ខ្មែរប៉ុស្ដិ៍ Close

អ្វីដែលគេរំពឹងថានឹងទទួលបានពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កូរ៉េខាងត្បូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 151
អ្វីដែលគេរំពឹងថានឹងទទួលបានពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin-pyo នៅទីក្រុងហាណូយ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។ (Screengrab: Vietnam News Agency / Facebook)

ទំនាក់ទំនងរវាងវៀតណាម-កូរ៉េ មានប្រវត្តិជាយូរអង្វែងណាស់មកហើយ។ កំណត់ត្រានៃទំនាក់ទំនងដំបូងរវាងប្រជាជនទាំងពីរ មានចាប់តាំងពីសតវត្សទី១៣ នៅពេលដែលព្រះអង្គម្ចាស់វៀតណាម Ly Long Tuong នៃរាជវង្ស Ly បានធ្វើចំណាកស្រុកទៅកាន់ប្រទេសកូរ៉េ ហើយបានចូលរួមកម្លាំងជាមួយរាជវង្ស Goryo ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ម៉ុងហ្គោលីចំនួនពីរលើក។

ចាប់ពីសតវត្សទី១៦ ដល់សតវត្សទី១៩ បេសកជនកូរ៉េ និងវៀតណាមបានផ្លាស់ប្តូរកំណាព្យជាមួយគ្នានៅក្នុងអំឡុងពេលនៃដំណើរបេសកកម្មនាំយកសួយសារអាករទៅអោយរាជវង្សម៉េង-ឆេង (Ming-Qing) នៅប្រទេសចិន។ នៅក្នុងសម័យអាណានិគមបញ្ញវន្តស្នេហាជាតិ និងក្រុមបដិវត្តន៍មកពីប្រទេសកូរ៉េ និងវៀតណាមបានធ្វើការផ្លាស់ប្តូរ និងបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រនៃប្រជាជាតិខ្លួន «ដើម្បីទុកជាមេរៀននិងដើម្បីបំភ្លឺដល់ប្រជាជនរបស់ពួកគេ» ខណៈពួកគេក៏បានចែករំលែកនូវ «ការអាណិតអាសូរគ្នាទៅវិញទៅមកក្នុងនាមជាទាសករដូចគ្នា»។

នៅក្នុងអំឡុងពេលសង្គ្រាមត្រជាក់ កូរ៉េនិងវៀតណាម គឺជាជនរងគ្រោះនៃនយោបាយរបស់មហាអំណាច។ ប្រទេសកូរ៉េត្រូវបានបែងចែកទៅជាខាងជើងនិងខាងត្បូងនៅក្នុងឆ្នាំ ១៩៥៣ ហើយវៀតណាមបានទទួលរងនូវជោគវាសនាដូចគ្នានេះដែរនៅក្នុងឆ្នាំ ១៩៥៤ ភ្លាមៗបន្ទាប់ពីសង្គ្រាមវៀតណាមបានចាប់ផ្តើមឡើង។

សង្គ្រាមវៀតណាមគឺជាចំណុចរបត់នៃសោកនាដកម្មនៅក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងវៀតណាម។ ពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៣ ប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបានពង្រាយទាហានជាង ៣សែននាក់ទៅកាន់វៀតណាម ដើម្បីចូលរួមប្រយុទ្ធជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងវៀតណាមខាងជើង។

អរិភាពនៅតែបន្តកើតមានសូម្បីតែក្រោយសង្គ្រាមបានបញ្ចប់នៅក្នុងខែមេសា ឆ្នាំ ១៩៧៥។ នៅខែកក្កដា ឆ្នាំ ១៩៧៨ អ្នកការទូតមកពីកូរ៉េខាងត្បូង កូរ៉េខាងជើង និងវៀតណាមបានចូលរួមនៅក្នុងការចរចាត្រីភាគីស្តីពីការដោះលែងអ្នកការទូតកូរ៉េខាងត្បូង ៣ នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Saigon។ ការចរចានេះត្រូវទទួលរងនូវការបរាជ័យ ហើយក្រោយមក បញ្ហានេះក៏ត្រូវបានដោះស្រាយនៅក្នុងខែមេសាឆ្នាំ ១៩៨០។

