ខ្មែរប៉ុស្ដិ៍ Close

កូនប្រុសរបស់លោក George Soros ត្រូវបានចោទប្រកាន់ថាមានសិទ្ធិចេញចូលសេតវិមាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 46
កូនប្រុសរបស់លោក George Soros ត្រូវបានចោទប្រកាន់ថាមានសិទ្ធិចេញចូលសេតវិមាន កូនប្រុសរបស់លោក George Soros ត្រូវបានចោទប្រកាន់ថាមានសិទ្ធិចេញចូលសេតវិមាន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសារ George Soros បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពនយោបាយរបស់ពួកគេ និងការរួមចំណែកដល់បុព្វហេតុសេរី។ អស់រយៈជាយូរមកហើយ George Soros ដែលជាមហាសេដ្ឋីជំនួញ និងជាសប្បុរសជន បានក្លាយជាបុគ្គលដ៏ចម្រូងចម្រាសម្នាក់នៅក្នុងចំណោមពួកអភិរក្សនិយម ដោយសារតែការគាំទ្ររបស់លោក ចំពោះគោលនយោបាយ និងបេក្ខជនឆ្វេងនិយម។

កូនប្រុសរបស់លោក គឺ Alexander Soros ក៏បានក្លាយជាមនុស្សលេចធ្លោម្នាក់នៅក្នុងមជ្ឈដ្ឋានឆ្វេងនិយមផងដែរ។ យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះ កូនប្រុសរបស់លោក បានក្លាយជា «ឯកអគ្គរដ្ឋទូតប្រចាំការ» «De Facto Ambassador» របស់សេតវិមាន ដែលបានចូលទៅធ្វើទស្សនកិច្ចយ៉ាងតិច ១៤ ដងនៅទីនោះ ក្នុងនាមមូលនិធិ «Open Society Foundation» ចាប់តាំងពីការឡើងកាន់តំណែងរបស់ប្រធានាធិបតី Joe Biden។

មានអាយុទើបតែ ៣៧ ឆ្នាំ លោក Alexander Soros គឺជាអ្នករៃអង្គាសថវិកា និងជាសប្បុរសជនដ៏ល្បីឈ្មោះរបស់គណបក្សប្រជាធិបតេយ្យ ដូចជាឪពុកដ៏ល្បីរបស់លោកដែរ។ លោកគឺជាប្រធាននៃអង្គការ «Open Society Foundations» ដែលជាបណ្តាញដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក។

អង្គការនេះត្រូវបានបង្កើតឡើងដោយលោក George Soros ក្នុងឆ្នាំ ១៩៧៩ ហើយចាប់តាំងពីពេលនោះមក អង្គការនេះបានបរិច្ចាគប្រាក់ច្រើនជាង ៣២ ពាន់លានដុល្លារដើម្បីគាំទ្រដល់បុព្វហេតុកំណែទម្រង់នៅទូទាំងពិភពលោក។ លោក Matt Palumbo ដែលជាអ្នកនិពន្ធសៀវភៅ «មនុស្សនៅពីក្រោយវាំងនន – ខាងក្នុងបណ្តាញសម្ងាត់របស់ George Soros» «The Man Behind the Curtain: Inside the Secret Network of George Soros» បានអះអាងថា «សិទ្ធិរបស់ Soros វ័យក្មេងក្នុងការធ្វើទំនាក់ទំនងជាមួយមន្ត្រីកំពូលៗនៅសេតវិមានបានបង្ហាញអំពីឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់គ្រួសារ Soros លើនយោបាយអាមេរិក»។

លោក Palumbo បានបន្តថា «នៅទូទាំងសេតវិមាន Soros មានឥទ្ធិពលនៅក្នុងរឿងមួយចំនួន ហើយកូនប្រុសរបស់លោក បានក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់ឪពុក»។ បើទោះបីជាលោក Soros វ័យក្មេង មានតួនាទីលេចធ្លោរនៅក្នុងរង្វង់បក្សប្រជាធិបតេយ្យក៏ដោយ ក៏សិទ្ធិចេញចូលសេតវិមានបានបង្កការភ្ញាក់ផ្អើលនៅក្នុងចំណោមអ្នករិះគន់អភិរក្សនិយម។

យោងតាមកំណត់ត្រាដែលត្រូវបានពិនិត្យដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Alexander Soros បានចូលរួមនៅក្នុងកិច្ចប្រជុំរាប់សិបដងជាមួយមន្ត្រីសេតវិមានដែលរួមមាន៖

