ខ្មែរប៉ុស្ដិ៍ Close

ស្ថានភាពលំបាកនៅចំពោះមុខសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 146

សម្រាប់រយៈពេល ៣ ឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចម៉ាឡេស៊ីបានរក្សាតុល្យភាពរបស់ខ្លួនទប់ទល់នឹងបញ្ហាប្រឈមជាច្រើន រាប់ចាប់ពីវិបត្តិសុខភាព, ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិតម្លៃរស់នៅដ៏អាក្រក់បំផុតដែលប្រជាពលរដ្ឋសាមញ្ញមិនធ្លាប់បានជួបប្រទះពីមុនមក។

ឥឡូវនេះ ព្យុះដ៏ខ្មៅងងឹតកំពុងចាប់ផ្តើមលេចឡើង ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងលក្ខខណ្ឌឥណទានកាន់តែតឹងរ៉ឹងដែលអាចបង្កឱ្យសេដ្ឋកិច្ចក្នុងស្រុកធ្លាក់ចុះកាន់តែខ្លាំង។ សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីបានកើនឡើង ៥,៦% នៅត្រីមាសទី១ នៃឆ្នាំនេះ ពោលគឺខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារចំពោះកំណើន (៤,៨%)។

ទោះជាយ៉ាងណាក៏ដោយ អង្គភាព BMI ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនវាយតម្លៃ Fitch Group បាននិយាយថា «រូបភាពនេះមិនបានបង្ហាញអំពីភាពល្អប្រសើរនោះទេ។ កំណើននៅត្រីមាសទី១ មានកម្រិតទាបជាងកំណើន ៧,១% នៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។ GDP របស់ម៉ាឡេស៊ីអាចនឹងកើនឡើងដល់ ៤,២% នៅឆ្នាំនេះ ដែលមានចំនួនស្មើនឹងពាក់កណ្តាលនៃចំនួន ៨,៧% ដែលទទួលបានក្នុងឆ្នាំ ២០២២»។

ទាំងអស់នេះមានន័យថា «ភាពមិនច្បាស់លាស់កំពុងកើតមានចំពោះការសន្យាអំពីការងើបឡើងវិញដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី Anwar Ibrahim នៅក្នុងអំឡុងពេលបោះឆ្នោតសកល នៅខែវិច្ឆិកា
ឆ្នាំ២០២២ នៅពេលដែលលោកបានជំរុញឱ្យប្រជាជនម៉ាឡេស៊ីផ្តល់ឱកាសដល់សម្ព័ន្ធ Pakatan Harapan (PH) របស់លោកដើម្បីដឹកនាំប្រទេស»។

ក្រុមហ៊ុន MIDF Research ដែលជាក្រុមហ៊ុនប្រឹក្សាវិនិយោគក្នុងស្រុកបានកត់សម្គាល់ថា «ទីផ្សារមូលបត្រក្នុងស្រុកបានទទួលលំហូរចេញសុទ្ធសម្រាប់រយៈពេល ១៦ សប្តាហ៍ (ក្នុងចំណោម ២២ សប្តាហ៍) នៅក្នុង
ឆ្នាំនេះ ជាមួយនឹងទឹកប្រាក់ជាង ២,៩ ពាន់លានរីងហ្គីត (៦២៨ លានដុល្លារ) បានហូរចេញពីទីផ្សារភាគហ៊ុនក្នុងស្រុក»។

បរាជ័យក្នុងការគ្រប់គ្រងនិងដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាពចេញពីស្ថានភាពលំបាកនៅចំពោះមុខនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំហររបស់លោក Anwar នៅក្រោមក្រសែភ្នែករបស់ប្រជាជនម៉ាឡេស៊ីដែលសង្ឃឹមថា «លោកអាចផ្លាស់ប្តូរប្រទេសឆ្ពោះទៅរកផ្លូវថ្មីមួយ ហើយអាចទាញប្រទេសចេញពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏អូសបន្លាយ»។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Anwar បានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលរបស់លោកបានបន្តខិតខំនាំមកនូវស្ថិរភាពនយោបាយកាន់តែច្រើនដែលជាហេតុនាំមកនូវបរិយាកាសវិនិយោគជាតិកាន់តែអំណោយផល»។