ទោះបីជាមិនមានការចូលរួមជាផ្លូវការក៏ដោយ ក៏ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍របស់វៀតណាមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០។ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ Đổi Mới នៅក្នុងឆ្នាំ ១៩៨៦ ប្រទេសវៀតណាមបានចាប់អារម្មណ៍ក្នុងការសិក្សាបទពិសោធន៍ពីសំណាក់ប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធនឹងការអភិវឌ្ឍ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម (CPV) នៅក្នុងខែមេសា ឆ្នាំ ១៩៨៦ លោក Truong Chinh ដែលពេលនោះលោកគឺជាប្រធានក្រុមប្រឹក្សារដ្ឋបានសម្តែងនូវការសរសើរយ៉ាងពន់ពេកចំពោះកូរ៉េខាងត្បូង ដោយពេលនោះលោកបានលើកឡើងថា «កូរ៉េខាងត្បូងបានក្លាយទៅជាប្រទេសឧស្សាហកម្ម ទោះបីជាទទួលបានលំហូរវិនិយោគទុនពីបរទេសតិចតួចក៏ដោយ»។ នៅឆ្នាំ ១៩៨៨ វិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមវៀតណាមបានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា «សេដ្ឋកិច្ចកូរ៉េខាងត្បូង» ក្នុងគោលបំណងលើកសរសើរគំរូឧស្សាហូបនីយកម្មរបស់ទីក្រុងសេអ៊ូល។

នៅលើវិស័យការទូត ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ ១៩៨៨ បានក្លាយជាវេទិកាដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងកូរ៉េខាងត្បូង-វៀតណាម តាមរយៈការអនុញ្ញាតឱ្យគណៈប្រតិភូវៀតណាមអាចធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្រៅផ្លូវការជាមួយសមភាគីកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍ការទូតអូឡាំពិក និងដំណើរទស្សនកិច្ចរបស់មន្ត្រីវៀតណាមជាច្រើន ដូចជាលោក Nguyen Xuan Oanh ប្រធានការិយាល័យសេដ្ឋកិច្ចចំណុះលេខាបក្សទីក្រុងហូជីមិញ និងលោក Vu Tuan រដ្ឋមន្ត្រីឧស្សាហកម្មធុនស្រាលរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូងពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៨៩ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរ។

នៅក្នុងឆ្នាំ ១៩៩០ ប្រទេសទាំងពីរបានចាប់ផ្តើមការចរចាពេញលេញដើម្បីឆ្ពោះទៅរកភាពប្រក្រតីនៃការទូត។ ទោះជាយ៉ាងណា អន្តរាគមន៍យោធារបស់វៀតណាមនៅកម្ពុជានៅតែបានដើរតួជាឧបសគ្គដ៏ធំ។

លោក Lee Sang-ok រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានថ្លែងនៅកាលនោះថា គេគួរបញ្ចប់ការដោះស្រាយបញ្ហានយោបាយកម្ពុជាឱ្យបានចប់មុនពេលដែលដំណើរឆ្ពោះទៅរកប្រក្រតីភាពនៃការទូតទ្វេភាគីអាចកើតមានឡើង។ ការព្រួយបារម្ភរបស់ទីក្រុងសេអ៊ូលបានចាប់ផ្តើមរលាយបាត់បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ១៩៩១។

