ខ្មែរប៉ុស្ដិ៍ Close

រឿងរ៉ាវដែលអាចកើតមានឡើងនៅក្រោយរបបរបស់លោក Putin

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 41
រឿងរ៉ាវដែលអាចកើតមានឡើងនៅក្រោយរបបរបស់លោក Putin រឿងរ៉ាវដែលអាចកើតមានឡើងនៅក្រោយរបបរបស់លោក Putin

ឥឡូវនេះ ប្រទេសរុស្ស៊ីកំពុងតែទទួលរងនូវការខូចខាត និងការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជម្រើសនៃការធ្វើសង្គ្រាមដោយមិនបានប្រុងប្រយ័ត្នរបស់ប្រធានាធិបតី Vladimir Putin នៅអ៊ុយក្រែន។ «តើអនាគតរបស់ប្រទេសនេះនឹងក្លាយទៅជាយ៉ាងណា?»

សេណារីយ៉ូដែលអាចទៅរួចមានចាប់តាំងពីការដណ្តើមអំណាចពីសំណាក់ទីប្រឹក្សាសន្តិសុខ ដែលជាមនុស្សរឹងរូសដូចជាលោក Nikolai Patrushev រហូតដល់ការទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតដោយក្រុមប្រឆាំងដូចជាលោក Alexei Navalny។

ប៉ុន្តែរឿងមួយដែលច្បាស់បំផុតនោះគឺ «របបរបស់លោក Putin នឹងមិនអាចបន្តរស់រានមានជីវិតនៅក្នុងសង្រ្គាមដែលលោកបានចាប់ផ្តើមនោះឡើយ»។ ទោះជាយ៉ាងណាក៏ដោយ អំណាចរបស់លោក Putin បានលាតសន្ធឹងយ៉ាងទូលំទូលាយទៅលើផ្នែកសេដ្ឋកិច្ចនិងផ្នែកនយោបាយ ហើយផ្នែកទាំងនោះបានស្ថិតនៅក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងពីសំណាក់ថ្នាក់លើ។

រចនាសម្ព័នទាំងមូលនឹងចាប់ផ្តើមប្រេះស្រាំ នៅពេលដែលការគ្រប់គ្រងធ្លាក់ចុះខ្សោយ និងនៅពេលដែលក្រុមផ្សេងៗចាប់ផ្តើមចេញមកធ្វើសកម្មភាពដើម្បីដណ្តើមអំណាចនៅក្រោយការដួលរលំដែលមិនអាចចៀសរួច ហើយភាពរឹងមាំនៃប្រព័ន្ធដែលមានការគ្រប់គ្រងពីថ្នាក់លើចុះមកក្រោមនឹងធ្លាក់ចុះខ្សោយ។

ពេលវេលានៃបញ្ហាថ្មីដែលធ្លាប់ជាប្រធានបទដែលបានកើតឡើងដដែលៗនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី នឹងកើតឡើងភ្លាមៗបន្ទាប់ពីការចាកចេញរបស់លោក Putin។ ប៉ុន្តែគេនៅតែរង់ចាំមើលថា «តើកម្លាំងនយោបាយណាខ្លះនឹងចេញមកបង្ហាញខ្លួន នៅពេលដែលលោក Putin ដួល»។

លោក Putin បានចាប់ផ្តើមធ្វើសង្រ្គាមដោយចិត្តឯង ហើយសូម្បីតែមន្ត្រីសន្តិសុខកំពូលរបស់លោកក៏មិនបានសាទរចំពោះរឿងនេះដែរ។ នេះគឺរឿងជាក់ស្តែងដែលបានកើតឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅឯវិមានក្រឹមឡាំងដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ដ៏ល្បីល្បាញកាលពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២២។

ក្រោយរយៈពេល ១ ឆ្នាំ នៃការគាបសង្កត់ និងការឃោសនាឥតឈប់ឈរការគាំទ្ររបស់សាធារណជនរុស្ស៊ីចំពោះសង្រ្គាមរបស់លោក Putin នៅតែមានកម្រិត ដោយក្នុងនោះលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា «មនុស្សភាគច្រើនពេញចិត្តនឹងការចរចាស្វែងរកសន្តិភាព»។ មេដឹកនាំ ឬក្រុមណាដែលនឹងផុសឡើងបន្ទាប់ពីការដួលរបស់លោក Putin ត្រូវចាត់ទុក «ការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស» ជាគោលដៅអាទិភាព។

ប៉ុន្តែនេះមិនមែនមានន័យថា «វានឹងមានភាពងាយស្រួលក្នុងការបញ្ឈប់សង្គ្រាម ហើយអាចធ្វើឱ្យអ្វីៗត្រឡប់ទៅរកស្ថានភាពដូចមុនការឈ្លានពាននោះទេ»។ វាអាចនឹងមានការអំពាវនាវឱ្យមានការបន្តនូវរបៀបវារៈចក្រពត្តិនិយមបែបឈ្លានពានកាន់តែខ្លាំង ហើយពួកគេនឹងខិតខំដើម្បីដណ្តើមយកឈ្នះ ដោយសារពួកគេខ្លាចជីវភាពរស់នៅរបស់ពួកគេជួបប្រទះនឹងបញ្ហា។

