ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះត្រួតពិនិត្យនិងជិះសាកល្បងលើផ្លូវកង់ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី២៧ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣៤នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហប្រធានបារាំងនិងជប៉ុន អង្គការយូណេស្កូ អ្នកជំនាញការអាដហុក មន្ត្រីស្ថានទូតមួយចំនួន អ្នកជំនាញអន្តរជាតិ និងសហការីអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យនិងជិះកង់សាកល្បងលើផ្លូវកង់ ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ។

នាឱកាសនោះ លោក ហង់ ពៅ បានសម្តែងសេចក្តីរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបានចុះមកត្រួតពិនិត្យ ក៏ដូចជាជិះកង់កម្សាន្តនៅលើផ្លូវកង់ដែលទើបសម្រេចបានថ្មីៗនៅក្នុងរមណីយដ្ឋានអង្គរនាថ្ងៃនេះ ប្រកបដោយភាពសប្បាយរីករាយនិងការពេញចិត្តបំផុត។

លោកបានអ្នកមានប្រសាសន៍បន្ថែមទៀតថា ការស្ថាបនាផ្លូវកង់នេះឡើងក្រោមទស្សនៈគិតគូរវែងឆ្ងាយរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។ គោលបំណងសំខាន់គឺដើម្បីជួយសម្រួលចរាចរណ៍និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្សដែលជិះកង់ក្នុងតំបន់។ ពិសេសផ្លូវកង់នេះ ក៏បានចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរដែលចូលចិត្តជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាពទទួលបានអារម្មណ៍រីករាយស្រស់ថ្លា មិនភ័យភ័យខ្លាចពីគ្រោះថ្នាក់ឬការរំខានពេលកំពុងជិះកង់។

ផ្លូវកង់នេះមានទទឹង២ម៉ែត្រ និងបណ្តោយ២៣គីឡូម៉ែត្រ ចាប់ពីកន្លែងលក់សំបុត្រចាស់កាត់តាមក្រោយប្រាសាទអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ រួចកាត់ខាងត្បូងប្រាសាទបន្ទាយក្តី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទកែវ។ ផ្លូវកង់នេះស្ថាបនាឡើងនាឆ្នាំ២០២០ ដោយការបង្ហាប់ដីនិងស្រោចកៅស៊ូពីលើ បត់បែនតាមចន្លោះដើមឈើ ដែលស្ថិតនៅមិនឆ្ងាយ និងស្របនឹងផ្លូវធំដែលអាចមើលគ្នាឃើញ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពដល់អ្នកជិះកង់៕

អត្ថបទទាក់ទង