ការវិវត្តជាបន្តបន្ទាប់ជាច្រើនក៏បានផ្តល់នូវភាពអំណោយផលដល់ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមផងដែរ ដែលរួមមានប្រក្រតីភាពនៃការទូតរវាងចិន-វៀតណាមត្រូវសម្រេច បាននៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩១ វឌ្ឍនភាពជាវិជ្ជមាននៅក្នុងទំនាក់ទំនងអាមេរិក-វៀតណាម និងការបង្កើនទំនាក់ទំនងរវាងវៀតណាម និងរដ្ឋសមាជិកអាស៊ានឱ្យកាន់តែមានភាពប្រសើរឡើង។ វឌ្ឍនភាពផ្នែកការទូតនិងកំណែទម្រង់សេដ្ឋកិច្ចរបស់វៀតណាមបានជួយពង្រឹងដល់ការតាំងចិត្តរបស់កូរ៉េខាងត្បូងក្នុងការឆ្ពោះទៅរកភាពប្រក្រតីភាពនៃទំនាក់ទំនងជាមួយទីក្រុងហាណូយឡើងវិញ។

នៅថ្ងៃទី ២២ ធ្នូ ឆ្នាំ ១៩៩២ កូរ៉េខាងត្បូងនិងវៀតណាមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដើម្បីបង្កើតទំនាក់ទំនងការទូតពេញលេញ។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះ គឺពិតជាស្របទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយទៅវិញទៅមករបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យក្រោយសង្គ្រាមត្រជាក់។ សម្រាប់ប្រទេសវៀតណាម ផលប្រយោជន៍សេដ្ឋកិច្ចនិងគោលនយោបាយការបរទេសនៃ «ការធ្វើពិពិធកម្ម និងពហុភាគី» បានដើរតួជាមូលដ្ឋានសម្រាប់ការបណ្តុះទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល។

នៅក្នុងឆ្នាំ ២០០២ កូរ៉េខាងត្បូងនិងវៀតណាមបានបង្កើនទំនាក់ទំនងរបស់ពួកគេឱ្យទៅជា «ភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងសតវត្សរ៍ទី២១» ហើយពួកគេក៏បានបង្កើនទំនាក់ទំនងរបស់ពួកគេឱ្យដល់កម្រិតនៃ «ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ» នៅក្នុងឆ្នាំ ២០០៩។

ថ្មីៗនេះ ប្រទេសទាំងពីរបានប្រកាសអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc ទៅកាន់ទីក្រុងសេអ៊ូលកាល ពីខែធ្នូ ឆ្នាំ ២០២២។

ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងនៅពេលនេះ ត្រូវបានកសាងឡើងដោយឈរនៅលើមូលដ្ឋានដ៏រឹងមាំដែលផ្អែកទៅលើការពង្រឹងទំនុកចិត្តរវាងគ្នាទៅវិញទៅមក, ការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំ។

សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ទីក្រុងសេអ៊ូលនិងហាណូយបានបន្តការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកដែរ។ ជាឧទាហរណ៍ កិច្ចសហប្រតិបត្តិការសភាទ្វេភាគីបានឈានដល់កម្រិតថ្មីមួយ ជាមួយនឹងការធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក នៅក្នុងឆ្នាំ ២០២១ ពីសំណាក់លោកស្រី Park Byeong-seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។

ដំណើរទស្សនកិច្ចរបស់ពួកគេបាន បង្កើតឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីធ្វើការផ្លាស់ប្តូរកម្រិតខ្ពស់តាមរយៈការបង្កើតក្រុមមិត្តភាពនៃសមាជិក សភាវ័យក្មេងនិងស្ត្រី។

គិតត្រឹមខែកុម្ភៈឆ្នាំ ២០២២ ប្រទេសកូរ៉េខាងត្បូងបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ១,៤ លានដូសដល់វៀតណាម ខណៈដែលក្រុមហ៊ុននិងអង្គការមិត្តភាពកូរ៉េខាងត្បូងបានចូលរួមចំណែកបរិច្ចាគថវិកាជាង ២០ លានដុល្លារអាមេរិកដល់មូលនិធិវ៉ាក់សាំងកូវីដ-១៩ របស់វៀតណាម។

ទន្ទឹមនឹងនេះ ការនាំចេញអ៊ុយរ៉េរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូងចំនួន ២០០ តោន បើទោះបីជាវាមានចំនួនតិចតួចក៏ដោយ ប៉ុន្តែវាបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងដើម្បីដោះស្រាយចំពោះការរឹតបន្តឹងការនាំចេញអ៊ុយរ៉េពីសំណាក់ប្រទេសចិនដែលត្រូវបានដាក់ចេញនៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២១។

