ខ្មែរប៉ុស្ដិ៍ Close

បក្ស Move Forward និយាយ​ថា​ ខ្លួន​ត្រូវ​ការ​មុខ​តំណែង​ប្រធានសភា ដើម្បី​បញ្ចៀស​ភាពអសកម្មនៃ​ច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 6
បក្ស Move Forward និយាយ​ថា​ ខ្លួន​ត្រូវ​ការ​មុខ​តំណែង​ប្រធានសភា ដើម្បី​បញ្ចៀស​ភាពអសកម្មនៃ​ច្បាប់ បក្ស Move Forward និយាយ​ថា​ ខ្លួន​ត្រូវ​ការ​មុខ​តំណែង​ប្រធានសភា ដើម្បី​បញ្ចៀស​ភាពអសកម្មនៃ​ច្បាប់

បក្ស Move Forward នឹងមិន​ព្យាយាម​ដណ្តើម​អំណាចដើម្បីគ្រប់​គ្រង​តំណែង​ប្រធាន​សភាទាំង២ នោះ​ទេ ដែលនេះគឺជាសារដែលត្រូវបាន​បង្ហោះនៅ​លើ​ទំព័រ Facebook របស់​គណបក្ស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។ ផ្ទុយទៅវិញ គណបក្សនេះចង់ធានាឱ្យបានថា «ខ្លួននឹងអាចសម្រេចបាននូវគោលដៅនីតិបញ្ញត្តិសំខាន់ៗចំនួន៣ និងការចៀសវាងពីភាពអសកម្មទាក់ទងនឹងនីតិបញ្ញត្តិ»។

គោលដៅសំខាន់ទាំង៣ រួមមាន៖

  • ទី១៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីធ្វើឱ្យប្រទេសថៃកាន់តែមានលក្ខណៈប្រជាធិបតេយ្យ,
  • ទី២៖ ការអនុម័តច្បាប់កំណែទម្រង់
  • ទី៣៖ គឺការពង្រឹង​តម្លាភាពនិង​បរិយាប័ន្ន​ប្រជាពលនៅក្នុងរដ្ឋ​សភា។

ការពន្យល់នេះត្រូវបានបង្ហោះ បន្ទាប់ពីសមាជិក ២ រូបរបស់បក្ស Pheu Thai ដែលជាដៃគូសំខាន់នៅក្នុងក្រុមចម្រុះដែលដឹកនាំដោយបក្ស Move Forward បានរិះគន់ជាសាធារណៈអំពីភាពអយុត្តិធម៌។

ពួកគេបាននិយាយថា «វាគឺជារឿងហួសហេតុសម្រាប់មេដឹកនាំចម្រុះក្នុងការគ្រប់គ្រងសភាទាំង ២ នៅពេលដែលខ្លួនបរាជ័យក្នុងការឈ្នះសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត House of Representatives»។ បក្ស Move Forward បានឈ្នះអាសនៈចំនួន ១៥១ ក្នុងចំណោម ៥០០ អាសនៈនៅក្នុងសភាតំណាងរាស្រ្ត នេះបើយោងតាមលទ្ធផលក្រៅផ្លូវការដែលត្រូវបានប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។

បក្ស Move Forward បានលើកឡើងនៅក្នុងការបង្ហោះថា «ដោយសារតែប្រធានសភានឹងដឹកនាំច្បាប់ដែលនឹងត្រូវឆ្លងកាត់សភាតំណាងរាស្ត្រ វាទាមទារឱ្យប្រធានគឺជាមនុស្សដែលអាចធានាបាននូវការកែប្រែសំខាន់ៗ ទាំង៣»។ ប្រធានសភានឹងកំណត់ថា «សេចក្តីព្រាងច្បាប់ណាមួយនឹងត្រូវបានលើកយកមកពិភាក្សា» ហើយក៏ជាអ្នកគ្រប់គ្រងដំណើរការដែលចាំបាច់ដើម្បីប្រែក្លាយវាទៅជាច្បាប់ផងដែរ។

