ខ្មែរប៉ុស្ដិ៍ Close

នៅក្នុងយុគសម័យថ្មីរបស់លោក Xi មជ្ឈមណ្ឌលគោលនយោបាយការបរទេសរបស់ ចិននឹងជួបប្រទះនឹងបញ្ហាប្រឈម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 49
នៅក្នុងយុគសម័យថ្មីរបស់លោក Xi មជ្ឈមណ្ឌលគោលនយោបាយការបរទេសរបស់ ចិននឹងជួបប្រទះនឹងបញ្ហាប្រឈម នៅក្នុងយុគសម័យថ្មីរបស់លោក Xi មជ្ឈមណ្ឌលគោលនយោបាយការបរទេសរបស់ ចិននឹងជួបប្រទះនឹងបញ្ហាប្រឈម

រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន លោក Qin Gang បានធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំជាលើកដំបូង របស់លោកកាលពីថ្ងៃអង្គារនៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន (NPC)។ ការប្រាស្រ័យទាក់ទងជាលើកដំបូងរបស់លោក Qin ជាមួយអ្នកសារព័ត៌មានក្នុងរយៈពេលវែង បានផ្លាស់ប្តូរការយល់ឃើញពីមុន ដែលថា «លោក Qin នឹងអនុវត្តវិធីសាស្ត្ររួសរាយរាក់ទាក់ធម្មតាក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិន»។

លោក Qin ថែមទាំងត្រូវបានគេសួរនាំដោយផ្ទាល់អំពីការយល់ឃើញដែលថា ការតែងតាំងរូបលោកមានន័យថា «ប្រទេសចិននឹងប្រកាន់យកវិធីសាស្រ្តដ៏ទន់ភ្លន់សម្រាប់ទំនាក់ទំនងការទូត»។ ជាការឆ្លើយតប លោកបានដកស្រង់សម្តីរបស់ខុងជឺថា «មនុស្សម្នាក់គួរតែតបស្នងចំពោះទឹកចិត្តសប្បុរស ដោយទឹកចិត្តសប្បុរស និងតបស្នងការប្រឆាំងដោយភាពយុត្តិធម៌»។

លោក Qin បាន ប្រកាសថា «ការទូតរបស់ចិនគឺពោរពេញទៅដោយសុច្ឆន្ទៈ និងសេចក្តីសប្បុរស ក៏ប៉ុន្តែប្រសិនបើយើងត្រូវប្រឈមមុខនឹងក្រុមសត្វចចក ឬឆ្កែព្រៃ អ្នកការទូតចិនគឺគ្មានជម្រើសអ្វីឡើយក្រៅពីការប្រឈមមុខនឹងពួកគេដើម្បីការពារមាតុភូមិរបស់យើង»។ វាក៏មិនខុសពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសស៊ុយអែតដែលធ្លាប់បានលើកឡើងថា «យើងនឹងទទួលមិត្តរបស់យើងដោយស្រាល្អ ប៉ុន្តែសម្រាប់សត្រូវ យើងនឹងទទួលពួកគេដោយកាំភ្លើង»។

បើទោះបីជាលោក Qin បានច្រានចោលនូវការសន្និដ្ឋានដែលថា «យុទ្ធសាស្ត្រការទូតអ្នកចម្បាំងចចកគឺជាអន្ទាក់» ក៏ដោយ ក៏វាបានបង្ហាញយ៉ាងច្បាស់ថា «ស្មារតីជាមូលដ្ឋានរបស់វានឹងនៅតែបន្តកើតមាន»។ ចិននឹងបន្តអនុវត្តនូវវិធីសាស្រ្តការទូតបែបហិង្សាដោយគ្មានការសុំទោស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេចាត់ទុកជាបញ្ហាប្រឈមអន្តរជាតិដ៏លំបាកបំផុត។

