ខ្មែរប៉ុស្ដិ៍ Close

តើកម្ពុជាអាចក្លាយជារាជធានីទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់តំបន់អាស៊ីអាគ្នេយ៍ដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 72
តើកម្ពុជាអាចក្លាយជារាជធានីទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់តំបន់អាស៊ីអាគ្នេយ៍ដែរឬទេ? ដំណើរកម្សាន្តជំរុំភ្នំក្រវាញ តាមដងទន្លេព្រែកតាចាន់ រូបថតៈ Alex Robinson

ជួរភ្នំក្រវាញស្ថិតនៅចំកណ្តាលនៃព្រៃរងទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយបង្អស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរួមផ្សំទៅដោយទេសភាពនៃវាលភក់ ពណ៌បៃតង, អ័ព្ទ, ជួរភ្នំដ៏ខ្ពស់ ដែលសម្បូរទៅដោយព្រៃរងទឹកភ្លៀងនិងទឹកទន្លេពណ៌ត្នោត។ វាគឺជាទេសភាពដែលអ្នកនឹងឃើញប្រសិនបើអ្នកហោះពីទីក្រុងបាងកកទៅកាន់អង្គរវត្ត។

ឈ្មោះទីតាំងនេះបានទាក់ទាញខ្ញុំកាលពីឆ្នាំមុន នៅពេលដែលខ្ញុំបានឃើញវានៅលើ Google Maps។ ខ្ញុំមិនមានឱកាសទៅលេងឋានសួគ៌នេះ នៅមុនពេលកើតមានវីរុសរាតត្បាតទេ ហើយខ្ញុំបានបន្តរង់ចាំដោយអត់ធ្មត់។ បន្ទាប់មក នៅពេលដែលការរាតត្បាតនៃវីរុសកូវីដ-១៩ បានថមថយ ក៏ស្រាប់មានដំណឹងល្អពីប្រទេសកម្ពុជា ដែលនោះគឺការបើកដំណើរការឡើងវិញដល់ភ្ញៀវទេសចរ។

ប្រទេសកម្ពុជាបានប្រកាសនូវគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពជាច្រើន ដែលបានអនុវត្តគំនិតទាំងនេះពីប្រទេសកូស្តារីកា ដែលជានិមិត្តរូបនៃការអភិរក្ស និងទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ទាំងនេះរួមបញ្ចូលគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក ដែលគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមប្រឆាំងការបរបាញ់សត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី និងផែនការដាក់បន្សាំសត្វខ្លាឥណ្ឌាចូលទៅក្នុងព្រៃនៃភ្នំក្រវាញ (ពួកវាបានផុតពូជពីទីនោះតាំងពីឆ្នាំ ២០០៧)។

យោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) «ចំនួនសត្វខ្លាបានកើនឡើង ៤០% នៅទូទាំងពិភពលោកចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ ដោយសារគំនិតផ្តួចផ្តើមអភិរក្សស្រដៀងគ្នានៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់»។ ខ្ញុំបានកក់ជើងហោះហើររបស់ខ្ញុំ និងគ្រោងធ្វើដំណើរចុះទៅជំរំនៅតាមមាត់ទន្លេនៃជួរភ្នំក្រវាញ។ ទីកន្លែងឈប់សំចតទី១ របស់ខ្ញុំគឺចៀសមិនរួចពីអង្គរវត្តនោះទេ ដោយមានអមជាមួយនឹងមគ្គុទ្ទេសក៍សត្វព្រៃ គឺលោក ឈាង ប៊ុនថា។ យើងបានដើរកាត់ព្រៃដ៏ខ្ពស់ និងប្រាសាទដ៏អស្ចារ្យនៃសតវត្សទី១២។

លោក ឈាង ប៊ុនថា មគ្កុទេស្ទក៍សត្វព្រៃ

ប៊ុនថាបានចង្អុលបង្ហាញសត្វស្លាបដ៏កម្រមួយចំនួននៅទីនោះ ហើយលោកបាននិយាយថា «វីរុសរាតត្បាតអាចជារឿងដ៏ល្អសម្រាប់ព្រៃ ដោយសារចំនួនសត្វកេងកងបានកើនឡើង ហើយអ្នកអាចឃើញវានៅក្នុងទីក្រុងសៀមរាប»។ លោកបានបន្តថា «សត្វទោចត្រូវបានដោះលែង ហើយពួកវាកំពុងបង្កាត់ពូជនៅពេលឥឡូវនេះ។ សត្វភេក៏ដូច្នេះដែរ។ តាមការនិយាយតៗគ្នា សត្វខ្លារខិនក៏ទំនងជានឹងវិលត្រឡប់មកវិញដែរ ហើយវាគឺពិតជាដំណឹងល្អសម្រាប់រុក្ខជាតិ និងសព្វសត្វ»។

សត្វ​ទោចកម្ពុជា​នៅ​ក្នុង​ព្រៃ​ក្បែរ​ខេត្ត​សៀមរាប (រូបភាព Getty/iStockphoto)