ប៉ុន្តែនៅក្នុងស្ថានភាពមួយដែលមតិសាធារណៈគាំទ្រចំពោះការបញ្ចប់សង្រ្គាម ហើយនៅពេលដែលអំណាចរបស់លោក Putin កំពុងតែរងនូវការធ្លាក់ចុះ គួបផ្សំនឹងយន្តការគាបសង្កត់របស់វិមានក្រឹមឡាំងកំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ផង ពួកជាតិនិយមអាចនឹងនាំគ្នាចាប់ផ្តើមចេញមកប្រយុទ្ធនៅក្នុងសមរភូមិ។

ជាងនេះទៅទៀត នៅក្នុងពេលវេលាដ៏លំបាក វាអាចនឹងបង្កើតឲ្យមានការទាមទារនូវអភិបាលកិច្ចកាន់តែរឹងមាំ។ ជាឧទាហរណ៍ : នៅក្នុងទសវត្សរ៍ចុងក្រោយនៃរបបស្តេច Czar ការអំពាវនាវជាច្រើនបានទាមទារឱ្យមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ ហើយផែនការនេះត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

រឿងរ៉ាវនេះអាចនឹងកើតឡើងជាថ្មីម្តងទៀត។ ប៉ុន្តែវាមិនទំនងទេដែលថា «ក្រុមប្រឆាំងរបស់រុស្ស៊ីអាចនឹងរួចចេញពីគុក, និរទេសខ្លួន ហើយឡើងមកដណ្តើមអំណាច»។ ប៉ុន្តែវាក៏មិនមានន័យថា«ចលនានេះគួរត្រូវបានគេមើលរំលងនោះដែរ»។

ទោះបីជាស្ថិតក្រោមកាលៈទេសៈគាបសង្កត់ខ្លាំង និងអយុត្តិធម៌ខ្លាំងក៏ដោយ ក៏អ្នកគាំទ្ររបស់លោក Navalny នៅតែអាចទទួលបានសំឡេងគាំទ្រចន្លោះពី ២០-៣០% នៅក្នុងការបោះឆ្នោត ហើយសំឡេងគាំទ្ររបស់អ្នកបោះឆ្នោតវ័យក្មេងនិងអ្នកនៅទីក្រុងបានកើនឡើងកាន់តែច្រើន។

Channel Youtube របស់លោក Navalny ត្រូវបានមើលឃើញដោយមនុស្សរាប់សិបលាននាក់ ហើយវាមានការផ្សាយអំពីកម្មវិធីព័ត៌មាន និងការងារបច្ចុប្បន្នរបស់លោក ហើយចំនួនអ្នកទស្សនានឹងបន្តកើនឡើងកាន់តែច្រើនបន្ថែមទៀត នៅពេលមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សេងៗទៀតបានបន្តផ្សព្វផ្សាយវីដេអូពី Channel របស់លោក។

លទ្ធផលមួយដែលមិនទំនងជាអាចកើតឡើងនោះគឺ «ការបែកបាក់នៃសហព័ន្ធរុស្ស៊ី»។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការ បង្កើនការគាំទ្រសម្រាប់ការធ្វើសង្រ្គាមរបបរបស់លោក Putin បានលើក ឡើងថា «ការឈ្លានពាននេះគឺជាគោលដៅរបស់លោកខាង លិច» ក៏ប៉ុន្តែតាមពិត លោកខាងលិចមិនមានគោលបំណងបែបនេះឡើយ។

ទោះជាក្នុងករណីណាក៏ដោយ ឥឡូវនេះវាមានហេតុផលសមស្របដែលគេអាចសន្មតបានថា «ឥស្សរជននៅក្នុងរចនាសម្ព័ន្ធអំណាចរបស់រុស្ស៊ីកំពុងពិចារណាអំពីលទ្ធភាពដែលអាចកើតមាននៅក្រោយរបបរបស់ លោក Putin»។ ជាមួយនឹងការ បោះឆ្នោតប្រធានាធិបតីដែលនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០២៤ អនាគតនយោបាយរបស់ប្រទេសនេះបានក្លាយជាប្រធានបទសម្រាប់ការពិភាក្សា។

នៅទីបំផុតជោគវាសនារបស់រុស្ស៊ីនឹងត្រូវសម្រេចដោយប្រជាជនរបស់ពួកគេ។ ការនាំមកនូវការផ្លាស់ប្តូររបបគឺជាភារកិច្ចរបស់ពួកគេ ក៏ប៉ុន្តែវាមិនមែនមានន័យថា «លោកខាងលិចគួរព្រងើយកន្តើយចំពោះការជះឥទ្ធិពលទៅលើការបោះឆ្នោតនេះទេ»។

ផ្ទុយទៅវិញ អ្នកបង្កើតគោលនយោបាយលោកខាងលិចគួរតែស្វែងរកមធ្យោបាយដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តសម្រាប់កម្លាំងដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដើម្បីជួយឱ្យពួកគេអាចទទួលបានជ័យជម្នះ។ លោក Putin មិនមែនអមតៈនោះទេ ហើយភាពទន់ខ្សោយផ្នែកនយោបាយរបស់លោកនឹងត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ៕

Project Syndicate