លោក Qin បាននិយាយថា «ដំណើរថ្មីនៃការទូតរបស់ចិនគឺជាដំណើរឆ្ពោះទៅរកភាពរុងរឿង និងក្តីសុបិន ហើយវាក៏ជាដំណើរដ៏វែងឆ្ងាយផងដែរដែលនឹងត្រូវឆ្លងកាត់ព្យុះភ្លៀងជាច្រើន។ បេសកកម្មកាន់តែពិបាកនឹងផ្តល់មកវិញនូវសមិទ្ធិផលកាន់តែរុងរឿង»។ សំនៀងជាទូទៅគឺពិតជាស្របគ្នាជាមួយនឹងការសង្កត់ធ្ងន់សារជាថ្មីទៅលើសារដែលមានខ្លឹមសារថា «ហ៊ានតស៊ូ – 敢于斗争» (អ្នកសង្កេតការណ៍បរទេសបានហៅពាក្យស្លោកនេះថាជា «ការទូតអ្នកចម្បាំងចចក»)។

វាហាក់បីដូចជាពាក្យដែលត្រូវបានគេច្នៃប្រឌិតថ្មីឡើង ដើម្បីជំនួសឲ្យពាក្យស្លោក «លាក់សមត្ថភាពរបស់អ្នក និងរង់ចាំឱកាសហុចឱ្យ» របស់លោក Deng Xiaoping ។ ជាការពិត ប្រយោគ «ហ៊ានតស៊ូ» ត្រូវបានគេបញ្ចូលនៅចុងបញ្ចប់នៃគោលនយោបាយការបរទេសដ៏វែង ដែលលោក Xi បានលើកឡើងនៅឯកិច្ចប្រជុំឧស្សាហកម្មកាលពីពេលថ្មីៗនេះ។

លោក Xi បានធ្វើការព្រមាននៅក្នុងផ្នែកមួយនៃសុន្ទរកថាថា «នៅពេលអនាគត ហានិភ័យនិងបញ្ហាប្រឈមដែលយើងនឹងជួបប្រទះនឹងមានចំនួនកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ»។ លោកបានជំរុញឲ្យមានការឯកភាពជាតិ ហើយប្រជាជនទាំងអស់ត្រូវតែលះបង់កម្លាំងកាយចិត្ត ដើម្បីអាចសម្រេចគោលដៅរួម។ លោកបានប្រកាសថា «លុះត្រាតែប្រជាជនហ៊ានតស៊ូ ហើយពូកែតស៊ូ ទើបយើងអាចដណ្តើមបានជ័យជំនះថ្មី និងកាន់តែអស្ចារ្យជាងនេះ»។

ពាក្យស្លោក «ហ៊ានតស៊ូនិងពូកែតស៊ូ» ខាងលើក៏ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ការងាររបស់លោក Xi ទៅកាន់មហាសន្និបាតបក្សលើកទី ២០ ផងដែរ ដើម្បីដាក់ជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយការបរទេសនៅក្នុងយុគសម័យថ្មី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ «ពាក្យស្លោកនេះត្រូវបានគេប្រើដើម្បីសំដៅទៅលើបញ្ហាប្រឈម ទាំងនៅក្នុង និងក្រៅប្រទេស»។

តាមពិតទៅ វាមានប្រភពចេញពីបរិបទនៃវីរុសកូវីដ-១៩ ដោយក្នុងនោះ ពាក្យស្លោកខាងលើត្រូវបានគេលើកឡើងជាលើកដំបូងនៅក្នុងសុន្ទរកថាដែលលោក Xi បាននិយាយនៅក្នុងពិធីអបអរសាទរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតថ្នាក់ជាតិកាលពីខែកញ្ញា ឆ្នាំ ២០២២។

មិនថាពាក្យ «ការតស៊ូ» ត្រូវបានគេផ្តោតទៅលើរឿងខាងក្រៅ ឬខាងក្នុងនោះទេ គោលការណ៍ជាមូលដ្ឋានគឺមានភាពដូចគ្នា ដែលនោះគឺ «ប្រជាជនចិនត្រូវតែរួបរួមគ្នាជាធ្លុងមួយ ហើយមិនត្រូវមានការភ័យខ្លាចនៅក្នុងការប្រយុទ្ធនោះទេ ហើយពួកគេគួរតែមានមោទនភាពក្នុងការអាចក្លាយជាមនុស្សដែលពូកែប្រយុទ្ធ»។ លោក Xi បានប្រកាសថា «ការតស៊ូគឺជាសិល្បៈមួយ ហើយយើងត្រូវតែពូកែប្រយុទ្ធ។ ការអនុវត្តនឹងធ្វើឱ្យយើងពូកែឥតខ្ចោះ»។