លោក Anwar ដែលកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរបានប្រាប់សភាក្នុងសប្តាហ៍នេះថា «ការវិនិយោគដែលត្រូវបានអនុម័តសម្រាប់ត្រីមាសទី១ ចំនួន ៧១,៤ ពាន់លានរីងហ្គីត បានបង្ហាញអំពីការកើនឡើង ៦០% បើប្រៀបធៀបនឹងចំនួន ៤៤,៧ ពាន់លានរីងហ្គីតដែលត្រូវបានកត់ត្រានៅក្នុងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២២។ ស្ថិរភាពនយោបាយបានបង្កើនទំនុកចិត្តវិនិយោគិន និងបានជំរុញការវិនិយោគឱ្យហូរចូលមកច្រើនជាងមុន ក៏ប៉ុន្តែអ្វីដែលសំខាន់គឺមិនមែនគ្រាន់តែជាការប្រកាសអំពីការវិនិយោគនិងអនុស្សរណៈនៃការយោគយល់គ្នាប៉ុណ្ណោះទេ តែការអនុវត្តជាក់ស្តែងក៏សំខាន់ផងដែរ»។

អ្នកសេដ្ឋកិច្ចនិងអ្នកជំនួញនៅជំវីញខ្លួនលោក Anwar បានកត់សម្គាល់ថា «បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ លោកបានផ្តោតការយកចិត្តទុកដាក់ភាគច្រើនលើការពង្រឹងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងកាត់បន្ថយការចំណាយខ្ជះខ្ជាយ»។ ជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា «ផលប្រយោជន៍បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការពង្រឹងវិន័យហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាល ក៏ប៉ុន្តែបញ្ហាតម្លៃនៃការរស់នៅនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់រដ្ឋបាល»។

បើទោះបីជាអត្រាអតិផរណារបស់ម៉ាឡេស៊ីបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៣,៣% នៅក្នុងខែមេសាក៏ដោយ ក៏សម្ពាធលើការចំណាយលើការរស់នៅប្រចាំថ្ងៃនៅតែបន្តកើតមាន ជាពិសេសនៅកណ្តាលទីក្រុង។ មន្ទិលសង្ស័យ ដែលបានបន្តអូសបន្លាយនៅក្នុងចំណោមអ្នកវិនិយោគជាច្រើនគឺបណ្តាលមកពី បញ្ហានយោបាយ ដែលនៅមិនទាន់ដោះស្រាយបាននៅក្នុងប្រទេស។

បើទោះបីជារដ្ឋាភិបាលរួបរួមរបស់លោក Anwar ដែលដឹកនាំដោយសម្ព័ន្ធ PH ទទួលបានសំឡេងភាគច្រើននៅក្នុងសភាដែលមានសមាជិកចំនួន ២២២ នាក់ក៏ដោយ ក៏សំណួរនៅតែមានពាក់ព័ន្ធនឹងការគាំទ្ររបស់សហគមន៍ជនជាតិភាគតិចម៉ាឡេដ៏មានឥទ្ធិពល ដែលមានចំនួនជាង ៦០% នៃចំនួនប្រជាជនសរុប។ ចម្លើយចំពោះសំណួរនេះនឹងត្រូវបានឆ្លើយ នៅពេលដែលរដ្ឋចំនួន ៦ រៀបចំការបោះឆ្នោតសភារៀងៗខ្លួននៅក្នុងពេលឆាប់ៗនេះ។

លោក Anwar ចាំបាច់ត្រូវបង្ហាញថា «រដ្ឋាភិបាលចម្រុះជាតិសាសន៍របស់លោកនឹងមានសមត្ថភាពផ្លាស់ប្តូរស្ថានការណ៍នៅក្នុងការបោះឆ្នោតម៉ាឡេដែលមានទំនោរគាំទ្រក្រុមប្រឆាំង Perikatan Nasional ដែលរួមមានបក្ស Parti Pribumi Bersatu Malaysia (Bersatu) និងបក្សស្តាំនិយមជ្រុល Parti Islam Se-Malaysia (PAS)»។

បណ្តារដ្ឋដែលកំពុងទទួលបានការចាប់អារម្មណ៍គឺ Penang, Selangor និង Negeri Sembilan ដែលនីតិបញ្ញត្តិទាំងអស់ត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធ PH ហើយអ្នកវិភាគនយោបាយរំពឹងថា «វានឹងមិនមានការផ្លាស់ប្តូរនោះទេ»។ បញ្ហាប្រឈមខ្លាំងនៅក្នុងរដ្ឋម៉ាឡេដែលមានឥទ្ធិពល រួមមានរដ្ឋ Terengganu, Kelantan និង Kedah ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ PAS។

