ទស្សនៈពលរដ្ឋ៖ «តើសន្តានអ្នកនយោបាយប្រឆាំងសុទ្ធតែស្មោកគ្រោកបែបនេះឬ?»
ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ មិនថានៅតាមតុកាហ្វេ ផ្សារ ឬក្លឹបហាត់ប្រាណនោះទេ ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត យើងកត់សំគាល់ឃើញថាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនថាប្រុសរឺស្រី យុជនរឺមនុស្សចាស់នោះឡើយ ពួកគេនាំគ្នាជជែកលេងនិងសំដែងការហួសចិត្តចំពោះពាក្យសំដីនិងទង្វើរបស់ លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនដែលបែកធ្លាយតាមហ្វេសប៊ុក។ ហួសចិត្តត្បិតបានលឺពាក្យសម្តីអសុរោះដែល លី សុធារ៉ាយុត្តិ ប្រើជាមួយដៃគូស្នេហារបស់ខ្លួនយ៉ាងក្តៅសាច់ ស្រើបស្រាលដែលធ្វើអោយមហាជនទូទៅបានដឹងនិងយល់ច្បាស់អំពីភាពស្មោកគ្រោកនិងអសីលធម៌ដ៏គួរឲ្យខ្ពើមរអើមរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា។
គ្រាន់តែផេកកម្ពុជាពិតមួយដែលនិយាយពីរឿង លី សុធារ៉ាយុត្តិ មានអ្នកមើលដល់ទៅជាងមួយលាននាក់។
ជាធម្មតា រឿងស្នេហាជារឿងធម្មជាតិរបស់មនុស្សលោកហើយក៏អាចចាត់ទុកជារឿងឯកជនដែរ។ ប៉ុន្តែសំរាប់ករណី លី សុធារ៉ាយុត្តិ វាពិតជាបានដើរហួសផុតពីក្របខណ្ឌនៃឯកជនភាពទៅហើយពីព្រោះវាបានប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សង្គម ជាពិសេសប៉ះពាល់ដល់តម្លៃស្ត្រី និងសីលធម៌សង្គមទាំងមូលយ៉ាងធ្ងន់ធ្ងរបំផុតពីព្រោះ
- លី សុធារ៉ាយុត្តិ គឺជាអ្នកនយោបាយ, ជាបុគ្គលសាធារណៈដែលត្រូវសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ។ ដូច្នេះ ពលរដ្ឋត្រូវតែដឹងរឿងពិតនៅក្នុងឆាកនិងក្រៅឆាករបស់បុគ្គលនេះជាចាំបាច់ជាពិសេសគឺ ឈាមថ្មីរបស់បក្សប្រឆាំងថាតើជាឈាមល្អបរិសុទ្ធ រឺឈាមដែលពោរពេញដោយមេរោគ»។
- ភាពជាព្រាននារី និងពាក្យសម្តីអសុរោះដ៏គួរឲ្យស្អប់ខ្ពើមដែល លី សុធារ៉ាយុត្តិ បានប្រើចំពោះបណ្តាស្ត្រីដែលជាដៃគូស្នេហារបស់ខ្លួន គឺជាសម្តីដែលសង្គមខ្មែរពិតជាមិនអាចទទួលយកបាននោះឡើយ និង
- អំពើសាហាយស្មន់ជាមួយស្ត្រីដែលមានប្តីគឺជាអំពើអសីលធម៌ដែលមនុស្សប្រុសឬ ស្ត្រីខ្មែរមិនអាចធ្វើទៅរួចឡើយប្រសិនបើពួកគេមានគុណធម៌និងសិលធម៌ជាមនុស្ស ជាពិសេស បើគេជាអ្នកនយោបាយ រឺ បុគ្គលសាធារណ:។
ហេតុផលទាំងបីយ៉ាងដូចបានលើកឡើងខាងលើនេះគឺជាសក្ខីកម្មដែលបញ្ជាក់ថា ការបែកធ្លាយសំឡេងរបស់ លី សុធារ៉ាយុត្តិ គឺជារឿងត្រឹមត្រូវនិងជាមហាសំណាងសំរាប់មហាជនដែលជាម្ចាស់ឆ្នោត ពីព្រោះពួកគាត់ត្រូវការដឹងលឺរឿងអ្នកនយោបាយមុននឹងផ្តល់នូវការទុកចិត្តទៅលើពួកគេ។
លឺសំឡេង លី សុធារ៉ាយុត្តិ ធ្វើឲ្យមហាជនទូទៅនឹកឃើញភ្លាមមួយរំពេចដល់រឿងអាស្រូវផ្លូវភេទ របស់ពិរុទ្ធជន កឹម សុខា ជាមួយបណ្តាស្រីៗជាច្រើន មិនថាជាមួយស្រីខ្មែររឺស្រីយួនដែលគាត់មានទាំងកូនជាមួយកាលពីពេលកន្លងទៅ ហើយដែលស្នៀតរបស់ កឹម សុខា នេះក៏មិនខុសប៉ុន្មានពី លី សុធារ៉ាយុត្តិដែរពោលគឺការប្រើពាក្យស្រើបស្រាល អសុរោះ និងអសីលធម៌នៅក្នុងទំនាក់ទំនងស្នេហាលួចលាក់សាហាយស្មន់របស់ខ្លួន។ កន្លងទៅ ក៏មានអ្នកនយោបាយប្រឆាំងជាច្រើននាក់ទៀតដែលបែកធ្លាយសកម្មភាពផ្លូវភេទដ៏ស្រើបស្រាលនិងអសីលធម៌បំផុត។
