្លាត បូករួមនិងឆន្ទៈមនសិការដ៏ខ្ពស់ គេមានក្តីសង្ឃឹមខ្ពស់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្រេចបានជោគជ័យក្នុងបេសកកម្មដឹកនាំកម្ពុជា ឱ្យបន្តរក្សាបានសុខសន្តិភាព បន្តកំណើនអភិវឌ្ឍន៍ លើកកម្ពស់កិត្យានុភាពជាតិ ហើយប្រជាពលរដ្ឋកាន់តែទទួលបានវិបុលភាព និងសុខក្សេមក្សាន្ត៕

Fresh News

អត្ថបទទាក់ទង