ខ្មែរប៉ុស្ដិ៍ Close

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ រួមចំណែកសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្ម, ៤ខែឆ្នាំនេះ សម្រេចបាន ២៣៩លានដុល្លារ កើន១៩%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 142
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ រួមចំណែកសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្ម, ៤ខែឆ្នាំនេះ សម្រេចបាន ២៣៩លានដុល្លារ កើន១៩% កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ រួមចំណែកសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្ម, ៤ខែឆ្នាំនេះ សម្រេចបាន ២៣៩លានដុល្លារ កើន១៩%

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ (CKFTA) បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បើតាមលោក ប៉ែន សុវិជាតិ គិតមកដល់ពេលពេលនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ បានអនុវត្ដប្រមាណ៥ខែមកហើយ ដោយបានចាប់ផ្ដើមអនុវត្ដ តាំងពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ឲ្យដឹងថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣នេះ មានចំនួន២៣៩លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទៅកូរ៉េ ចំនួន៩១លានដុល្លារ មានការកើនឡើង ចំនួន១៩.៣៣% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២២។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «ឆ្នាំមុន គឺជារយៈពេលមួយ ដែលកម្ពុជាមិនទាន់បាន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ […] ឆ្នាំនេះ ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ គឺមានកំណើនចំនួន១៩.៣៣%។ នេះគឺជាតួលេខធំមួយ ដែលកម្ពុជាទទួលបាន ពីការចុះកិច្ចព្រមព្រៀងនេះ ដែលបានរួមចំណែកសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ»។

ទន្ទឹមគ្នានេះ លោកបានឲ្យដឹងថា នៅក្នុងបន្ទាប់ពន្ធជាច្រើន ដែលកូរ៉េបានផ្ដល់ឲ្យកម្ពុជា មានទំនិញកសិផលជាច្រើន ដែលកម្ពុជាមិនទាន់បានធ្វើការនាំចេញ ដូច្នេះកម្ពុជាកំពុងតែខិតខំប្រឹងប្រែងជំរុញ ដើម្បីប្រើប្រាស់ ឲ្យអស់លទ្ធភាពនូវបន្ទាប់ពន្ធ ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក្នុងការទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញ នូវគ្រឿងបន្លាស និងគ្រឿងបង្គុំមួយចំនួន ទៅកាន់ប្រទេសកូរ៉េផងដែរ ដែលរួមមាន៖ គ្រឿងបន្លាសរថយន្ដ, គ្រឿងបង្គុំរថយន្ដ, ខ្សែភ្លើង -ល- ដែលរបស់ទាំងអស់នេះ ត្រូវបានផលិតឡើង ដោយមានការទទួលស្គាល់គុណភាពពីទីផ្សារកូរ៉េ។

លោកថា «ទាំងនេះ បង្ហាញនូវសក្ខីកម្មមួយ ដែលបង្ហាញឲ្យកម្ពុជាអាចផលិតទំនិញ ដែលមានភាពប្រកួតប្រជែង ជាមួយនឹងប្រទេសដទៃទៀតបាន នៅក្នុងទីផ្សារកូរ៉េ ជាពិសេសទំនិញបច្ចេកទេស ដែលធ្វើដោយកម្មករជំនាញ មិនមែនត្រឹមតែទំនិញសម្លៀកបំពាក់ ស្បែកជើង កង់ ឬក៏កាបូបធ្វើដំណើរ ដែលផលិតដោយអតិពលកម្មនោះទេ»។

សូមជម្រាបថា ការចរចាកិច្ចព្រមព្រៀង CKFTA គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័ន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។

កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២ របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមានកាលខែមករា ឆ្នាំ២០២២ ខណៈកម្ពុជា ក៏មានកិច្ចព្រមព្រៀង RCEP ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) បានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដែលរំពឹងថា នឹងជំរុញកំណើន នៃការនាំចេញរវាងប្រទេសទាំងពីរ និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយតែវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕

Fresh News

អត្ថបទទាក់ទង