ខ្មែរប៉ុស្ដិ៍ Close

    ក្រៅឆាកនយោបាយប្រទេសថៃ មានរឿងល្អចង់ប្រាប់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1711
    ក្រៅឆាកនយោបាយប្រទេសថៃ មានរឿងល្អចង់ប្រាប់ក្រៅឆាកនយោបាយប្រទេសថៃ មានរឿងល្អចង់ប្រាប់

    នៅពេលដែលធនាគារកណ្តាលជាច្រើនបានចេញមកអះអាងរួមគ្នាអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា យើងបាននឹកគិតដល់ប្រទេសថៃ តែមិនមែននឹកដល់រមណីយដ្ឋានល្អៗ និងអាហារឆ្ងាញ់ៗនោះទេ។ ភាពជោគជ័យដ៏ត្រចះត្រចង់របស់ប្រទេសនេះគឺ «ការធ្វើឱ្យតម្លៃទំនិញធ្លាក់ចុះរហូតដល់កម្រិតមួយដែលធ្វើឱ្យក្រុមមន្ត្រីចង់គិតអំពីការដាក់ចេញវិធានការបន្ធូរបន្ថយ ក្នុងករណីដែលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង»។

    ដូចបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ ប្រទេសថៃអាចបន្តដំណើរការទៅមុខ ដោយសារការស្ទុះងើបឡើងវិញរបស់ប្រទេសចិន។ វិស័យទេសចរណ៍ដែលជាឧស្សាហកម្មដ៏សំខាន់របស់ប្រទេសនេះកំពុងងើបឡើងវិញជាបណ្តើរៗ។ ចំនួនភ្ញៀវទេសចរចិនកំពុងធ្វើដំណើរនៅក្នុងទិសដៅដ៏ត្រឹមត្រូវ ក៏ប៉ុន្តែមិនបានកើនឡើងខ្លាំងដូចដែលបានរំពឹងទុកពីមុន នៅពេលដែលចិនបានលុបចោលវិធានការ «Zero Covid» នោះទេ។

    នៅរយៈពេល ២ ខែក្រោយការបោះឆ្នោត ប្រទេសថៃនៅតែមិនទាន់មាននាយករដ្ឋមន្ត្រី។ អ្នកបង្កើតគោលនយោបាយភាគច្រើនចង់បំភ្លេចចោលនូវរឿងមួយ ដែលនោះគឺ «នៅពេលដែលអតិផរណាបានចាប់ផ្តើមកើនឡើងដំបូងនៅឆ្នាំ ២០២១ ពួកគេបានមើលស្រាលចំពោះរឿងនេះ»។

    ពាក្យមួយចំនួនត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាអំពីសេណារីយ៉ូនៅពេលនោះ ដែលមានដូចជា «បណ្តោះអាសន្ន, រយៈពេលខ្លី និងមិនអចិន្ត្រៃយ៍»។ ប្រធានធនាគារកណ្តាល លោក Jerome Powell បានជាប់គាំងជាមួយនឹងពាក្យ «T» យ៉ាងយូរ ដែលនៅចុងក្រោយបង្អស់បានសម្រេចកប់វាចោល ហើយចាប់ផ្តើមវិធានការរឹតបន្តឹងយ៉ាងខ្លាំងក្លា។

    ផ្ទុយទៅវិញ ធនាគារកណ្តាលថៃបានអនុវត្តវិធានការដ៏ត្រឹមត្រូវដែលមានលក្ខណៈបណ្តោះអាសន្ន។ ល្បឿននៃការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះដល់ ០,២% នៅក្នុងខែមិថុនា បើធៀបនឹងឆ្នាំមុន និងជាការធ្លាក់ចុះយ៉ាងគំហ៊ុកពីជិតចំនួន ៨% ក្នុងខែសីហា ឆ្នាំ ២០២២។

    ការព្យាករចំនួន ២,៤% នៅឆ្នាំក្រោយ នឹងមានន័យថា «អតិផរណានឹងមានសភាពល្អ ហើយអាចនឹងស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន»។ ពួកគេអាចសម្រេចវាបានដោយមិនបង្កឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារការជាប់គាំង និងការដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់។ ប្រទេសថៃគួរតែបន្តផ្សព្វផ្សាយអំពីលទ្ធផលដ៏ល្អនេះ។

    បញ្ហានយោបាយកំពុងគ្រប់គ្រងលើការយល់ឃើញចំពោះប្រទេសថៃ ដោយសារតួអង្គសំខាន់ៗមួយចំនួនដូចជាគ្រួសារ Shinawatra ដែលដឹកនាំដោយបុរសដែលកំពុងនិរទេសខ្លួន, ភាពច្របូកច្របល់អស់រយៈពេលជាច្រើនឆ្នាំរវាងឥស្សរជននៅទីក្រុងបាងកក និងក្រុមបាតុករដែលចង់បានអំណាចបន្ថែមសម្រាប់តំបន់មួយចំនួននៅតាមខេត្ត និងក្រុមយោធា ដែលមិនបោះបង់ចោលទម្លាប់នៃការធ្វើរដ្ឋប្រហាររៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង។

    សភាថៃអាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសប្តាហ៍នេះ។ សេដ្ឋកិច្ចថៃត្រូវបានគេចាត់ទុកថាមានលក្ខណៈខុសពីគេ ដោយសារធនាគារកណ្តាលថៃមិនបានប្រកាសអំពីការដំឡើងអត្រាការប្រាក់នោះទេ ហើយលក្ខណៈពិសេសដ៏ពិតប្រាកដគឺការគ្រប់គ្រងអត្រាអតិផរណាបានយ៉ាងល្អ។

    នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីសប្តាហ៍មុន ជំនួយការទេសាភិបាលធនាគារកណ្តាលថៃ លោក Piti Disyatat បានលើកឡើងអំពីភាពផ្ទុយគ្នាពីអាមេរិក។ នៅអាមេរិក អតិផរណាត្រូវបានជំរុញដោយទីផ្សារការងារដ៏តឹងតែង ខណៈនៅប្រទេសថៃគឺមិនដូច្នេះទេ។

    លោកបាននិយាយថា «យើងបានវាយតម្លៃអំពីសក្ដានុពលអតិផរណាថាជាបញ្ហាមិនអចិន្ត្រៃយ៍ ហើយវាបានបង្ហាញថាវាពិតជាមានលក្ខណៈបែបនេះមែន។ គោលនយោបាយមិនដែលបានផ្តោតលើការធ្វើឱ្យអតិផរណាធ្លាក់ចុះភ្លាមៗនោះទេ ពីព្រោះយើងដឹងថាយើងមិនអាចធ្វើវាបានទេ។ គោលនយោបាយរូបិយវត្ថុគ្រាន់តែព្យាយាមរក្សាស្ថិរភាពដើម្បីធានាថា សម្ពាធអតិផរណានឹងមិនកើនឡើង ជាពិសេសសម្រាប់ឆ្នាំក្រោយ និងដើម្បីធានាថាវានឹងធ្លាក់ចុះវិញជាបណ្តើរៗ»។

    ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ហើយប្រសិនបើរដ្ឋាភិបាលត្រូវបានបង្កើតឡើងនៅក្នុងសប្តាហ៍នេះ វាមិនច្បាស់ទេថា «តើវាអាចនឹងមានរយៈពេលយូរប៉ុណ្ណា»។ កិច្ចខិតខំប្រឹងប្រែងឈ្លានពានរបស់ចិន កំពុងបង្កផលប៉ះពាល់ ហើយនៅក្នុងរយៈពេលវែង ប្រទេសចិននឹងប្រឈមមុខនឹងបញ្ហាសង្គមដែលសំបូរទៅដោយមនុស្សវ័យចំណាស់។

    ប្រាក់បាតបានធ្លាក់ចុះជាង ៣% ធៀបនឹងប្រាក់ដុល្លារ បើគិតចាប់តាំងពីការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា។ ក្នុងអំឡុងពេលដែលប្រាក់ដុល្លារមានភាពរឹងមាំ ប្រាក់បាតមិនបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នោះទេនៅក្នុងរយៈពេល ១២ ខែកន្លងមកនេះ។ នៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុនៅអាស៊ីឆ្នាំ ១៩៩៩៧-១៩៩៩៨ នៅពេលដែលតម្លៃរូបិយបណ្ណរបស់ប្រទេសថៃបានធ្លាក់ចុះរហូតដល់បង្កឱ្យមានការដួលរលំយ៉ាងធ្ងន់ធ្ងរ ភាពធន់របស់ប្រទេសនេះនៅតែមានលក្ខណៈគួរឱ្យកត់សម្គាល់។

    «ហេតុអ្វី​មិនលើកប្រធាន​ធនាគារ​កណ្តាលឱ្យធ្វើជានាយករដ្ឋមន្ត្រី?»

    នៅក្នុងគ្រានៃភាពច្របូកច្របល់ និងការប្រេះស្រាំផ្នែកនីតិបញ្ញត្តិ ប្រទេសអ៊ីតាលីនិងក្រិកបានធ្វើបែបនេះ (Mario Draghi ដែលជាអតីតប្រធានធនាគារកណ្តាលអឺរ៉ុប និង Lucas Papademos ដែលជាអនុប្រធានធនាគារកណ្តាលអឺរ៉ុប)។ ថៃ​អាច​នឹង​ក្លាយ​ជា​វីរៈបុរស​លាក់មុខនៃ​សេដ្ឋកិច្ច​អាស៊ី៕

    Channel News Asia

    អត្ថបទទាក់ទង