លោកបានបន្ថែមទៀតថា «វាគឺជាការរីកដុះដាលនៃពពួកសត្វទាំងនេះដែលបានដាស់ស្មារតីឱ្យអាជ្ញាធរចេះទទួលស្គាល់សម្បត្តិធម្មជាតិរបស់អង្គរ ក៏ដូចជាធនធានប្រវត្តិសាស្ត្រ។ ប្រការនេះបានជំរុញឱ្យពួកគេគិតគួរកាន់តែខ្លាំងអំពីគុណតម្លៃពិតនៃព្រៃឈើ»។ ពួកគេបានសម្លឹងមើលទៅប្រទេសកូស្តារីកា និងប្រាសាទម៉ាយ៉ានរវាងទីក្រុង Cancún និង Guatemala។

ប្រហែលជាអង្គរវត្តអាចត្រូវបានពង្រឹងដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីនៅជុំវិញប្រាសាទ។ លោកប៊ុនថា បាននិយាយដោយចង្អុលទៅកាន់ក្រុមអ្នកលក់អាវយឺត និងទឹកសុទ្ធថា «ពួកគេទាំងនេះនឹងក្លាយជាអ្នកចាញ់»។ លោកបានពន្យល់ថា «ទេសចរណ៍ធម្មជាតិពិតត្រូវតែចាត់ទុកសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ជារឿងសំខាន់»។

វាគឺជាមនោសញ្ចេតនាដែលមានចែងនៅក្នុងនិយមន័យរបស់អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដែលបានពិពណ៌នាទេសចរណ៍ប្រកបដោយនិរន្តរភាពថាជា «ការផ្តល់ឱកាសការងារ និងប្រាក់ចំណូល» និង «ការប្រើប្រាស់អាជីវកម្មខ្នាតតូច ដែលជារបស់ប្រជាជនក្នុងមូលដ្ឋានជាប្រភពផ្គត់ផ្គង់»។

ខ្ញុំបានគិតដល់វិស័យទេសចរណ៍ ដែលមានលក្ខណៈ «បៃតង» និងដែលផ្តោតលើសហគមន៍។ ខ្ញុំបានជ្រើសរើសសណ្ឋាគាររបស់ខ្ញុំដោយយកចិត្តទុកដាក់ ហើយទីស្នាក់របស់ខ្ញុំគឺ «Jaya House» គឺជាទីតាំងដែលគ្មានផ្លាស្ទិក, ប្រើប្រាស់ផលិតផលក្នុងស្រុក និងបានជ្រើសរើសយកតែបុគ្គលិក ដែលជាអ្នកស្រុកសៀមរាប ដែលភាគច្រើនជាប្រជាជនមកពីជនបទដែលតែងជួបការលំបាកក្នុងការស្វែងរកការងារ នៅក្នុងវិស័យទេសចរណ៍ដ៏សំបូរបែបរបស់ទីក្រុង។

រូបភាពនៃសត្វកេងកងលេចចេញពីស្លឹកឈើ (រូបភាព Getty / iStockphoto)

ខ្ញុំក៏បានទៅលេង Apopo ដែលជាកន្លែងដែលសត្វកណ្តុរដែលមានទំហំធំប៉ុនសត្វឆ្មា ត្រូវបានបង្វឹកឱ្យហិតរកគ្រឿងផ្ទុះ និងគ្រាប់មីនដែលត្រូវបានទម្លាក់ដោយយន្តហោះអាមេរិក និងដែលត្រូវបានដាក់ពង្រាយដោយខ្មែរក្រហម និងវៀតណាម។ មីននៅតែមាននៅពេញទឹកដីរបស់ប្រទេសកម្ពុជា។

ខ្ញុំបានធ្វើដំណើរទេសចរណ៍ទៅហូបអាហារជាមួយ Urban Forage និងបានចូលទៅក្នុងភោជនីយដ្ឋានខ្មែរមួយចំនួន ដូចជា Banllé, Mahob, Pou និង Wild ដែលត្រូវបានបើកដោយអតីតបុគ្គលិកជាជនជាតិខ្មែរនៃទីកន្លែងល្បីៗ។ ការចម្អិនអាហារត្រូវបានចម្រាញ់យ៉ាងយកចិត្តទុកដាក់ និងមានរសជាតិឆ្ងាញ់ ដែលជាការច្នៃប្រឌិតឡើងវិញនូវម្ហូបជនបទឱ្យក្លាយជាម្ហូបប្រណីត។

