ខ្មែរប៉ុស្ដិ៍ Close

ធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងជំរុញអតិផរណាឱ្យកើនឡើងនៅអឺរ៉ុប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 86
ធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងជំរុញអតិផរណាឱ្យកើនឡើងនៅអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងជំរុញអតិផរណាឱ្យកើនឡើងនៅអឺរ៉ុប

អតិផរណាកំពុងហក់ឡើងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ខណៈប្រាក់អឺរ៉ូបាននិងកំពុងធ្លាក់ចុះ។ នៅខែសីហា ឆ្នាំ ២០២២ អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូប្រចាំឆ្នាំបានឈានដល់ចំនួន ៩,១% ហើយអត្រាខ្ពស់ជាង ២០% កំពុងត្រូវបានរាយការណ៍នៅក្នុងបណ្តាប្រទេសនៅតំបន់បាល់ទិក។ នៅខែឧសភា ឆ្នាំ ២០២១ ប្រាក់ ១ អឺរ៉ូមានចំនួនច្រើនជាង ១,២០ ដុល្លារ ខណៈដែល នៅថ្ងៃទី ២៧ ខែកញ្ញា ប្រាក់ ១ អឺរ៉ូមានតម្លៃត្រឹមតែ ០,៩៦ ដុល្លារប៉ុណ្ណោះ។

ការបាត់បង់ទំនុកចិត្តលើប្រាក់អឺរ៉ូបានបង្កផលប៉ះពាល់ដល់ស្ថិរភាពរូបិយវត្ថុរបស់សហភាពអឺរ៉ុប ពីព្រោះវាអាចជំរុញឱ្យអត្រាអតិផរណាមានការកើនឡើង ដែលជាហេតុបង្កឱ្យមានការហូរចេញនៃមូលធន។ បច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងជួបប្រទះនឹងបញ្ហានេះ ហើយតំបន់ចាយប្រាក់អឺរ៉ូអាចនឹងក្លាយជាអ្នករងគ្រោះបន្ទាប់។

ព័ត៌មានអតិផរណានៅពេលថ្មីៗនេះរបស់សមាជិកដ៏ធំបំផុតរបស់តំបន់ចាយប្រាក់អឺរ៉ូគឺ «ប្រទេសអាល្លឺម៉ង់» បាននិងកំពុងបង្កអោយមានការព្រួយបារម្ភជាពិសេស។ នៅក្នុងខែសីហា តម្លៃអ្នកផលិត (Producer Price) មានការកើនឡើង ៤៦% ដែលមានចំនួនខ្ពស់ជាងខែដូចគ្នាកាលពីឆ្នាំមុន។

ដោយសារភាពជាប់ទាក់ទងគ្នារយៈពេលវែងរវាងតម្លៃអ្នកផលិត និងតម្លៃទំនិញប្រើប្រាស់ ការកើនឡើងនេះអាចជំរុញឱ្យតម្លៃទំនិញប្រើប្រាស់កើនឡើងដល់ ១៤% នៅក្នុងខែវិច្ឆិកាខាងមុខ។ ធនាគារកណ្តាលអឺរ៉ុប (ECB) បានបដិសេធការទទួលខុសត្រូវចំពោះបញ្ហាអតិផរណានៅពេលបច្ចុប្បន្ន បើទោះបីជាខ្លួនពិតជាគ្មានសមត្ថភាពទប់ស្កាត់ការរាតត្បាតនៃវីរុស ឬការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងការឈ្លានពានអ៊ុយក្រែនក៏ដោយ។

ជាក់ស្តែង ហេតុផលមួយចំនួនបានបញ្ជាក់ថា «ធនាគារកណ្តាលអឺរ៉ុបពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការកើនឡើងនៃអត្រាអតិផរណាបច្ចុប្បន្ននៅក្នុងកម្រិតខ្លាំងក្លាជាងអ្វីដែលបណ្តាធនាគារកណ្តាលផ្សេងៗទៀតបានធ្វើនៅក្នុងប្រទេសរបស់ពួកគេ»។

ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ ធនាគារ ECB បានបង្កើនការផ្គត់ផ្គង់ប្រាក់ទ្វេដង។ ក្នុងចំណោមការកើនឡើងនោះ ៨៣% គឺមានជាប់ពាក់ព័ន្ធនឹងការប្រមូលទិញមូលបត្របំណុលរដ្ឋាភិបាលដោយធនាគារ ECB ពីបណ្តាប្រទេសចាយប្រាក់អឺរ៉ូ។

ជាមួយនឹងការទិញដែលមានតម្លៃសរុបប្រមាណ ៤,៤ ទ្រីលានអឺរ៉ូ ធនាគារ ECB បានធ្វើឱ្យអត្រាការប្រាក់នៃមូលបត្ររដ្ឋាភិបាលឈានទៅជិតស្មើ ០ ដែលជាហេតុជំរុញឱ្យបណ្តាប្រទេសនានាបំពានច្បាប់បំណុលអឺរ៉ុប និងបានបង្កើនបំណុលក្នុងល្បឿនដ៏លឿន។