  1. នៅថ្ងៃទី ២៩ តុលា ២០២១ ជាមួយលោកស្រី Madeline Strasser ដែលជាទីប្រឹក្សារបស់ប្រធានបុគ្គលិក លោក Ron Klain,
  2. នៅថ្ងៃទី ១៥ ធ្នូ ២០២១ ជាមួយលោក Jon Finer ដែលជាអនុប្រធានទីប្រឹក្សាសន្តិសុខជាតិ។
  3. នៅថ្ងៃទី ២២ មេសា ២០២២ ជាមួយលោកស្រី Madeline Strasser ដែលជាទីប្រឹក្សា​របស់​ប្រធាន​បុគ្គលិក គឺលោក Ron Klain។
  4. នៅថ្ងៃទី ១៤ កញ្ញា ២០២២ ជាមួយលោកស្រី Nina Srivastava ដែលជាទីប្រឹក្សារបស់ប្រធានបុគ្គលិក លោក Ron Klain (២ដង)។
  5. នោថ្ងៃទី ១៥ កញ្ញា ២០២២ ជាមួយលោក Jon Finer ដែលជាទីប្រឹក្សារងសន្តិសុខជាតិ។
  6. នៅថ្ងៃទី ០៦ តុលា ២០២២ ជាមួយលោក Jon Finer ដែលជាអនុប្រធានទីប្រឹក្សា សន្តិសុខជាតិ។
  7. នៅថ្ងៃទី ០៦ តុលា ២០២២ ជាមួយលោកស្រី Kimberly Lang ដែលជាជំនួយការប្រតិបត្តិនៃទីប្រឹក្សាសន្តិសុខជាតិ។
  8. នៅថ្ងៃទី ១៤ តុលា ២០២២ ជាមួយលោកស្រី Mariana Adam ដែលជាទីប្រឹក្សារបស់ Steve Ricchetti (២ដង)។
  9. នៅថ្ងៃទី ០១ ធ្នូ ២០២២ ជាមួយលោកស្រី Nina Srivastava ដែលជាទីប្រឹក្សា របស់ប្រធានបុគ្គលិក លោក Ron Klain។
  10. នៅថ្ងៃទី ០១ ធ្នូ ២០២២ នៅឯអាហារពេលល្ងាចសម្រាប់ប្រធានាធិបតីបារាំង Emmanuel Macron ដែលត្រូវបានចូលរួមដោយប្រធានាធិបតី Biden។
  11. នៅថ្ងៃទី ០២ ធ្នូ ២០២២ ជាមួយលោក Jon Finer ដែលជាទីប្រឹក្សារងសន្តិសុខជាតិ។
  12. និងនៅថ្ងៃទី ០២ ធ្នូ ២០២២ ជាមួយលោកស្រី Mariana Adam ដែលជាទីប្រឹក្សារបស់ទីប្រឹក្សា លោក Steve Ricchetti។

គេមិនបានដឹងច្បាស់ទេថា «តើប្រធានបទអ្វីដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំទាំងនេះ» ហើយសេតវិមានក៏មិនទាន់បានធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរបស់លោក Alexander Soros នៅឡើយដែរ។ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថា «លោកមានកិច្ចប្រជុំជាច្រើនជាមួយមន្ត្រីកំពូលៗរបស់សេតវិមានបានធ្វើឱ្យអ្នកស្រាវជ្រាវអភិរក្សនិយមមួយចំនួនចោទសួរថា តើគ្រួសារ Soros អាចមានឥទ្ធិពលហួសហេតុពេកលើរដ្ឋបាល Biden ដែរឬទេ»។

លោក Mike Howell នាយកនៃគម្រោងត្រួតពិនិត្យនៅមូលនិធិអភិរក្សបេតិកភណ្ឌបានចាត់ទុកសិទ្ធិរបស់ Alexander Soros ក្នុងការចូលទៅកាន់សេតវិមានជា «បញ្ហា» ដោយសារឥទ្ធិពលនយោបាយដែលមានស្រាប់របស់គ្រួសារ Soros ។ លោក Howell បាននិយាយថា «របៀបវារៈរបស់ Soros គឺមានពាក់ព័ន្ធនឹងការសម្លាប់ និងការបំផ្លិចបំផ្លាញក្រោមលេសបើកចំហព្រំដែន និងការបញ្ចប់អរិយធម៌លោកខាងលិច។ ការគ្រប់គ្រងរបស់ Biden និងសកម្មភាពរបស់ព្រះរាជអាជ្ញាក្លែងក្លាយ អាចជារឿងដ៏មហន្តរាយបំផុតនៅអាមេរិក បើគិតរហូតមកដល់បច្ចុប្បន្ន»។

ទោះជាយ៉ាងណាក៏ដោយ អ្នកអត្ថាធិប្បាយសេរីបានប្រឆាំងនឹងការរិះគន់ទាំងនេះ ដោយលើកហេតុផលថា «ដំណើរទស្សនកិច្ចរបស់ Alexander Soros ទៅកាន់សេតវិមានគឺគ្រាន់តែជាផ្នែកនៃតួនាទីរបស់លោកក្នុងនាមជាតួអង្គសំខាន់នៅក្នុងនយោបាយកំណែទម្រង់ប៉ុណ្ណោះ»៕

Sputnik

អត្ថបទទាក់ទង