សូម្បីតែទីក្រុងភ្នំពេញដែលជាទីកន្លែងសំចតទី៣ របស់ខ្ញុំ ក៏មានរួមបញ្ចូលនូវទេសចរណ៍ប្រកបដោយនិរន្តរភាពដែរ។ សណ្ឋាគាររបស់ខ្ញុំគឺ «Rosewood Phnom Penh» ដែលមានទេសភាពស្រស់បំព្រងបានណែនាំខ្ញុំអំពីដំណើរទេសចរណ៍ «MOTO GIRL» ដែលជាអាជីវកម្មដែលដំណើរការដោយស្ត្រី និងជាការបណ្តាក់ទុនក្នុងស្រុកតូចមួយដែលត្រូវបានបង្កើតឡើងដោយក្រុមយុវជនកម្ពុជា។ សហគ្រិនទាំងនេះ មានក្តីសង្ឃឹមខ្ពស់ថា «ភ្ញៀវទេសចរនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ»។

ម៉ានិច ដែលជាមគ្គុទ្ទេសក៍ជិះម៉ូតូឌុបលោក Alex នៅភ្នំពេញ (Alex Robinson)

ភ្នំក្រវាញគឺជាកន្លែងឈប់សំចតចុងក្រោយរបស់ខ្ញុំ ដែលជាទីរហោស្ថានដ៏អស្ចារ្យបំផុតរបស់ប្រទេស និងជាគ្រឿងអលង្ការដ៏មានសក្តានុពល។ ខ្ញុំបានជិះទូកលេងតាមដងទន្លេ។ ស៊ីណាដែលជាមគ្គុទ្ទេសក៍ដ៏ល្អម្នាក់ បានប្រាប់ខ្ញុំអំពីសារៈសំខាន់នៃបេសកកម្មរបស់ជំរុំចំពោះអនាគតនៃតំបន់ជួរភ្នំឱក្រវាញ។ ជំរុំ «Tented Camp» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដើម្បីចែកចាយដីឡើងវិញដល់អ្នកស្រុកក្នុងកម្រិតតូច ក៏ប៉ុន្តែប្រកបដោយនិរន្តរភាព។

ប៉ុន្តែការធ្វើសម្បទានជាច្រើនត្រូវបានគេសង្ស័យថាមានទីតាំងនៅកៀកជិតនឹងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដ៏មានអំណាច។ ដោយមានការភ័យខ្លាចអំពីការទន្ទ្រានយកដី ម្ចាស់ជំរុំ «Tented Camp» បានទិញដីទំហំ ១៨ ០០០ ហិចតា ដែលស្ថិតនៅជាប់ឧទ្យានជាតិបុទុមសាគរដ៏ស្រស់ស្អាត។ លោកបានប្រាប់ខ្ញុំថា «ក្រវាញគឺជាជម្រកចុងក្រោយសម្រាប់សត្វ និងរុក្ខជាតិដែលបានបាត់ខ្លួនពីតំបន់អាស៊ីអាគ្នេយ៍ដីគោក។ វានៅតែជាជម្រករបស់សត្វកម្រជាច្រើន»។

លោកបានបន្តថា «ក្រោមកម្មវិធីថ្មីនេះយើងក៏នឹងយកខ្លារបស់យើងមកវិញផងដែរ។ ដំរីព្រៃនឹងត្រូវបានការពារហើយជាការពិតណាស់ សត្វទោច របស់យើងនឹងមានស្ថានភាពល្អ ប្រសើរឡើងវិញ»។ ស៊ីណាបាននិយាយលេងសើចថា «សត្វទាំងនេះរីករាយដែលបាន ឃើញអ្នក ហើយពួក វាចង់ឱ្យអ្នកប្រាប់អ្នកគ្រប់គ្នាឱ្យមកលេងជួរភ្នំក្រវាញ និងមកលេងកម្ពុជា»។

កម្ពុជាពិតជាត្រូវការភ្ញៀវទេសចរ។ ប្រសិនបើប្រទេសនេះពិតជានឹងមានអនាគតពណ៌បៃតងមែននោះ វានឹងកើតឡើងតាមរយៈគម្រោងនានារបស់រដ្ឋាភិបាល, ពីផ្ទះសំណាក់ឯកជនដូចជា «Tented Camp» ដែលត្រូវបានសាងសង់ដោយអ្នកវិនិយោគដែលមានឆន្ទៈ និងក្រុមហ៊ុនបណ្តាក់ទុនតូចៗក្នុងស្រុក។

វាគឺជាជោគជ័យនៃផ្ទះសំណាក់ព្រៃនៅ Sarapiqui និង Costa Rican Cordillera ដែលបានជំរុញឱ្យអតីតប្រធានាធិបតី Oscar Arias Sanchez បង្កើតឧទ្យានជាតិដំបូងគេបង្អស់ដែលមានការការពារត្រឹមត្រូវនៅក្នុងប្រទេសកូស្តារីកា។ ប្រសិនបើកម្ពុជាចង់ដើរទៅមុខឱ្យបានឆ្ងាយ ខ្លួនត្រូវចំណាយប្រាក់ ដែលទទួលបានពីវិស័យទេសចរណ៍ដោយប្រុងប្រយ័ត្នបំផុត ដើម្បីអាចនាំមកនូវការផ្លាស់ប្តូរ៕

Alex Robinson / The Independent

អត្ថបទទាក់ទង