ខ្មែរប៉ុស្ដិ៍ Close

ខណៈពេលដែលចិនកំពុងកសាងកម្លាំងយោធារបស់ខ្លួន តើឥណ្ឌូណេស៊ីអាចបង្កើនការរក្សាសន្តិសុខក្នុងតំបន់បានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 59
ខណៈពេលដែលចិនកំពុងកសាងកម្លាំងយោធារបស់ខ្លួន តើឥណ្ឌូណេស៊ីអាចបង្កើនការរក្សាសន្តិសុខក្នុងតំបន់បានដែរឬទេ? នាវាឆ្មាំសមុទ្រចិននៅកៀកបង្កើយនឹងនាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីអំឡុងពេលល្បាតនៅតំបន់សមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូនេស៊ីនៅភាគខាងជើងនៃកោះ Natuna ក្នុងខែមករាឆ្នាំ 2020។ រូបថត៖ Antara Foto តាមរយៈ Reuters

សុន្ទរកថារបស់ប្រធានាធិបតី Xi Jinping នៅក្នុងសមាជបក្សលើកទី ២០ កាលពីខែវិច្ឆិកា បានផ្តល់នូវការព្យាករអំពីគោលនយោបាយរបស់ប្រទេសចិនចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដែលនោះគឺ «ការកសាងកម្លាំងយោធា និងការពង្រីកខ្លួននៅឯបរទេស»។

លោក Xi បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាព, សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍរបស់ចិន។ នៅឆ្នាំ ២០១៧ លោកបានអំពាវនាវឱ្យធ្វើកំណែទម្រង់កងទ័ពរំដោះប្រជាជនចិន (PLA) ឱ្យក្លាយទៅជាយោធាលំដាប់ពិភពលោកនៅត្រឹមឆ្នាំ ២០៣៥។

កាលពីឆ្នាំមុន លោក Xi បាននិយាយថា «ការផ្លាស់ប្តូររបស់ PLA ត្រូវតែសម្រេចឱ្យបាននៅត្រឹមខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតនៅខែសីហា ឆ្នាំ ២០២៩»។ ការអភិវឌ្ឍយោធារបស់ចិន ជាពិសេសការធ្វើទំនើបកម្មផ្នែកការពារជាតិអាចបង្ហាញថា «គោលដៅរបស់ចិន ពិតជាអាចនឹងសម្រេចបាននៅក្នុងពេលឆាប់ៗ»។ នាវាផ្ទុកយន្តហោះទី៣ របស់ចិន «Fujian» ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៧ មិថុនា ឆ្នាំមុន។

កងទ័ពជើងទឹកចិនឥឡូវនេះមានចំនួននាវាប្រហាក់ប្រហែលគ្នានឹងសមភាគីអាមេរិកដែរ។ ការសិក្សាមួយដែលបានបោះពុម្ពផ្សាយកាលពីខែកញ្ញាឆ្នាំមុន ដោយវិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺ «មជ្ឈមណ្ឌលសម្រាប់ការវាយតម្លៃយុទ្ធសាស្ត្រ និងថវិកា» បានប៉ាន់ប្រមាណថា «នៅឆ្នាំ ២០៣០ កម្លាំងទ័ពជើងទឹករបស់ចិននឹងកើនឡើង ៤០%»។

បើទោះបីជាមានការកសាងកម្លាំងយោធាក៏ដោយ ក៏លោក Xi នៅតែព្យាយាមបញ្ចុះបញ្ចូលពិភពលោកអំពីការប្តេជ្ញាចិត្តរបស់លោកចំពោះបរិយាកាសសន្តិភាព ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានចែករំលែកទស្សនៈវិស័យនៃគោលនយោបាយការបរទេសដែលមានគោលបំណងរក្សាសន្តិភាពពិភពលោក និងសហគមន៍ដែលមានអនាគតរួមគ្នា បូករួមនឹងការធានាថា «ការអភិវឌ្ឍរបស់ប្រទេសចិនធ្វើឡើងក្នុងគោលបំណងសន្តិភាព»។