ពិតណាស់ ការតស៊ូនេះភាគច្រើនគឺចង់ផ្តោតសំដៅទៅលើអាមេរិក ដោយក្នុងនោះចិនបានស្តីបន្ទោសអាមេរិកចំពោះបរិយាកាសខាងក្រៅដ៏អរិភាព និងបញ្ហាលំបាកនានាដែលកំពុងកើតមាន។ លោក Qin បាន និយាយនៅក្នុងសន្និសិទកាសែតរបស់លោកថា «អាមេរិកមានបំណងទប់ស្កាត់ និងគាបសង្កត់លើចិននៅគ្រប់ទិដ្ឋភាពទាំងអស់ ហើយវានឹងធ្វើឱ្យប្រទេសទាំងពីរជាប់គាំងនៅក្នុងការប្រកួតប្រជែងឈ្នះចាញ់ដាច់ខាត»។

លោកបានព្រមានថា «វានឹងបង្កផលវិបាកដ៏មហន្តរាយ ប្រសិនបើអាមេរិកមិនផ្អាកសកម្មភាព ហើយនៅតែបន្តបង្កើនល្បឿននៅក្នុងផ្លូវខុស»។ លោក Qin ក៏បានច្រានចោលផងដែរនូវការអំពាវនាវរបស់រដ្ឋបាល Biden ក្នុងការ «បង្កើតរនាំងការពារ» ដើម្បីជួយគ្រប់គ្រងការប្រកួតប្រជែងរវាងចិននិងអាមេរិក ដោយក្នុងនោះចិនបានមើលឃើញយ៉ាងច្បាស់អំពីភាពមិនសមរម្យនៃគោលនយោបាយរបស់អាមេរិកដែលរាប់ចាប់តាំងពីការដាក់ទណ្ឌកម្មទៅលើឧស្សាហកម្មបច្ចេកវិទ្យារបស់ចិនរហូតដល់ការបង្កើនវត្តមានយោធានៅតំបន់ក្បែរខាងប្រទេសចិន។

លោក Qin បាននិយាយទាំងកំហឹងថា «ការបង្កើតរនាំងការពាររបស់លោក Biden សម្រាប់ទំនាក់ទំនងចិន-អាមេរិក និងការមិនចង់បង្កើតឱ្យមានជម្លោះ មានន័យថា : ប្រទេសចិនមិនគួរឆ្លើយតបទាំងជាពាក្យសម្ដី ឬសកម្មភាពនៅពេលដែលខ្លួនត្រូវបានគេបង្កាច់បង្ខូច ឬវាយប្រហារ។ វាពិតជារឿងមិនអាចទៅរួចនោះទេ»។

ពាក្យស្លោករបស់លោក Deng ដែលថា «សំងំលាក់ខ្លួន និងរង់ចាំឱកាស» ត្រូវបានគេលើកឡើងជាយូរមកហើយ ដើម្បីគាំទ្រដល់ការដាស់តឿនរបស់ Xi ឱ្យ «ខិតខំបង្កើតឱ្យមានសមិទ្ធិផល»។ ឥឡូវនេះ វាត្រូវបានគេធ្វើឱ្យប្រសើរឡើង និងផ្លាស់ប្តូរទៅជា «ការហ៊ានតស៊ូ» នៅចំពេលដែលចិនយល់ថា «ការគំរាមកំហែងកំពុងកើតមានកាន់តែខ្លាំងឡើងចំពោះការបន្តអភិវឌ្ឍរបស់ខ្លួន»។

មេដឹកនាំចិនបានទម្លាក់ចោលនូវគំនិតដែលថា «ប្រទេសនេះកំពុងស្ថិតនៅក្នុងរយៈនពេលនៃឱកាសយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍ»។ ជំនួសមកវិញ លោក Xi និងអ្នកតំណាងរបស់លោកបានមើលឃើញថា «ប្រទេសចិនកំពុងជាប់នៅក្នុងអត្ថិភាពដែលកាន់តែអាក្រក់ឡើង នៅចំពេលកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ ទាំងនៅក្នុងទិដ្ឋភាពក្នុងស្រុកនិងក្រៅស្រុក»។ អ្នកដែលរំពឹងថានឹងមានការផ្លាស់ប្តូរនៅក្នុងកិច្ចការការទូតរបស់ចិនគួរតែធ្វើការកត់សម្គាល់អំពីរឿងនេះ៕

The Diplomat

អត្ថបទទាក់ទង