ប្រធានសភាតំណាងរាស្រ្ដក្រោម រដ្ឋាភិបាលដែលបានដឹកនាំប្រទេសនៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ បានស្ថិតនៅក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក។ ការបង្ហោះបានកត់សម្គាល់ថា «វាមានសេចក្តីព្រាងច្បាប់ត្រឹមតែ ៧៨ ប៉ុណ្ណោះ (ក្នុងចំណោម ៤៧៨ ដែលត្រូវបានដាក់ជូនសភាតំណាងរាស្រ្តក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ) ដែលត្រូវបានអនុម័ត»។

សេចក្តីប្រកាសក៏បានលើកឡើងដែរថា «ក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ៧៨ ដែលបានក្លាយជាច្បាប់ភាគច្រើនទទួលបានការគាំទ្រពីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយមានតែសេចក្តីព្រាងច្បាប់ ៤ ប៉ុណ្ណោះដែលទទួលបានការគាំទ្រពីសមាជិកសភានៅក្នុងក្រុមចម្រុះរបស់លោកប្រាយុទ្ធ»។

បក្ស Move Forward បានកត់សម្គាល់ថា «សេចក្តីព្រាងច្បាប់ដែលត្រូវបានគាំទ្រដោយសង្គមស៊ីវិល មិនត្រូវបានសភាអនុម័តនោះទេសូម្បីតែមួយ»។ នៅក្រោមច្បាប់របស់ថៃ សេចក្តីព្រាងច្បាប់មួយអាចត្រូវបានដាក់ជូនសភាតំណាងរាស្រ្តដើម្បីពិភាក្សា ប្រសិនបើវាមានហត្ថលេខាពីអ្នកបោះឆ្នោតចំនួន ១០ ០០០ នាក់។ ជាទូទៅ សេចក្តីព្រាងច្បាប់បែបនេះតែងត្រូវបានព្រាងដោយក្រុមសង្គមស៊ីវិល។

បក្ស Move Forward បាននិយាយថា «ជាលទ្ធផលសភាតំណាងរាស្រ្តបានបរាជ័យក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ដែលប្រទេសថៃកំពុងជួបប្រទះ»។ ការបង្ហោះបានបន្ថែមទៀតថា «ភាគច្រើននៃច្បាប់ចំនួន ៤០០ ដែលមិនត្រូវបានអនុម័តដោយសភា មិនត្រូវបានលើកយកមកពិភាក្សាដោយសមាជិកសភាទេ ដោយសារតែវាត្រូវបានច្រានចោលដោយសារតែបញ្ហាបច្ចេកទេស។ សេចក្តីព្រាងច្បាប់ចំនួន ៣៥៥ ត្រូវបានលុបចោល ដោយសារតែអសមត្ថភាពរបស់សភា»។

បក្ស Move Forward បានលើកឡើងទៀត​ថា «ប្រធាន​សភា​និង​នាយក​រដ្ឋមន្ត្រី​មាន​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​សេចក្តីព្រាងច្បាប់​ណា​ដែល​សមាជិក​សភា​អាចលើកយកមក​ជជែក​ពិភាក្សាបាន»។ ជាឧទាហរណ៍ : សេចក្តីព្រាងច្បាប់ចំនួន ១៨០ ត្រូវបានពិចារណាដោយប្រធានសភា ដោយសារវាពាក់ព័ន្ធនឹងថវិកាជាតិ និងបានទទួលការអនុម័តពីគណៈរដ្ឋមន្ត្រីនៅមុនពេលវាត្រូវបានបញ្ជូនទៅសភាដើម្បីពិភាក្សា។ នាយករដ្ឋមន្ត្រីបានបដិសេធមិនព្រមអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៨៥ ដោយក្នុងចំណោមនោះ មានតែ ៤៥ ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅកាន់សភាសម្រាប់ការពិភាក្សា»។