ប្រធានាធិបតី Xi Jinping បានសម្តែងការប្តេជ្ញាចិត្តការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន។ រូបថត៖ Xinhua

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយទៅនឹងសុន្ទរកថាមុនៗ សុន្ទរកថាដែលលោកបានថ្លែងនៅក្នុងសមាជលើកទី ២០ បានសង្កត់ធ្ងន់កាន់តែខ្លាំងប្រឆាំងនឹងអនុត្តរភាព, ការចង់បង្កសង្រ្គាមត្រជាក់ និងឯកតោភាគីនិយម។ លោក Xi បាននិយាយថា «ប្រទេសចិននឹងឈរជើងយ៉ាងរឹងមាំដើម្បីប្រឆាំងនឹងគ្រប់ទម្រង់នៃអនុត្តរភាព និងអំណាចនយោបាយដែលមានចេតនាចង់បង្កសង្រ្គាមត្រជាក់, ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងការអនុវត្តស្តង់ដារ ២»។

ការប្តេជ្ញាចិត្តបែបនេះអាចបង្កផលប៉ះពាល់ទាំងរយៈពេលខ្លី និងវែងចំពោះប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសឥណ្ឌូណេស៊ី។ វត្តមានយោធាចិនកាន់តែរឹងមាំនឹងនាំមកនូវការយកចិត្តទុកដាក់ពិសេស ខណៈដែលជម្លោះសមុទ្រចិនខាងត្បូង ដែលពាក់ព័ន្ធនឹងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះទេ នៅចំពេលកើតមានវីរុសកូវីដ-១៩ និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងអាមេរិក។

ទោះបីជាលោក Xi បានសង្កត់ធ្ងន់ទៅលើសន្តិភាពនិងបានច្រានចោលការប្រើប្រាស់កម្លាំងដោយបំពានក៏ដោយ ក៏ភាពគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូងនៅតែបន្តកើនឡើង។ កាលពីដើមសប្តាហ៍នេះ នាវាការពារឆ្នេរឈានមុខគេរបស់ប្រទេសចិន «CCG 5901» ដែលជានាវាដ៏ធំបំផុតនៅលើពិភពលោក បានធ្វើដំណើរជុំវិញកោះ Natuna របស់ប្រទេសឥណ្ឌូណេស៊ី ដែលនៅកៀកជិតសមុទ្រចិនខាងត្បូង (យោងតាមគេហទំព័រតាមដាននាវា Marine Traffic)។

តាមការរាយការណ៍នេះគឺជាការឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរបស់ឥណ្ឌូណេស៊ីសម្រាប់ប្លុក Tuna (Tuna Block) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង, ដែលមានឧស្ម័ន និងដែលស្ថិតនៅចន្លោះឥណ្ឌូណេស៊ីនិងវៀតណាម ដែលមានការវិនិយោគសរុបចំនួន ៣,៧ ពាន់លានដុល្លារ។

កន្លងមក វាក៏មានការលុកលុយពីនាវាចិនផងដែរ ដោយក្នុងនោះ នៅឆ្នាំ ២០២១ នាវាការពារឆ្នេររបស់ចិនចំនួន ៣ គ្រឿងបានវាយប្រហារលើទូកដឹកជញ្ជូនរបស់ហ្វីលីពីន ហើយម៉ាឡេស៊ីក៏បានតវ៉ាប្រឆាំងនឹងនាវារបស់ចិនដែលបានចូលទៅក្នុងទឹកដីរបស់ខ្លួនផងដែរ។

ប្រទេសចិនក៏ត្រូវបានគេរាយការណ៍ថាបានបង្កើនការធ្វើយោធូបនីយកម្មលើកោះមួយចំនួននៅក្នុងដែនសមុទ្រដែលមានជម្លោះផងដែរ។ ខណៈដែលលោក Xi ធ្លាប់បានសន្យាកាលពីឆ្នាំ ២០១៥ ថា «ប្រទេសចិននឹងមិនធ្វើយោធូបនីយកម្មលើកោះទាំងនេះ» ក្រសួងការបរទេសចិនបាននិយាយកាលពីខែមីនាឆ្នាំមុនថា «ប្រទេសចិនមានសិទ្ធិសាងសង់ទីតាំងការពារនៅលើទឹកដីដែលខ្លួនទាមទារថាជារបស់ខ្លួន»។

