ខ្មែរប៉ុស្ដិ៍ Close

    លោក សម រង្ស៊ី កំពុងបំភ័ន្តសាធារណជន ជាពិសេសអន្តរជាតិ ក្នុងខ្លឹមសារអត្ថបទអង់គ្លេស ដោយមិនបញ្ជាក់ថា «នឹងចូលឱ្យចាប់ខ្លួនបើភ្នាល់ចាញ់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1182

    ការដែល សម រង្ស៊ី បានយកសិទ្ធិសេរីភាពរបស់លោក កឹម សុខា ជាដៃគូនយោបាយរយៈពេល៥ឆ្នាំ ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នានាថ្មីៗនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ហើយពួកគេក៏កំពុងរង់ចាំមើលលទ្ធផល និងការអនុវត្តទៅតាមការភ្នាល់គ្នារវាងអ្នកនយោបាយទាំងពីរ។

    ទោះជាយ៉ាងនេះក្តី បន្ទាប់ពីធ្វើការសង្កេតមើលឱ្យម៉ត់ចត់ ទៅលើខ្លឹមសារភាសាអង់គ្លេសរបស់ លោក សម រង្ស៊ី ដែលបង្ហោះនៅលើ Facebook របស់លោក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលដាក់ថា «តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?» ដែលនៅក្នុងខ្លឹមសារជាភាសាខ្មែរ លោក សម រង្ស៊ី បានលើកឡើងថា បើខ្លួនចាញ់ខ្លួននឹងចូលឱ្យចាប់ខ្លួនតាមច្បាប់ ប៉ុន្តែនៅក្នុង
    ខ្លឹមសារជាភាសាអង់គ្លេស សម រង្ស៊ី មិនបានដាក់ថា «នឹងចូលឱ្យចាប់ខ្លួន បើសិនភ្នាល់ចាញ់លោក ហ៊ុន សែន លើរឿងដោះលែង កឹម សុខា» ដូចអត្ថបទខ្លឹមសារភាសាខ្មែរនោះទេ។

    ក្រុមអ្នកលេង Facebook និងអ្នកតាមដាននយោបាយបានលើកឡើងថា លោក សម រង្ស៊ី ពេលនេះកំពុងបំភ័ន្តដល់អន្តរជាតិអំពីការភ្នាល់របស់លោក ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែនៅក្នុងអត្ថបទខ្លឹមសារជាភាសាខ្មែរ និងភាសាអង់គ្លេស មិនដូចគ្នា។ ពួកគេអះអាងថា ការដែលមិនរំលេចថា «នឹងចូលឱ្យចាប់ខ្លួន បើចាញ់ការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន» នៅក្នុងខ្លឹមសារជាភាសាអង់គ្លេស នោះក៏ដោយសារតែ លោក សម រង្ស៊ី ខ្លាចខ្មាស់អន្តរជាតិ ដែលតាមដានព្រឹត្តិការណ៍នេះ បើសិនជាខ្លួនចាញ់លោក ហ៊ុន សែន។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ លោក សម រង្ស៊ី បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខា នោះ លោក សម រង្ស៊ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឱ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»។

    ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ លោកបានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឱ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។

    ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងបក្ខពួករបស់ លោក កឹម សុខា បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលចាត់ទុក លោក កឹម សុខា ជាឧបករណ៍នយោបាយ ហើយយកធ្វើជាកម្មវត្ថុក្នុងការភ្នាល់នេះ ដោយមិនបានចាត់ទុកលោក កឹម សុខា គឺជាដៃគូនយោបាយនោះទេ។ យ៉ាងណាក៏ដោយ ក្នុងការភ្នាល់នេះ ក្រុមអ្នកច្បាប់បានមើលឃើញជាមុនបាត់ទៅហើយថា លោក សម រង្ស៊ី អាចនឹងត្រូវចាញ់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការភ្នាល់នាពេលនេះ។ តែអ្វីដែលពួកគេបារម្ភ គឺទណ្ឌិតរូបនេះ មិនហ៊ានទទួលស្គាល់ការចាញ់ និងស្ម័គ្រចិត្តដើរចូលពន្ធនាគារអនុវត្តទោស ដូចអ្វីដែលរូបលោកប្រកាសឡើយ៕

    អត្ថបទទាក់ទង