នៅឆ្នាំ ២០២០ គណៈកម្មការអឺរ៉ុបបានចូលរួមជាមួយធនាគារ ECB នៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកខ្លួន។ ប្រាក់កម្ចីបន្ថែមចំនួន ៧៥០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបត្រូវបានបញ្ចេញ ដើម្បីជួយប្រទេស EU ទាំងអស់ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃវីរុសកូវីដ-១៩។ ជាលទ្ធផលវិធានការទាំងនេះនឹងធ្វើឱ្យបំណុលរដ្ឋាភិបាលសរុបរបស់សហភាពអឺរ៉ុបកើនលើស ១០០% នៃ GDP ដែលជាហេតុនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើអតិផរណា។

ខណៈពេលកំពុងកើតមានការរាំងស្ទះនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយវីរុសរាតត្បាត បូករួមនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន បញ្ហាបំណុលបានជំរុញអត្រាអតិផរណាក្នុងល្បឿនដ៏លឿន។ ធនាគារ ECB បានចូលរួមបង្កើនសម្ពាធកាន់តែខ្លាំងលើអតិផរណា តាមរយៈការរធ្វើឱ្យប្រាក់អឺរ៉ូចុះខ្សោយ។

បើទោះបីជាធនាគារកណ្តាលអាមេរិកបានចាប់ផ្តើមបញ្ជូនសញ្ញាយ៉ាងច្បាស់នៅក្នុងខែមិថុនា ឆ្នាំ ២០២១ ថា «ខ្លួននឹងចាប់ផ្តើមដំឡើងអត្រាការប្រាក់នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ» ក៏ដោយ ក៏ ECB នៅតែបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដ៏ធូររលុងរហូតដល់ខែកក្កដា ឆ្នាំ ២០២២។

ភាពខុសគ្នានៃអត្រាការប្រាក់រវាងសហរដ្ឋអាមេរិកនិងតំបន់ចាយប្រាក់អឺរ៉ូ បានបន្តកើនឡើង ដែលជាហេតុជំរុញឱ្យអ្នកវិនិយោគរត់ចេញពីតំបន់អឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិកវិញ។ ក្នុងរយៈពេល ៣ សប្តាហ៍បន្ទាប់ពីការដំឡើងអត្រាការប្រាក់នៅក្នុងខែកញ្ញាដោយធនាគារ ECB ប្រាក់ដុល្លារបានកើនឡើង ៤% លើសប្រាក់អឺរ៉ូ។

ចាប់តាំងពីការប្រកាសលើកដំបូងរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែមិថុនា ឆ្នាំ ២០២១ ថា «ខ្លួនអាចនឹងដំឡើងអត្រាការប្រាក់» ប្រាក់ដុល្លារបានឡើងថ្លៃប្រហែល ២០% ធៀបនឹងប្រាក់អឺរ៉ូ។ នៅពេលដែលតម្លៃ ប្រាក់អឺរ៉ូធ្លាក់ចុះ តម្លៃទំនិញនិងសេវាកម្មនាំចូលក៏បានកើនឡើង។

តម្លៃថាមពលបាននិងកំពុងកើនឡើង ហើយការវាយតម្លៃលើប្រាក់ដុល្លារតែមួយបានបង្កើនតម្លៃប្រេង ដែលគិតជាប្រាក់អឺរ៉ូចំនួន ២៥%។សូម្បីតែតម្លៃឧស្ម័នធម្មជាតិក៏បានរងនូវផលប៉ះពាល់ដោយសារការវាយតម្លៃឡើងវិញផងដែរ ដែលនេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងកាលពីអតីតកាល។

ភាពខុសប្លែកគ្នានៅពេលនេះគឺថា «នៅពេលដែលលោក Putin បានបិទក្បាលម៉ាស៊ីនថាមពលរបស់អឺរ៉ុប ឧស្ម័នធម្មជាតិរាវ ដែលត្រូវបានជួញដូរនៅលើទីផ្សារពិភពលោកបានក្លាយជាប្រភពផ្គត់ផ្គង់ដ៏តិចតួច ដែលជាហេតុជំរុញឱ្យមានការកើនឡើងតម្លៃ ហើយវានឹងកើនឡើងកាន់តែខ្ពស់ ប្រសិនបើប្រាក់អឺរ៉ូធ្លាក់ថ្លៃកាន់តែខ្លាំង»។

ធនាគារ ECB បានព្យាយាមលាងខ្លួនតាមរយៈការចង្អុលបង្ហាញថា «ការកើនឡើងនៃតម្លៃថាមពលបាន រួមចំណែកត្រឹមតែ ១/៣ នៃអត្រាអតិផរណានៅអឺរ៉ុបប៉ុណ្ណោះ»។ ប៉ុន្តែធនាគារ ECB មានតួនាទីដ៏សំខាន់ ក្នុងការជំរុញឱ្យប្រាក់អឺរ៉ូធ្លាក់ថ្លៃ។ នៅពេលនិយាយដល់អត្រាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ក៏ដូចជាការកើនឡើងតម្លៃថាមពលទាំងធនាគារ ECB រួមជាមួយលោក Putin និងអង្គការ OPEC សុទ្ធតែមានចំណែកខុស៕

Project Syndicate

អត្ថបទទាក់ទង