ខ្មែរប៉ុស្ដិ៍ Close

ចិន​គ្រោង​សង់​សាកលវិទ្យាល័យ «ធំមួយ» ​នៅ​ជ្រោយ​ចង្វារ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
ចិន​គ្រោង​សង់​សាកលវិទ្យាល័យ «ធំមួយ» ​នៅ​ជ្រោយ​ចង្វារ​ ចិន​គ្រោង​សង់​សាកលវិទ្យាល័យ «ធំមួយ» ​នៅ​ជ្រោយ​ចង្វារ​

មន្ត្រីជាន់ខ្ពស់​ក្រ​សួង​ការងារ​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​នៅព្រឹក​នេះ​ថា​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ចិន​មួយ​គ្រោង​បើក​សាកល​វិទ្យាល័យ «ធំមួយ»​ នៅ​តំបន់​ជ្រោយចង្វារ​ ដោយ​ថា​ដើម្បីជួយ​អភិវឌ្ឍធនធានមនុស្ស​នៅ​កម្ពុជា។


(ទេសភាព​សាលវិទ្យាល័យ​ពហុបច្ចេកទេសធានជីង/រូបភាព៖វែបសាយ Tianjin Polytechnic University)

ឯកឧត្តម អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រ​សួង​ការងារថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​គណៈប្រតិភូសាកលវិទ្យាល័យ​ពហុបច្ចេកទេស​ធានជីង ​(Tianjin Polytechnic University) នៃ​សាធារណរដ្ឋប្រជាមានិតចិន​នាព្រឹកនេះថា​ សាកលវិទ្យាល័យ​ Tianjin Polytechnic University គ្រោងចាប់​ដៃគូ​ជាមួយ​ក្រុ​ហ៊ុន​ OCIC របស់​លោក​ឧកញ៉ា ពុង ឃាវសែ ដើម្បី​សាងសង់​សាកល​វិទ្យាល័យមួយ​នៅ​តំបន់​ជ្រោយចង្វារ។ នេះបើតាម​ការផ្សាយ​នៅ​លើទំព័រហ្វេសប៊ុកក្រ​សួង​ការងារ​នាព្រឹកនេះ។


(ឯកឧត្តម អ៊ិត សំហេង ជួបជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង Tianjin Polytechnic University/ រូបភាព៖ ហ្វេសប៊ុក​ក្រ​សួង​ការងារ)

ប្រ​ភពដដែល​បន្តថា​សាកលវិទ្យាល័យ​ដែលគ្រោង​បង្កើត​នេះ​នឹង​បណ្តុះ​បណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​ចាប់ពី​កម្រិត​ថ្នាក់ថ្នាក់​វិញ្ញាបនបត្រ​រហូត​ដល់​កម្រិត​បណ្ឌិត ដោយ​បង្រៀនជា​ភាសាចិន ខ្មែរ និង​ភាសា​បរទេស​ផ្សេងទៀត។

បើតាម​ឯកឧត្តម​ អ៊ិត សំហេង សាកល​វិទ្យាល័យ​នេះ​នឹង​អាច​លេចជារូបរាង​នៅ​ប្រាំឆ្នាំ​ខាង​មុខ​ពោល​គឺនៅ​គម្រប់ខូប​៦៥​ឆ្នាំនៃទំនាក់ទំនង​កម្ពុជា​ចិន។​

ប្រ​ភព​ខាងលើ​សរសេរថា៖ «គម្រោង​នេះ​ភាគី​ចិន​ នឹង​ជំរុញ​ឲ្យ​សម្រេច​បាន​ជោគ​ជ័យ​នាពេល​ឆាប់ៗ​ខាង​មុខ​ក្នុង​ខួប​លើក​ទី៦៥ ​នៃទំនាក់​ទំនង​ដ៏ល្អ​រវាង​កម្ពុជា​និង​ចិន​។ ជាមួយ​នឹង​គម្រោង​នេះ ឯកឧត្តម​បាន​ផ្តល់ការ​គាំទ្រ​ ប៉ុន្តែ ​ភាគី​ចិន​អាច​មាន​ជំរើស​ប្រសិន​បើការ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់យ៉ាង​ដូច្នេះ​ គឺ​ចិន​អាច​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​ស្ថាប័ន​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ»។

សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ធានជីង​ត្រូវបាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩១២​ ហើយ​សាកលវិទ្យាល័យនេះ​ពេល​បច្ចុប្បន្ន​មាន​បណ្តុះ​បណ្តាល​​រហូត​ដល់​ថ្នាក់​បណ្ឌិត។ មុខវិជ្ជាសិក្សា​នៅ​សាកល​វិទ្យាល័យ​នេះមាន​ដូច​ជា​វិទ្យាសាស្រ្ត និង​វិស្វកម្ម ច្បាប់ សេដ្ឋកិច្ច ជាដើម​ដែល​បច្ចុប្បន្ន​មាន​សិស្ស​កំពុង​សិក្សា​ចំនួន ២៨ ០០០​នាក់ ក្នុង​មាន​ជិត​៣ ០០០ ជានិស្សិត​ថ្នាក់​ក្រោយ​ឧត្តម៕