បក្ស Move Forward បានសន្យាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថានឹងអនុម័តយ៉ាងហោចឱ្យបាន ៤៧ ច្បាប់ ដែលរួមមានសេចក្តីព្រាងច្បាប់នយោបាយចំនួន ១១, សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិ និងសេរីភាពចំនួន ៨, សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ដីធ្លីចំនួន ៨, សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ការិយាធិបតេយ្យចំនួន ៨, សេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈចំនួន ៤, សេចក្តីព្រាងច្បាប់សេដ្ឋកិច្ចចំនួន ៤, សេចក្តីព្រាងច្បាប់ស្តីពីបរិស្ថានចំនួន ២ និងវិសេចក្តីព្រាងស្តីពីការងារចំនួន ២។

បក្ស Move Forward បាននិយាយថា «អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខារវាងដៃគូចម្រុះចំនួន ៨ បានបញ្ជាក់ថាធម្មនុញ្ញនឹងត្រូវបានធ្វើវិសោធនកម្មដើម្បីត្រួសត្រាយផ្លូវ សម្រាប់រដ្ឋធម្មនុញ្ញថ្មី។ វានឹងតម្រូវឲ្យមានកិច្ចប្រជុំសភាជាច្រើនដែលត្រូវតែដឹកនាំដោយប្រធានសភាដែល មានឆន្ទៈប្តេជ្ញាជំរុញឱ្យមានធម្មនុញ្ញប្រជាធិបតេយ្យថ្មីមួយ»។

បក្ស Move Forward ក៏ចង់ធានាឱ្យបានផងដែរនូវ «សភាបើកចំហ» «Open Parliament» ដែលមានតម្លាភាពកាន់តែច្រើននៅក្នុងរបៀបដែលសភាទាំង២ ដំណើរការ និងដោយមានការចូលរួមកាន់តែច្រើន ពីសំណាក់សាធារណជន។ ប្រធានសភាដែលមានការប្តេជ្ញាចិត្តចំពោះតម្លាភាពនឹងត្រូវតម្រូវឱ្យសម្រេចឱ្យបាននូវកិច្ចការនេះ»។

បក្ស Move Forward បាននិយាយថា «ដើម្បីធានាបាននូវតម្លាភាព ការផ្លាស់ប្តូរចំនួន៣ នឹងត្រូវបានធ្វើឡើងដែល៖

ទី១៖ គឺរាល់ការប្រជុំរបស់គណៈកម្មាធិការសភានឹងត្រូវផ្សាយផ្ទាល់ជូនសាធារណជនតាមដាន។ កំណត់ត្រាបោះឆ្នោតអនុម័តរបស់សមាជិកសភានឹងត្រូវបានកត់ត្រាទុក ហើយសាធារណជននឹងអាចចូលមើលកំណត់ត្រាទាំងនេះបានយ៉ាងងាយស្រួល»។

ទី២៖ គឺតួនាទីរបស់ការិយាល័យថវិកាសភានឹងត្រូវបានពង្រីកដើម្បីបង្កើនការត្រួតពិនិត្យនិងវិភាគលើការចំណាយរបស់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ដើម្បីធានាថា «រាល់ការចំណាយនឹងផ្តល់ផលប្រយោជន៍
ដល់សាធារណជន»

ទី៣៖ គឺសភាយុវជនអាចនឹងត្រូវបានបង្កើតឡើងនៅក្រោមលេខាធិការដ្ឋានសភា ហើយសមាជិកនឹងត្រូវបានជ្រើសរើសដោយយុវជននៅទូទាំងប្រទេស»។ រាល់ការសម្រេចចិត្តរបស់សភាយុវជននឹងត្រូវបានលើកយកមកជជែកដេញដោលដោយសភា ហើយវានឹងមានលក្ខណៈដូចគ្នានឹងសេចក្តីព្រាងច្បាប់ស្តីពីសង្គមស៊ីវិល៕

The Nation