មេដឹកនាំវៀតណាមក៏បានជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីគោលនយោបាយវិនិយោគរបស់វៀតណាម។ ហើយអាជ្ញាធរមូលដ្ឋានវៀតណាមក៏បានពង្រីកការគាំទ្រយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងមូលដ្ឋានរបស់ពួកគេផងដែរ។

ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក៏បានជួយបង្កើនភាពធន់នៃទំនាក់ទំនងទ្វេភាគីផងដែរ។ សហគមន៍កូរ៉េនៅក្នុងប្រទេសវៀតណាមមានក្រុមហ៊ុនជាង ៧ ០០០ និងប្រជាជនខ្លួនរស់នៅ ចំនួន ១៨០ ០០០ នាក់ ខណៈពេលដែលជនជាតិវៀតណាមចំនួន ២៤០ ០០០ នាក់ក៏កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

គ្រួសារពហុវប្បធម៌កូរ៉េ-វៀតណាមត្រូវបានគេចាត់ទុកថាជា «អ្នកនាំសារការទូតសាធារណៈ» ដែលបានរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងទ្វេភាគី។ Hallyu ( 한류 ) ឬ Korean Wave ដែលសំដៅទៅលើការផ្សព្វផ្សាយវប្បធម៌ពេញនិយមរបស់កូរ៉េ បាននិងកំពុងពេញនិយមជាខ្លាំងនៅក្នុងប្រទេសវៀតណាម ជាពិសេសនៅក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ២០ និង ៣០ ឆ្នាំ។

ផលិតផលវប្បធម៌កូរ៉េមួយចំនួនដូចជារឿងភាគតាមទូរទស្សន៍ ត្រូវបានទទួលយកដោយទស្សនិកជនវៀតណាមបានយ៉ាងល្អ។ លើសពីនេះ ឥទ្ធិពលនិងប្រជាប្រិយភាពរបស់លោក Park Hang-seo គ្រូបង្វឹកកូរ៉េខាងត្បូងនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (២០១៨-២០២៣) ក៏បានរួមចំណែកដល់ការយល់ឃើញជាវិជ្ជមានរបស់ប្រជាជនវៀតណាមចំពោះកូរ៉េខាងត្បូងផងដែរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំបានដើរតួជាឆ្អឹងខ្នងនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េ (VKFTA) ដែលបានចូលជាធរមានកាលពីខែធ្នូ ឆ្នាំ ២០១៥ ក៏បានដើរតួនាទីយ៉ាងសំខាន់ដូចគ្នា។ គិតត្រឹមចុងឆ្នាំ ២០២១ កូរ៉េខាងត្បូងគឺជាអ្នកវិនិយោគបរទេសធំជាងគេរបស់វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីកើនឡើងដល់ ៧៨,៥ ពាន់លានដុល្លារ។

ការវិនិយោគរបស់កូរ៉េបានគ្របដណ្តប់ទៅលើវិស័យសេដ្ឋកិច្ចដ៏ធំទូលាយ រាប់ចាប់ពីការកែច្នៃ និងការផលិតរហូតដល់អចលនទ្រព្យ ការលក់រាយ និងសំណង់។ ជាមួយនឹងចំនួនប្រជាជនជាង ៩៩ លាននាក់ និងអត្រាកំណើន GDP ជាមធ្យម ៥,៣៣% នៅក្នុងកំឡុងឆ្នាំ ២០១៧-២០២១ ប្រទេសវៀតណាមគឺជាច្រកផ្លូវដ៏ល្អសម្រាប់វិនិយោគិនកូរ៉េក្នុងការពង្រីកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺអនុតំបន់មេគង្គ។

ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងបានជួយឱ្យប្រទេសវៀតណាមអាចកាត់បន្ថយការពឹងផ្អែកពាណិជ្ជកម្មលើប្រទេសចិន ខណៈអ្នកបង្កើតគោលនយោបាយវៀតណាមមួយចំនួនបានមើលឃើញថា ចំណុចនេះគឺជាបញ្ហាសន្តិសុខដ៏សំខាន់ ដោយសារជម្លោះនៅសមុទ្រចិនខាងត្បូងរវាងប្រទេសទាំងពីរ។

បច្ចុប្បន្នកូរ៉េខាងត្បូងគឺជាទីផ្សារនាំចេញធំជាងគេទី៣ របស់វៀតណាម បន្ទាប់ពីអាមេរិកនិងចិន ជាមួយនឹងទំហំនៃការនាំចេញចំនួន ២១,៩៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១។ វៀតណាមមានឱនភាពពាណិជ្ជកម្មចំនួន ៣៤,២៥ ពាន់លានដុល្លារជាមួយកូរ៉េខាងត្បូងនៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីក្រុមហ៊ុនកូរ៉េធំៗបានបង្កើតប្រតិបត្តិការនៅទីនោះ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះមិនត្រូវបានគេមើលឃើញថាជាបញ្ហាចម្បងនោះទេ ដោយសារតែភាគច្រើននៃការនាំចូលរបស់វៀតណាមពីកូរ៉េខាងត្បូងគឺជាវត្ថុធាតុដើមសម្រាប់ផលិតនិងធាតុចូល ជាជាងទំនិញប្រើប្រាស់។

ក្រុមហ៊ុនឈានមុខគេរបស់កូរ៉េខាងត្បូង ដូចជា Samsung, SK, LG, Lotte និង Hyundai បានពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយពួកគេក៏បានជួយធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងហាណូយកាន់តែមានភាពស៊ីជម្រៅផងដែរ។ ឧទាហរណ៍ ក្រុមហ៊ុន Samsung ដែលជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់វៀតណាមបានបណ្តាក់ទុនចំនួន ១៨ ពាន់លានដុល្លារនៅវៀតណាម ហើយមានគម្រោងបង្កើនការវិនិយោគដល់ ២០ ពាន់លានដុល្លារ។

និន្នាការនៃក្រុមហ៊ុនកូរ៉េខាងត្បូងដែលបានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសវៀតណាម ក៏បានបង្កើនល្បឿនផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមួយផ្នែកគឺដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីធ្វើពិពិធកម្មឱ្យឆ្ងាយពីប្រទេសចិន នៅចំពេលមានការរំខានដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ បរិយាកាសសេដ្ឋកិច្ចប្រកបដោយស្ថិរភាពរបស់វៀតណាម និងគោលនយោបាយវិនិយោគផ្ទាល់ពីបរទេសអំណោយផលបានប្រែក្លាយប្រទេសនេះឱ្យទៅជាជម្រើសជាទីពេញចិត្តសម្រាប់វិនិយោគិនកូរ៉េ។

ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីក៏ត្រូវបានសម្របសម្រួលផងដែរពីសំណាក់គោលនយោបាយភាគខាងត្បូងថ្មី (NSP) របស់កូរ៉េខាងត្បូង ដែលត្រូវបានដាក់ឱ្យដំណើរការដោយអតីតប្រធានាធិបតី Moon Jae-in ដើម្បីបណ្តុះទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយរដ្ឋជាសមាជិកអាស៊ាន និងឥណ្ឌា ឱ្យឈានដល់កម្រិតដូចគ្នាដែលប្រទេសនេះមានជាមួយអាមេរិក ចិន ជប៉ុន និងរុស្ស៊ី។ វៀតណាមត្រូវបានគេសរសើរថាជាចំណុចកណ្តាលនៃគោលនយោបាយ NSP ថ្មីនេះ។

តាមសម្ដីរបស់អតីតប្រធានាធិបតី Moon Jae-in បានឱ្យដឹងថា «ទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយអាស៊ានគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ភាពរុងរឿងនិងសន្តិភាពរបស់យើង ហើយវៀតណាមគឺជាចំណុចកណ្តាលនៃទំនាក់ទំនងនោះ»។ អ្នកប្រាជ្ញខ្លះថែមទាំងដាក់ឈ្មោះ «គោលនយោបាយ NSP របស់លោក Moon» ថាជា «យុទ្ធសាស្ត្រវៀតណាមថ្មី» ថែមទៀតផង។

