ខ្មែរប៉ុស្ដិ៍ Close

តើអាចនឹងមានកងកម្លាំងកូរ៉េខាងជើងនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 130
តើអាចនឹងមានកងកម្លាំងកូរ៉េខាងជើងនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែរឬទេ? តើអាចនឹងមានកងកម្លាំងកូរ៉េខាងជើងនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែរឬទេ?

របាយការណ៍ដែលទទួលបានពីប្រភពព័ត៌មានជាច្រើនរបស់ប្រទេសរុស្ស៊ី និងពីសាធារណៈរដ្ឋផ្តាច់ខ្លួន Donetsk និង Luhansk បាន បង្ហាញថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ និងបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណៈរដ្ឋផ្តាច់ខ្លួនទាំង២ កាល ពីថ្ងៃទី ១៣ ខែកក្កដា ហើយត្រឹមតែរយៈពេលប៉ុន្មានថ្ងៃក្រោយមកប៉ុណ្ណោះ ក៏មានការរាយការណ៍ថា ទាហានកូរ៉េខាងជើងមួយចំនួននឹងត្រូវបានគេដាក់ពង្រាយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្ថាបនាសាធារណៈរដ្ឋទាំងពីរនេះឡើងវិញ។ ហើយប្រទេសកូរ៉េខាងជើងក៏អាចនឹងផ្តល់នូវការគាំទ្រ និងការចូលរួមនៅក្នុងការប្រព្រឹត្តិឧក្រឹដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់ Donetsk ផងដែរ។

របាយការណ៍នៃផែនការដាក់ពង្រាយយោធាទៅកាន់តំបន់ Donetsk និងតំបន់ Luhansk នោះត្រូវបានចេញផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់សាធារណរដ្ឋទាំងនោះ ហើយត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយកាន់តែទូលាយថែមទៀត នៅលើទូរទស្សន៍រដ្ឋរុស្ស៊ី Channel One Russia។

ទោះបីជាមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ក៏ដោយ ក៏លទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងកូរ៉េខាងជើងនៅក្នុងកម្រិតខ្លះទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជាមិនអាចមានចំនួនច្រើនរហូតដល់ទៅ ១០ម៉ឺននាក់ ដូចអ្វីដែលរបាយការណ៍មកពីតំបន់ Donbas បានអះអាងក៏ដោយ ក៏វានៅតែជារឿងដ៏គួរឱ្យកត់សម្គាល់ ដោយផ្អែកទៅលើចរន្តនៃការដាក់ពង្រាយកងកម្លាំងរបស់ទីក្រុងព្យុងយ៉ាងនៅបរទេសកាលពីពេលមុនៗ និងផលប្រយោជន៍ដែលប្រទេសកូរ៉េខាងជើង, សាធារណរដ្ឋដែលកំពុងតែមានជម្លោះ និងទីក្រុងម៉ូស្គូអាចទទួលបាន។

សម្រាប់ប្រទេសកូរ៉េខាងជើង ការរួមចំណែកក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមធ្វើសង្គ្រាមនៅអ៊ុយក្រែនមិនមែនជារឿងថ្មីនោះទេ ដោយសារប្រទេសនេះធ្លាប់បានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមវៀតណាមទល់នឹងសហរដ្ឋអាមេរិក និងនៅក្នុងសង្គ្រាមជាច្រើននៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសគឺប្រយុទ្ធប្រឆាំងជាមួយនឹងភាគីដែលទទួលបានការគាំទ្រដោយអាមេរិកតែម្តង។

ប្រទេសកូរ៉េខាងជើងក៏ធ្លាប់បានជួយជ្រោមជ្រែងដល់គូសត្រូវរបស់អាមេរិក តាមរយៈវិធីសាស្ត្រផ្សេងៗក្រៅពីការបញ្ជូនកម្លាំងទ័ពនៅក្នុងការធ្វើសង្គ្រាមជាច្រើនផងដែរ ដោយរាប់ចាប់តាំងពីសង្គ្រាមព្រំដែននៅអាហ្វ្រិកខាងត្បូង (South African Border War) រហូតដល់សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ នៅក្នុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ទីក្រុងព្យុងយ៉ាងបានផ្តល់កាំភ្លើងត្បាល់បាញ់បានចម្ងាយឆ្ងាយ ក៏ដូចជាគ្រាប់មីស៊ីលបាញ់បានចម្ងាយឆ្ងាយរបស់ខ្លួនជាច្រើនដល់កងទ័ពអ៊ីរ៉ង់។

ប្រសិនបើកងកម្លាំងរបស់កូរ៉េខាងជើងអាចនឹងជះឥទ្ធិពលខ្លាំងទៅលើសង្គ្រាមនៅអ៊ុយក្រែន នោះពួកគេនឹងអាចបង្វែរចំណាប់អារម្មណ៍របស់បណ្តាប្រទេសលោកខាងលិចឱ្យផ្តោតទៅលើតំបន់ភាគខាងកើតអឺរ៉ុប និងងាកចេញឆ្ងាយពីតំបន់អាស៊ីបូព៌ា ហើយវាក៏អាចជាការបន្តដាក់សម្ពាធទៅលើសហរដ្ឋអាមេរិកផងដែរ។