មូលហេតុដែលមហាជនត្រូវដឹងរឿងអស់ទាំងនេះពីព្រោះពួកគេជាម្ចាស់ឆ្នោត និងជាអ្នកត្រូវផ្តល់សំឡេងគាំទ្រនៅពេលបោះឆ្នោត ព្រោះនៅលើការជាក់ស្តែង ក៏មានអ្នកនយោបាយជាច្រើនគឺជាមនុស្សលាក់ពុតពោលគឺនៅចំពោះមុខមហាជន ពួកគេធ្វើឬកដូចជាហំហួនណាស់ ទ្រឹស្តីហៀរដល់កែងដើម្បីបង្ហាញថា ពួកគេជាមនុស្សមានសីលធម៌ ស្រឡាញ់យុត្តិធម៌សង្គម និងជាគំរូដល់មហាជន ប៉ុន្តែតាមការពិត គឺជាមនុស្សសម្តីបាតផ្សារ ងប់ងល់ នឹងកាមគុណនិងសហាយស្មន់មិនរើសមុខ។
វិលមកនិយាយពី លី សុធារ៉ាយុត្តិ វិញ ម្ចាស់ហ្វេសប៊ុកដែលមាន ប្រភពចេញមកពីសហរដ្ឋអាមេរិកដែលជាអ្នកបញ្ចេញសារសំឡេងរបស់បុរសរូបនេះ បានបញ្ជាក់ថា លី សុធារ៉ាយុត្តិ គឺជាកំពូលមនុស្ស ល្មោភកាមដែលពិបាករកដៃគូមកប្រៀបបាន។ និយាយដោយខ្លី បុរសរូបនេះចុះទៅដល់ខេត្តណាមានប្រពន្ធចុងនៅខេត្តនោះ ហើយចុះទៅឃុំណាមានស្រីស្នេហ៍នៅក្នុងឃុំនោះ ដោយមិនគិតថា ស្ត្រីនោះនៅលីវ ឬមានប្តីនោះឡើយ ពោលគឺឲ្យតែមានឱកាស លី សុធារ៉ាយុត្តិ ត្របាក់មិនរើសមុខ។ សំណួរសួរថា តើបុរសរូបនេះបានលុយមកពីណាសម្រាប់ធ្វើនយោបាយផង និងសម្រាប់ចិញ្ចឹមប្រពន្ធចុងនិងស្រីស្នេហ៍ដ៏ច្រើនរាប់មិនអស់ផង? សំណួរនេះមានតែអ្នកបរិច្ចាគលុយឲ្យក្រុមប្រឆាំងទេទើបយល់និងអាចឆ្លើយបាន។
នៅឯក្រៅប្រទេស ពលរដ្ឋខ្មែរជាច្រើនបានបរិច្ចាគលុយដាក់ស្រោមសំបុត្រឲ្យទណ្ឌិត សម រង្ស៊ី ដើម្បីបំពេញភាពហ៊ឺហារ ចាយវាយ និងដំណើរកម្សាន្តសប្បាយគ្រប់ទិសទីអស់ពេលជាច្រើនទសវត្សរ៍មកហើយ។ ចំណែក អេង ឆៃអ៊ាង មិនត្រឹមតែចិញ្ចឹមស្រី តែក៏ជាមនុស្សងប់នឹងល្បែងហើយចិញ្ចឹមបនល្បែងកាស៊ីណូថែមទៀត។ ពលរដ្ឋអ្នកបរិច្ចាគលុយជាច្រើនបានធ្លាក់ខ្លួនក្រ ខណៈដែលក្រុមមេដឹកនាំអ្នកនយោបាយប្រឆាំងទាំងឡាយបានបង្ហាញនូវភាពស្តុកស្តម្ភ មានលុយចាយសប្បាយហ៊ឺហារ ចិញ្ចឹមស្រី និងចិញ្ចឹមបនល្បែងគ្រប់ទិសទី។
សរុបមកវិញ ទាំងទណ្ឌិត សម រង្ស៊ី កឹមសុខា អេង ឆៃអ៊ាង ហូរ វ៉ាន់ លី សុធារ៉ាយុត្តិ និងអ្នកដឹកនាំបក្សប្រឆាំងជាច្រើនទៀតសុទ្ធតែមានសន្តានដូចគ្នា។ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានស្គាល់ក្រយ៉ៅក្រុមនេះច្បាស់ហើយ។
នេះក៏ជាហេតុផលដែលពលរដ្ឋខ្មែរមិនថាអ្នករស់នៅក្នុងឬក្រៅប្រទេសឡើយដែលពីមុនធ្លាប់ចាញ់ល្បិចកលរបស់ក្រុមមេបោកទាំងនេះ បានភ្ញាក់ខ្លួន ហើយបោះបង់ចោលក្រុមនេះដោយងាកមកចូលរួមជាបន្តបន្ទាប់ក្នុងជីវភាពនយោបាយជាមួយគណបក្សផ្សេងៗវិញ ជាពិសេស ភាគច្រើនបំផុតបានមកចូលរួមជាមួយបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន ដែលធ្វើឲ្យក្រុមប្រឆាំងដែលដឹកនាំដោយអ្នកនយោបាយសុទ្ធសឹងតែមានសន្តានស្មោកគ្រោកដូចគ្នាបែបនេះ។
ដោយ : អ្នកនយោបាយតុកាហ្វេ