នៅពេលប្រទេសទាំងពីរបានប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) នៅខែធ្នូ ឆ្នាំ ២០២២ កូរ៉េខាងត្បូងបានក្លាយជាមហាអំណាចកណ្តាលដំបូងគេដែលមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ កាលពីមុន វៀតណាមមានតែភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយមហាអំណាច ៣ ប៉ុណ្ណោះ គឺចិន (២០០៨) រុស្ស៊ី (២០១២) និងឥណ្ឌា (២០១៦) ហើយការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាម ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពិតជាបានបង្ហាញថា កូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាម។

ក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មី មេដឹកនាំភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងវិស័យសន្តិសុខដែនសមុទ្រការពារជាតិ និងឧស្សាហកម្មការពារជាតិ។ ចាប់តាំងពីឆ្នាំ ២០១២ មក ប្រទេសទាំងពីរ បានរៀបចំកិច្ចសន្ទនាការពារជាតិទ្វេភាគីប្រចាំឆ្នាំដើម្បីជំរុញការយល់ដឹងអំពីគ្នាទៅវិញទៅមក និងជំរុញសកម្មភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម ដូចជាសន្តិសុខដែនសមុទ្រ និងអាកាសចរណ៍ ក៏ដូចជាការគំរាមកំហែងនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

នៅឆ្នាំ ២០២១ ទីក្រុងសេអ៊ូលនិងហាណូយបានប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែនសមុទ្រ ការផលិតសព្វាវុធ និងការអប់រំ និងបណ្តុះបណ្តាលផ្នែកការពារជាតិ។

កូរ៉េខាងត្បូងបានជួយវៀតណាមពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដោយផ្ទេរយានជំនិះប្រភេទ Pohang-class ទី២ ចំនួន ២ គ្រឿងទៅឱ្យកងទ័ពជើងទឹកប្រជាជនវៀតណាម។ នាវាពិឃាតរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងក៏បានមកដល់កំពង់ផែទីក្រុង Da Nang ចំនួន ៣ លើកនៅក្នុងឆ្នាំ ២០១៧ ឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ហើយក៏បានចូលរួមនៅក្នុងសមយុទ្ធទំនាក់ទំនងជាមួយកងទ័ពជើងទឹកវៀតណាមផងដែរ។

ជំនួយមនុស្សធម៌ និងសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាប្រតិបត្តិការស្វែងរក និងការជួយសង្គ្រោះក៏ជាផ្នែកដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមវៀតណាម-កូរ៉េខាងត្បូងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលមានចក្ខុវិស័យឆ្ពោះទៅដល់ឆ្នាំ ២០៣០។

កូរ៉េខាងត្បូងឥឡូវនេះជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមអ្នកផ្គត់ផ្គង់អាវុធធំៗទាំង៥ របស់វៀតណាម បន្ទាប់ពីរុស្ស៊ីនិងអ៊ីស្រាអែល ដោយបានគ្រប់គ្រងទៅលើការនាំចូលអាវុធរបស់វៀតណាម ៦,៦% នៅក្នុងកំឡុងឆ្នាំ ២០១៧-២០២១។ ខណៈដែលវៀតណាមកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកអាវុធរបស់ខ្លួនលើរុស្ស៊ី វាពិតជាមានឱកាសសម្រាប់កូរ៉េខាងត្បូងដើម្បីក្លាយជាដៃគូអាវុធដែលអាចទុកចិត្តបានសម្រាប់វៀតណាម។ ក្នុងកិច្ចសន្ទនាការពារជាតិជាន់ខ្ពស់លើកទី ១០ កាលពីខែកញ្ញា ឆ្នាំ ២០២២ ទីក្រុងសេអ៊ូល និងហាណូយក៏បានសន្យាក្នុងការជំរុញទំនាក់ទំនងនៅក្នុងវិស័យអាវុធផងដែរ។

