ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 51
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម

ដើម្បីអភិវឌ្ឍន៍ត្រូវមានសន្តិភាព ដើម្បីរក្សាសន្តិភាពត្រូវមាន ការអភិវឌ្ឍ ជាចំណងពីរដែលចងភ្ជាប់មិនអាចខ្វះគ្នាបានឡើយ។ ឈរលើហេតុផលនេះហើយ ទើបចាប់តាំងពី ប្រទេសត្រូវបានរំដោះ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មិនដែលទម្លាក់ដៃលើកិច្ចអភិវឌ្ឍន៍ជាតិនោះឡើយ។ ការអភិវឌ្ឍជាគោលនយោបាយដ៏ចម្បងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើជាឧត្តមប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ ដំណើរការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមទៀតហើយសម្រាប់កិច្ចស្វាគមន៍ដើមឆ្នាំ២០២៣។ ការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរការ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

  1. នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលប្រមាណមួយម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
  2. សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះពិតជារីករាយ ដែលបានរួមគ្នាបើកការដ្ឋានពង្រីក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ សម្តេច និងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញរួមគ្នាបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាន ចំនួន៤គម្រោង។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ សម្តេច និងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញរួមគ្នាបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាន ចំនួន៤គម្រោង។ គម្រោងទាំង៤នោះរួមមាន៖ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១ និង៣៣, ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។
  7. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរកវ៉ាក់សាំងបង្ការកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ បើមិនឱ្យកម្ពុជាពឹងចិន តើឱ្យកម្ពុជាពឹងនរណា?
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិននឹកស្មានថា កម្ពុជាមានការរីកលូតលាស់កាន់តែធំទៅៗដូចពេលបច្ចុប្បន្ននោះឡើយ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧នេះ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ តែទៅកាន់ខេត្តជាច្រើនផ្សេងទៀត។
  10. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ឱ្យគម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមដំណើរការ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ដែលសម្រេចដាក់ចេញជិត ៤០ឆ្នាំមកហើយនោះ គឺពិតជាត្រឹមត្រូវ ហើយនឹងបន្តត្រឹមត្រូវក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត។
  13. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋឱ្យទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានគ្រប់គ្រងរដ្ឋ ៤៤ឆ្នាំហើយ ហើយជិតគ្រប់ ៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី។
  15. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងជំនួបជាមួយអ្នកព័ត៌មាននៅឆ្នាំនេះ សម្តេចនឹងផ្តល់ឱកាសឱ្យអ្នកព័ត៌មានសួរសំណួរ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ជាការបើកភ្លើងសង្គ្រាមនៅកម្ពុជា។ មកដល់ពេលនេះទោះបីសង្គ្រាមបានបញ្ចប់ តែគ្រាប់មីន និងសំណល់ជាតិផ្ទុះនានា មិនទាន់បោសសំអាតអស់នៅឡើយទេ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ទុនយ៉ាងគំហុក ជាមួយអង្គការនានា ដើម្បីបោសសំអាតមីននៅឆ្នាំ២០២៥។
  18. សម្តេចតេជោ ហ៊ុន សែន រឿងអាទិភាពនៅពេលនេះ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីមានការអភិវឌ្ឍ។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងការអភិវឌ្ឍ ជាចំណងចងភ្ជាប់គ្នាទៅវិញទៅមក ហើយត្រូវដើរទន្ទឹមគ្នា។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវយកការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិភាព ហើយយកសន្តិភាព ជំរុញការអភិវឌ្ឍ។
  21. សម្តេចតេជោ ហ៊ុន សែន រំលឹកថា យុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ គឺរក្សាសន្តិភាព, ជំរុញសមាហរណកម្មទៅកាន់ឆាកអន្តរជាតិ និងការអភិវឌ្ឍ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ គឺជាភាពជោគជ័យនយោបាយការបរទេសរបស់កម្ពុជា ប្រកបដោយភាពរស់រវើក ខណៈពិភពលោកជួបវិបត្តិដ៏ស្មុគស្មាញ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពផ្សារភ្ជាប់នឹងអភិវឌ្ឍ នៅតែជាគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។
  24. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ការវាយប្រហារលើបក្សប្រជាជនកម្ពុជា។
  25. សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួន។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទបក្សប្រជាជនជា «ចោរលួចសន្លឹកឆ្នោត» នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។
  27. សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា?
  28. សម្តេចតេជោ ហ៊ុន សែន ព្រមានវាយខ្នោះលោក គង់ គាំ រឿងវាយប្រហារលើបក្សប្រជាជនកម្ពុជា។
  29. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីបក្សប្រជាជនកម្ពុជា តាមដាន និងចាត់វិធានការបក្សប្រឆាំង រឿងវាយប្រហារលើបក្សប្រជាជនកម្ពុជា។
  30. សម្តេចតេជោ ហ៊ុន សែន ចង់ប្តឹងសើរើយកផ្ទះលោក គង់ គាំ ដែលជាសម្បត្តិរបស់បក្សប្រជាជនកម្ពុជា។
  31. សម្តេចតេជោ ហ៊ុន សែន រំលឹកថា លោក គង់ គាំ អត់កំណើត ទើបសម្តេចដកចេញពីរដ្ឋមន្ត្រីការបរទេស។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឡានលោក គង់ បូរ៉ា កូន គង់ គាំ កំពុងជិះបច្ចុប្បន្នជាឡានសម្តេចទិញឱ្យ។
  33. សម្តេចតេជោ ហ៊ុន សែន ព្រមាន គង់ បូរ៉ា ធ្វើការងារឱ្យច្បាស់លាស់ចូល ចូលឱ្យផុត បើចេញ ចេញឱ្យផុត។
  34. សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ធ្វើច្បាប់ ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា អ្នកមានទោស ហើយមានសញ្ជាតិដទៃ។
  35. សម្តេចតេជោ ហ៊ុន សែន បានសួរទៅក្រុមប្រឆាំងថា បើមិនវាយប្រហារបក្សប្រជាជនកម្ពុជា តើវារន្ទះបាញ់ ឬអ្វី?
  36. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា លោក ថាច់ សេដ្ឋា បានទៅជួបលោក ហ៊ុន ម៉ាណែត។ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត ណែនាំលោក ថាច់ សេដ្ឋា ឱ្យណែនាំសមាជិកខ្លួនកុំធ្វើរឿងខុសច្បាប់។

Fresh News

អត្ថបទទាក់ទង