ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ចុះជួបសំណេះសំណាលជាមួយគ្រួសារបក្សទាំង១៣ភូមិ ក្នុងឃុំកុមារាជា ស្រុកបាទី ផ្សព្វផ្សាយកម្មវិធីនយោបាយ និងបំផុសឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 70

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយគ្រួសារបក្សនៃភូមិទាំង១៣ ក្នុងឃុំកុមាររាជា នៅតាមទីស្នាក់ការបក្សភូមិមួយចំនួន និងនៅស្នាក់ការគណៈកម្មាធិការបក្សឃុំ ដោយបានផ្សព្វផ្សាយនូវកម្មវិធីនយោបាយ និងទិសដៅក្នុងការអភិវឌ្ឍមូលដ្ឋានភូមិឃុំ ជាពិសេសនឹងធ្វើផ្លូវបេតុងក្នុងភូមិជូនប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀត ជាមួយនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីរក្សាបាននូវសុខសន្តិភាព និងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានជម្រាបជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីដំណាក់កាលនៃទុក្ខលំបាករបស់លោកយាយ លោកតា ក្នុងសម័យប៉ុល​ ពត ដែលបានរួចជីវិតពីរបបដ៏យង់ឃ្នង ដោយសារតែគុណបំណាច់របស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជន នៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ហើយបាននិងកំពុងរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត បានបន្តថា បច្ចុប្បន្នបងប្អូនមានជីវភាពរស់នៅធូរធារ សម្បូរសប្បាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានបង្កឱកាសឱ្យបងប្អូន ក្មួយៗមានការងារធ្វើ បានទទួលប្រាក់ខែសមរម្យក្នុងការរស់នៅ និងបានសំណូមពរដល់ក្មួយៗ កម្មករ កម្មការិនី និងប្រជាពលរដ្ឋដែលធ្វើការរដ្ឋ និងវិស័យឯកជនដែលទទួលស្គាល់តាមគោលការណ៍ច្បាប់ត្រឹមត្រូវ សូមឱ្យប្រឹងប្រែងខិតខំធ្វើការងាររបស់ខ្លួនឱ្យបានយូរទៅមុខទៀត ដើម្បីទទួលបាននូវប្រាក់ចូលនិវត្សន៍ និងជួយសម្រួលដល់ការរស់នៅក្នុងក្រុមគ្រួសារទៅថ្ងៃអនាគត។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានផ្តល់នូវការសង្ឃឹមជឿជាក់ចំពោះការគាំទ្រយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលផលនៃសុខសន្តិភាពនេះ នឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីបង្ហាញនូវការគោរព ស្រឡាញ់ ដឹងគុណ និងគាំទ្រសម្តេចតេជោ ឱ្យទទួលបានជោគជ័យ គឺគណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោត ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ខាងមុខ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដែលប្រជាជនកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍជាតិយូរអង្វែងទៅមុខទៀត៕

អត្ថបទទាក់ទង