នៅក្នុងចំណោម សម្ភារៈការពារជាតិរបស់កូរ៉េខាងត្បូង អ្វីដែលវៀតណាមអាចចាប់អារម្មណ៍នោះ គឺយន្តហោះចម្បាំងល្បឿនលឿន KF-21 ដែលត្រូវបានគេរាយការណ៍ថា «មានតម្លៃសមរម្យ»។ នៅក្នុងការស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្តានុពល ទីក្រុងហាណូយអាចនឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយសម្របសម្រួលរបស់ទីក្រុងសេអ៊ូល ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនតាមរយៈ «ប្រាក់កម្ចីដែលមានភាពបត់បែនសម្រាប់ការទូទាត់សង កញ្ចប់ទូទាត់ចេញ ការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ និងការសហការឧស្សាហកម្មនៅក្នុងវិស័យទាំងឡាយហួសពីវិស័យការពារជាតិ»។

វិធានការងាយស្រួលមួយទៀតសម្រាប់កូរ៉េខាងត្បូងក្នុងការបង្កើនទំនាក់ទំនងផ្នែកការពារជាតិជាមួយវៀតណាម គឺការបង្កើនដំណើរទស្សនកិច្ចកងទ័ពជើងទឹករបស់ខ្លួនទៅកាន់វៀតណាម។ នៅពេលដែលដំណើរទស្សនកិច្ចបែបនេះត្រូវបានធ្វើឡើងជាញឹកញាប់ វាពិតជាអាចជួយជំរុញដល់ទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយមេដឹកនាំនិងសហគមន៍មូលដ្ឋានវៀតណាម ហើយវាក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តទ្វេភាគីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។

ទីក្រុងសេអ៊ូលក៏គួរតែពិចារណាផង ដែរនូវសំណើរនៅពេលថ្មីៗនេះរបស់ទីក្រុងហាណូយសម្រាប់ការផ្ទេរនាវា corvette មួយផ្សេងទៀត ដែលនេះគឺជាវិធានការមួយដែលមិនត្រឹមតែអាចជួយពង្រឹងទំនាក់ទំនង កងទ័ពជើងទឹកទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយលើកទឹកចិត្តដល់អ្នករៀបចំផែនការការពារជាតិវៀតណាមឱ្យពិចារណាលើកិច្ចព្រមព្រៀងអាវុធដ៏ធំជាមួយទីក្រុងសេអ៊ូលនៅពេលអនាគតផងដែរ។

គួរបញ្ជាក់ផងដែរថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មីរវាងវៀតណាមនិងកូរ៉េខាងត្បូង មិនត្រូវបានកំណត់ចំពោះតែកិច្ចសហប្រតិបត្តិការការពារជាតិ និងយុទ្ធសាស្ត្រតែប៉ុណ្ណោះទេ។ វាក៏គ្របដណ្តប់លើ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសទាំង ២ ដែលរួមមានទាំងក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ។

ជាឧទាហរណ៍ ដើម្បីបញ្ចៀសចេញនូវការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក កូរ៉េខាងត្បូងបានសន្យាថានឹងធ្វើការជាមួយវៀតណាមដើម្បីអភិវឌ្ឍឧស្សាហកម្មរ៉ែកម្ររបស់ពិភពលោក ខណៈពេលដែលទីក្រុងហាណូយក៏កំពុងសម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងសេអ៊ូលលើ «បន្ទះឈីប ថ្ម និងការផលិតរថយន្ត» ផងដែរ។

សូមអាន វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប

យោងតាមការឱ្យដឹងពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol «វៀតណាមគឺជាប្រទេសដៃគូស្នូលនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង និងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន»។ លោកប្រធានាធិបតី Yoon ក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការកូរ៉េ-អាស៊ាន និងកូរ៉េ-មេគង្គ។ ជាមួយនឹងចក្ខុវិស័យនេះ ទីក្រុងហាណូយទំនងជានឹងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយអាស៊ីអាគ្នេយ៍របស់ទីក្រុងសេអ៊ូលឆ្ពោះទៅមុខ។

