ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបើកវគ្គបណ្តុះបណ្តាលអំពី ព័ត៌មានក្លែងក្លាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31

នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាពរបស់លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដោយមានសិក្ខាកាមចូលរួមប្រមាណ១០០នាក់ពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរាជធានី ខេត្ត។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ បង្ហាត់បង្ហាញដោយគ្រូឧទ្ទេសនាមជាជនជាតិបរទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍ ចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិឱ្យបានយល់ដឹងអំពីព័ត៌មានក្លែងក្លាយ ក៍ដូចជាអំពីយុទ្ធសាស្ត្រ យុទ្ធវិធី និងវិធីសាស្ត្រផ្សេងៗ ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព។

លោក ស្វាយ ស៊ីថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាពិសេសក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ ដោយចាត់ទុកថា ” វគ្គបណ្តុះបណ្តាលស្តីពីព័ត៌មានក្លែងក្លាយ”នេះ មានសារៈសំខាន់ណាស់សម្រាប់ការងារគ្រប់គ្រង អប់រំសាធារណមតិ ដោយសារក្នុងបរិបទឌីជីថលនេះ មានព័ត៌មានក្លែងក្លាយជាច្រើនបាន និងកំពុងកើតមានឡើងក្នុងសង្គមជាតិ ហើយដែលបាននាំឱ្យសាធារណមតិមានការភ័ន្តច្រឡំ ហើយប្រការនេះមិនត្រឹមតែជាការបំពុលសង្គមតែប៉ុណ្ណោះនោះទេ ព័ត៌មានក្លែងក្លាយមួយចំនួនក៍បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងនាំឱ្យមានការរើសអើងពូជសាសន៍ ប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល និងស្ថាប័នទាំងឯកជន និងសាធារណៈ និងជាពិសេសក៍ជាកត្តាដែលអាចនឹងនាំឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងល្អរបស់ជាតិយើងជាមួយនឹងសហគមន៍អន្តរជាតិទៀតផងដែរ។

លោក ស្វាយ ស៊ីថា ក៍បានលើកឡើងផងដែរថា ការចូលរួមទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ គឺជាភារកិច្ចដ៍សំខាន់បំផុតមួយក្នុងការគ្រប់គ្រងសាធារណមតិ ព្រោះប្រទេសជាតិយើងនៅពេលបច្ចុប្បន្ននេះក៍កាន់តែរីកចំរើន ស្ថានភាពរស់នៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ទាំងជីវភាព និងសំភារៈកាន់តែទំនើប គួបផ្សុំនឹងសិទ្ធិសេរីភាពដ៍ទូលំទូលាយរបស់ប្រជាជនផងនោះ ដូច្នេះភារកិច្ចដ៏ចម្បងនៅតាមក្រសួងស្ថាប័ន និងគ្រប់បណ្តារាជធានី ខេត្ត ត្រូវតាមដាន និងសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីព័ត៌មានក្លែងក្លាយ ព្រោះនេះជាមេរោគ រឺក៍ជាកំទេចភ្លើង ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយចំនួនដូចជា Facebook, Youtube ប្រៀបបាននឹងសាំងដែលនឹងនាំឱ្យឆាបឆេះបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសដែលរកបានដោយពិបាកបំផុត និងសុភមង្គលក្នុងសង្គមគ្រួសារយើងបាន។

លោក ស្វាយ ស៊ីថា ក៏បានកត់សម្គាល់ផងដែរថា ព័ត៌មានក្លែងក្លាយដែលបានកើតឡើង គឺជាយុទ្ធសាស្ត្រ និងវិធីសាស្ត្ររបស់ក្រុមជនមួយចំនួនដែលមានគោលបំណង និងផែនការក្នុងការលាបពណ៌ បង្កភាពវឹកវរ ចលាចលសង្គម ឬក្នុងគោលដៅបង្កើតឡើងនូវបដិវត្តន៍ពណ៌ជាដើម។

លោកក៍បានសំណូមពរបន្ថែមផងដែរថា ដើម្បីបន្តគ្រប់គ្រងសាធារណមតិអោយបានល្អប្រសើរ និងជាពិសេសជាការចូលរួមក្នុងការការពារសុខសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ គប្បីនៅតាមបណ្តាក្រសួង ស្ថាប័ននីមួយៗត្រូវខិតខំទប់ស្កាត់ការបំពុលដោយព័ត៌មានក្លែងក្លាយ និងត្រូវតែដើរតួនាទីឱ្យបានសកម្ម ជាអ្នកពន្លត់ ឬបន្សាបនូវព័ត៌មានក្លែងក្លាយឱ្យបានលឿនរហ័សបំផុតតាមដែលអាចធ្វើបាន។

លោក ស្វាយ ស៊ីថា ក៍បានសង្កត់ធ្ងន់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ សង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិដែលជាសិក្ខាកាមផង និងជាគ្រូបង្គោលផងនឹងបន្តទំនាក់ទំនងគ្នាបានល្អរវាងស្ថាប័នរដ្ឋ និងសាធារណជន ហើយនឹងចូលរួមលើកទឹកចិត្ត ក៏ដូចជាសហការជាមួយអ្នកសារព័ត៌មានដើម្បីរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ដោយយកចំណេះដឹង និងបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនេះយកទៅអនុវត្ត
ជាក់ស្តែងនៅតាមក្រសួង ស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី

អត្ថបទទាក់ទង