អ្នកលួចថតមន្ត្រីនគរបាលដែលកំពុងលង់លក់ ឥឡូវត្រូវវិន័យយ៉ាងធ្ងន់ក
តាមលិខិតបង្គាប់របស់ស្នងការនគរបាលខេត្តកំពង់ចាម ចុះកាលពីថ្ងៃពី០៥ ខែមិថុនា ឆ្នាំ២០១៨ ដោយលោកឧត្ដមសេនីយ៍ទោ ឯម កុសល បានបង្គាប់ឲ្យដាក់ពិន័យមន្ត្រីនគរបាល២រូប គឺលោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចម្ការលើ និងវរសេនីយ៍ឯក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ដែលរួមសហការគ្នាថត និងបង្ហោះមន្ត្រីនគរបាល៣រូបផ្សេងទៀត កំពុងសម្រាន្តលក់ ក្នុងពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកន្លងទៅ។
តាមលិខិតនោះ បានឲ្យដឹងថា មន្ត្រីនគរបាលដែលរួមគ្នាថត និងបង្ហោះ ធ្វើឲ្យកក្រើកហ្វេសប៊ុកស្ទើរទូទាំងប្រទេស ត្រូវដកមកបញ្ឈរជើង នៅការិយាល័យបុគ្គលិក។ ចំណែកឯមន្ត្រីនគរបាលដែលបានសម្រាន្តលង់លក់ទាំង៣រូបនោះ មិនទទួលការពិន័យអ្វីឡើយ។
មានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ជាខ្លាំង ពីអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរូបភាពមួយសន្លឹកធ្លាយ បង្ហាញពីការគេងលង់លក់របស់មន្ត្រីនគរបាល៣រូប មកខេត្តកំពង់ចាម ចេញពីកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានវិនិច្ឆ័យទៅតាមការយល់ឃើញរៀងៗខ្លួន។
បន្ទាប់ពីរូបភាពនោះ បានចែកចាយយ៉ាងផុលផុសកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបកស្រាយថា មន្ត្រីនគរបាលទាំង៣រូបនោះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពាររហូតដល់ម៉ោង១រំលងអធ្រាត្រហើយដល់ម៉ោង២បានចេញដំណើរទៅចូលរួមកម្មវិធី។ ហេតុនេះហើយបានជាទម្រេតខ្លួនបន្តិចមែន តែការទម្រេតខ្លួនរបស់ពួកគាត់នេះ គឺនៅមុនពេលកម្មវិធីចាប់ផ្ដើម។ បានន័យថាគឺពេលរង់ចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្ដេច ថ្លែងសន្ទរកថានោះទេ នៅពេលដែលសម្ដេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្តឡើយ៕