ទោះជាយ៉ាងណាក៏ដោយ វាក៏នៅមានឧបសគ្គសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។ ជាឧទាហរណ៍ ទោះបីជាទំនាក់ទំនងសន្តិសុខនិងការពារជាតិទ្វេភាគីត្រូវបានពង្រឹងក៏ដោយ ក៏ការពង្រឹងនោះនៅតែមានកម្រិតតិចតួច ខណៈដែលសកម្មភាពរួមគ្នាមិនទាន់ត្រូវបានរៀបចំឱ្យបានល្អនៅឡើយ ដែលធ្វើឱ្យវាមានលក្ខណៈមិនសូវញឹកញាប់ និងមិនជាប់លាប់។

ក្នុងពេលជាមួយគ្នានេះ បើទោះបីជាឧស្សាហកម្មការពារជាតិរបស់កូរ៉េខាងត្បូងអាចទទួលបានផលប្រយោជន៍ពីការជំរុញរបស់វៀតណាមសម្រាប់ទំនើបកម្មយោធា និងការធ្វើពិពិធកម្មអាវុធក៏ដោយ ក៏កិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធារបស់ប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។

ទន្ទឹមនឹងនោះ គំនិតនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងការផ្លាស់ប្តូរដែនសមុទ្រ បានក្លាយជាចំណុចលេចធ្លោនៅក្នុងការពិភាក្សាទ្វេភាគី ប៉ុន្តែភាគីទាំងពីរ មិនបានពន្យល់លម្អិតអំពីជំហានឬព័ត៌មានលម្អិតណាមួយបន្ថែមទៀត ដូចជាភាពញឹកញាប់នៃការធ្វើទំនាក់ទំនង ឬប្រធានបទដែលត្រូវគ្របដណ្តប់ដើម្បីធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិតនោះឡើយ។ ទីក្រុងសេអ៊ូល និងហាណូយ គួរតែបង្កើនផែនការជាក់ស្តែងសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេ។

ប្រទេសទាំងពីរ ក៏គួរតែរៀបចំឡើងវិញនូវភាពជាដៃគូ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើង នូវតួនាទីនិងឋានៈរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍រួមរបស់ពួកគេ ជាពិសេសក្នុងការលើកកម្ពស់សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់។

សំណួរសួរថា តើទំនាក់ទំនងដែលបានធ្វើឱ្យប្រសើរឡើងគួរត្រូវបានកែប្រែឡើងវិញដោយរបៀបណា? មធ្យោបាយមួយសម្រាប់ពួកគេដើម្បីអាចសម្រេចបានរឿងខាងលើ គឺការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេក្លាយជា មហាអំណាចកណ្តាលដើម្បីរួមដៃគ្នាបង្កើតពហុភាគីនិយមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង Nguyen Vu Tung បានអះអាងថា វៀតណាមនិងកូរ៉េខាងត្បូងបានជំរុញពហុភាគីនិយមជាយូរយារណាស់មកហើយ ជាពិសេសដោយផ្អែកទៅលើទស្សនវិស័យនិងផលប្រយោជន៍របស់មហាអំណាចកណ្តាល ព្រមទាំងលើកកម្ពស់សារៈសំខាន់នៃយន្តការសហប្រតិបត្តិការពហុភាគីដែលរួម មានទាំងអាស៊ានផងដែរ។

ប្រទេសទាំងពីរ គួរតែធ្វើការរួមគ្នាដើម្បីជំរុញបន្ថែមទៀតនូវចក្ខុវិស័យរួមបែបនេះ ព្រោះវាមិនត្រឹមតែអាចជួយពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចរួមចំណែកដល់សណ្តាប់ធ្នាប់ផ្អែកលើច្បាប់ និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕

Fulcrum

អត្ថបទទាក់ទង