ទីតាំង​នៃ​តំបន់​ឧស្ម័ន​នៅ​តំន់សេដ្ឋកិច្ចផ្ដាច់មុខ​ Tuna របស់ឥណ្ឌូណេស៊ី

ទំនាក់ទំនងរបស់ឥណ្ឌូណេស៊ីជាមួយចិននឹងត្រូវរងនូវការសាកល្បងដោយការបង្កើនអំណាចយោធារបស់ចិន និងការប្ដេជ្ញាចិត្តរបស់លោក Xi ក្នុងការការពារអធិបតេយ្យភាព និងទឹកដីរបស់ប្រទេសចិន ជាពិសេសគឺទាក់ទងទៅនឹងខ្សែបន្ទាត់ ៩ ចំណុច (nine-dash line) របស់ចិន។

ខ្សែបន្ទាត់នេះបានឆ្លងកាត់ផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី (EEZ) ដែលមានទីតាំងនៅក្នុងដែនទឹកក្បែរកោះ Natuna។ នាវាការពារឆ្នេរ និងអ្នកនេសាទចិនតែងតែធ្វើទុក្ខបុកម្នេញលើទូកនេសាទរបស់ឥណ្ឌូណេស៊ី ដោយក្នុងនោះ នៅឆ្នាំ ២០២១ វាមានរបាយការណ៍អំពីនាវាចម្បាំងរបស់ចិនជាច្រើន បូករួមទាំងប្រភេទនាវាចម្បាំង និងនាវាពិឃាតនៅក្នុងតំបន់ EEZ របស់ឥណ្ឌូណេស៊ីនៅឯកោះ Natuna។

នាវាចិនជាច្រើនគ្រឿងក៏ត្រូវបានគេឃើញផងដែរនៅចុងឆ្នាំមុន នៅពេលដែលចិនបានតវ៉ាប្រឆាំងនឹងការខួងយករ៉ែនៅក្នុងតំបន់ EEZ របស់ប្រទេសឥណ្ឌូណេស៊ី។ ភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទំនងជានឹងបន្តកើនឡើងនៅប៉ុន្មានខែខាងមុខ ដោយក្នុងនោះ បណ្តាប្រទេសលោកខាងលិចបានព្យាយាមចូលរួមនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដើម្បីរារាំងភាពឈ្លានពានរបស់ចិន។

ប្រទេសក្នុងតំបន់រួមទាំងឥណ្ឌូណេស៊ី នឹងត្រូវរៀបចំខ្លួនដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្ទួនៗ ដែលរួមមានយោធាដ៏មានឥទ្ធិពលរបស់ចិន និងការអូសទាញវាឱ្យធ្លាក់ចូលទៅក្នុងភាពតានតឹង ឬកាន់តែអាក្រក់ជាងនេះគឺឧបទ្ទវហេតុដែលមិននឹកស្មានដល់នៅដែនសមុទ្ររវាងចិននិងសហរដ្ឋអាមេរិក និងប្រទេសដែលជាសម្ព័ន្ធមិត្ត។

ឥណ្ឌូណេស៊ីបានប្រកាសរួចហើយថា «ខ្លួននឹងបែងចែកថវិកាចំនួន ១២៥ ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មសម្ភារៈយោធា»។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ថា «ការកែលម្អគុណភាពនិងបរិមាណបុគ្គលិកយោធានៅតែជារឿងដ៏ចាំបាច់»។

ដោយសារឧបទ្ទវហេតុផ្សេងៗនៅផ្នែកខាងជើង Natuna នៃតំបន់ EEZ របស់ប្រទេសឥណ្ឌូណេស៊ី វាគឺជារឿងដ៏សំខាន់ក្នុងការបង្កើនវត្តមាន និងពង្រឹងសមត្ថភាពទាំងយោធា និងអាជ្ញាធរស៊ីវិល ពាក់ព័ន្ធនឹងការដោះស្រាយឧបទ្ទវហេតុដែលអាចនឹងបន្តកើតឡើងកាន់តែញឹកញាប់។

ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ដើរកាត់ទង់ជាតិរបស់ប្រទេសលោកនៅលើកប៉ាល់កងទ័ពជើងទឹក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានយោធានៅកោះ Natuna ដែលមានព្រំប្រទល់ជាប់សមុទ្រចិនខាងត្បូងក្នុងខែមករាឆ្នាំ ២០២០។ រូបថត៖ វិមានប្រធានាធិបតីឥណ្ឌូណេស៊ី តាមរយៈ AFP

ខណៈពេលដែលឥណ្ឌូណេស៊ីនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ វាគួរតែជាឱកាសដ៏ល្អសម្រាប់ទីក្រុងហ្សាការតាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសជាសមាជិក បូករួមទាំងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិសុខក្នុងតំបន់។

ឥណ្ឌូណេស៊ីបានបន្តព្យាយាមបង្កើតជម្រើសឱ្យបានច្រើន ដោយក្នុងនោះ កាលពីខែកុម្ភៈឆ្នាំមុន ឥណ្ឌូណេស៊ីបានអញ្ជើញប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងវៀតណាមឱ្យ ចូលរួមនៅកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។ កិច្ចខិតខំប្រឹងប្រែងបែបនេះចាំបាច់ត្រូវរួមបញ្ចូលការបង្កើនការយល់ដឹងអំពីដែនសមុទ្រ និងការចែករំលែកនូវការអនុវត្តល្អៗ និងព័ត៌មាន។ ក្រៅពីអាស៊ាន ឥណ្ឌូណេស៊ីក៏អាចពង្រឹងជំហររបស់ខ្លួនតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងនៃប្រទេសជាមិត្តផងដែរ។

ភាពជាដៃគូសន្តិសុខបែបនេះ ដែលរួមមានទាំងសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកនិងបារាំង នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាមធ្យោបាយឆ្ពោះទៅមុខក្នុងការរក្សាសន្តិសុខក្នុងតំបន់ ទន្ទឹមនឹងការបង្ហាញឱ្យឃើញថា «ឥណ្ឌូណេស៊ីគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត, សេរី និងសកម្ម»។

កោះ Natunas គឺជា​កោះ​ភាគ​ខាងជើង​បំផុត​របស់​ឥណ្ឌូណេស៊ី ដែល​ជាប់ព្រំប្រទល់ជាមួយ​សមុទ្រ​ចិន​ខាងត្បូង។ រូបថត៖ Getty Images

ការពឹងផ្អែកខ្លាំងពេកផ្នែកសេដ្ឋកិច្ចទៅលើប្រទេសចិន នឹងធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីជួបប្រទះនឹងការលំបាកក្នុងការប្រើអំណាចចរចាជាមួយប្រទេសចិនដែលមានភាពរឹងមាំផ្នែកយោធា និងដែលកាន់តែគឃ្លើននៅ ក្នុងដែនទឹករបស់ឥណ្ឌូណេស៊ី។

ដូច្នេះឥណ្ឌូណេស៊ីគួរតែខិតខំពង្រីកវិសាលភាពនៃមិត្តភាព, នយោបាយ និងសេដ្ឋកិច្ច។ កាលពីពេលថ្មីៗនេះ ឥណ្ឌូណេស៊ីបានពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ហើយក៏អាចបន្តធ្វើវាជាមួយបណ្តាប្រទេសផ្សេងទៀតនៅមជ្ឈឹមបូព៌ា, អាមេរិកឡាទីន និងអាហ្រ្វិកផងដែរ។

ជាមួយនឹងមុខមាត់កាន់តែល្អរបស់ខ្លួន បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំមុន បូករួមនឹងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ វាគឺជាពេលវេលាដ៏សមស្របបំផុតសម្រាប់ឥណ្ឌូណេស៊ីក្នុងការពន្លឿនដំណើរការ និងការដើរតួនាទីកាន់តែសំខាន់នៅក្នុងការធានាសន្តិសុខក្នុងតំបន់៕

South China Morning Post

អត្ថបទទាក់ទង