ការឈ្នះនៅក្នុងរដ្ឋមួយដែលដឹកនាំដោយ PAS នឹងតំណាងឱ្យការជំរុញដ៏សំខាន់សម្រាប់រដ្ឋាភិបាល Anwar។ ក្រៅពីរឿងនយោបាយ បញ្ហាសេដ្ឋកិច្ចនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតរបស់លោក Anwar។ ក្នុងនាមជាអតីតសេដ្ឋកិច្ចខ្លាមួយក្នុងតំបន់ម៉ាឡេស៊ីបានធ្លាក់មកនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសេដ្ឋកិច្ចនៅក្នុងអាស៊ាន ដោយត្រូវបានវ៉ាដោយវៀតណាម ដែលបានឡើងមកជាប់ចំណាត់ថ្នាក់នៅកំពូលតារាងទាំង ៤ ជាមួយឥណ្ឌូណេស៊ី, ថៃ និងសិង្ហបុរី។

ផលប៉ះពាល់នៃការធ្លាក់ចុះនៅក្នុងពិភពលោកត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងដំណើរការនាំចេញរបស់ប្រទេសនេះដែលបានធ្លាក់ចុះ ១៧,៤% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមេសា។ លោក Mohd Afzanizam Abdul Rashid ដែលជាប្រធានសេដ្ឋវិទូរបស់ធនាគារ Bank Muamalat បានព្យាករថា «ការនាំចេញសរុបនៅឆ្នាំនេះអាចធ្លាក់ចុះ ៩% បើធៀបនឹងកំណើន ២៥% នៅឆ្នាំ ២០២២។ តម្រូវការក្នុងស្រុកនឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កំណើនទាំងមូល»។

សេដ្ឋវិទូរូបនេះបានកត់សម្គាល់ថា «តម្រូវការក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយការចំណាយរបស់រដ្ឋាភិបាល និងការប្រើប្រាស់ឯកជនមានចំនួនច្រើនជាង ៧០% នៃ GDP បើគិតចាប់តាំងពីឆ្នាំ ២០១៩ មក ក៏ប៉ុន្តែជម្រើសកំណើនបែបនេះលែងមាននិរន្តរភាពហើយ។ ម៉ាឡេស៊ីកំពុងជួបប្រទះនូវភាពជាប់គាំងផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារការចំណាយយ៉ាងសន្ធឹកសន្ធាប់ ដោយក្នុងនោះបំណុលរបស់រដ្ឋាភិបាលបានកើនឡើងដល់ ១,០៨ ទ្រីលានរីងហ្គីតនៅចុងឆ្នាំ ២០២២ ដែលកើនឡើងជិតទ្វេដងនៅក្នុងរយៈពេល ៦ ឆ្នាំ»។

សាស្ត្រាចារ្យ Yeah Kim Leng នៃសាកលវិទ្យាល័យ Sunway ដែលស្ថិតក្នុងក្រុមដែលមានសមាជិក ៥ នាក់ដែលផ្តល់ប្រឹក្សាដល់លោក Anwar អំពីបញ្ហាហិរញ្ញវត្ថុ បានប្រាប់ CNA ថា «គោលជំហរគោល
នយោបាយស្តីពីការចំណាយរបស់រដ្ឋាភិបាលលែងមាននិរន្តរភាពហើយ។ ម៉ាឡេស៊ីត្រូវការយុទ្ធសាស្ត្រ សេដ្ឋកិច្ចថ្មី ហើយផ្លូវថ្មីត្រូវតែបង្ហាញអំពីការផ្លាស់ប្តូរសេដ្ឋកិច្ចទៅកាន់ផលិតកម្មផ្តល់តម្លៃបន្ថែម (Value-added Production) ដែលត្រូវជំរុញដោយឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាដ៏គួរឱ្យទាក់ទាញ ដែលជាលទ្ធផលវានឹងនាំមកនូវការ ជំរុញប្រាក់ឈ្នួល»៕

Channel News Asia

អត្ថបទទាក់ទង