ការចូលរួមច្បាំងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនដែលកំពុងតែទទួលបានជំនួយសម្ភារៈយោធាក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ពីអង្គការ NATO ហើយក៏កំពុងតែធ្វើប្រតិបត្តិការជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់, ទីប្រឹក្សា, និងទទួលបានការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិកនេះ នឹងផ្តល់ឱ្យប្រទេសកូរ៉េខាងជើងនូវបទពិសោធន៍ដ៏មានតម្លៃ។

ប្រទេសរុស្ស៊ីអាចនឹងផ្តល់ប្រភពហិរញ្ញវត្ថុដល់ការដាក់ពង្រាយកងកម្លាំងរបស់ប្រទេសកូរ៉េខាងជើង ហើយក៏អាចអនុញ្ញាតឱ្យពួកគេប្រើប្រាស់សំភារៈយោធារបស់រុស្ស៊ី ក៏ដូចជាអាចទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ចផ្សេងៗទៀត។ បទពិសោធន៍ដ៏ធំធេងក្នុងការធ្វើប្រតិបត្តិការអមជាមួយកងកម្លាំងរុស្ស៊ីក៏អាចជារបស់ដ៏មានតម្លៃផងដែរ ដោយសារតែប្រទេសទាំងពីរមានព្រំដែនជាប់គ្នា និងមានសត្រូវរួមគ្នា។

ប្រទេសកូរ៉េខាងជើងបានឈរនៅខាងទីក្រុងម៉ូស្គូយ៉ាងមុតមាំ ខណៈប្រទេសចិន និងអ៊ីរ៉ង់បានប្រកាសថា ពួកគេនឹងរក្សាជំហរអព្យាក្រឹតនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែក្រោយមកក៏បានងាកមកផ្តល់ជាដ្រូន ឬសម្ភារៈយោធាផ្សេងៗទៀតទៅឱ្យយោធារបស់រុស្ស៊ី។ រួមគ្នាជាមួយប្រទេសអេរីត្រេ, បេឡារុស និងស៊ីរី កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ ដែលបានបោះឆ្នោតប្រឆាំងនឹងការថ្កោលទោស មកលើការអន្តរាគមន៍យោធារបស់រុស្ស៊ីនៅឯអង្គការសហប្រជាជាតិ។

ដូច្នេះ កូរ៉េខាងជើងគឺជាប្រទេសតែមួយគត់ដែលអាចផ្តល់ជាអាវុធដល់ប្រទេសរុស្ស៊ីក្រៅពីប្រទេសបេឡារុស ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួចបំផុត ដែលស្ថិតនៅក្រៅដែនឥទ្ធិពលរបស់បណ្តាប្រទេសលោកខាងលិច ដែលមានវិស័យយោធាធំគួរសម ហើយអាចផ្តល់នូវផលប្រយោជន៍មួយចំនួនដល់កងកម្លាំងរបស់រុស្ស៊ីក្រៅពីចិន និង អ៊ីរ៉ង់។

ខណៈទីក្រុងប៉េកាំង និង ទីក្រុងតេអេរ៉ង់ បច្ចុប្បន្នកំពុងខិតខំបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិចនោះ ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា ជាប្រទេសដែលពួកលោកខាងលិចបានប្រកាន់ជំហរដ៏តឹងរ៉ឹងជាមួយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទីក្រុងព្យុងយ៉ាងក៏ទទួលបានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដូចនេះពួកគេគ្មានអ្វីដែលត្រូវខាតបង់ទៀតនោះទេ សម្រាប់ការគាំទ្រដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី និងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ និងតំបន់ Donbas។

ការធ្វើបែបនេះអាចជួយឱ្យប្រទេសកូរ៉េខាងជើងធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែធំធេងជាមួយរុស្ស៊ី ហើយក៏អាចបំផ្លាញដល់ការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសលោកខាងលិចក្នុងការធ្វើឱ្យប្រទេសទាំងពីរនេះមានភាពឯកាផ្នែកសេដ្ឋកិច្ចផងដែរ។

ឯការធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយសាធារណរដ្ឋ Donetsk និង Luhansk ក៏អាចផ្តល់នូវឱកាសសំខាន់ៗជាច្រើនដូចគ្នា។ តំបន់ផ្តាច់ខ្លួនទាំងពីរនេះ មិនមែនជាសមាជិករបស់អង្គការសហប្រជាជាតិនោះទេ ហើយពួកគេក៏មិនមានកាតព្វកិច្ចក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មមកលើប្រទេសកូរ៉េខាងជើងនោះដែរ។ ដូចនេះ ដែនដីទាំងពីរនេះ អាចធ្វើពាណិជ្ជកម្មដោយសេរីជាមួយនឹងប្រទេសកូរ៉េខាងជើង ។

ការផ្តល់ឱ្យនូវមុខទំនិញនិងសេវាកម្មពីសំណាក់ប្រទេសកូរ៉េខាងជើងជាច្រើន ដែលរាប់ចាប់តាំងពីធនធានមនុស្សរហូតដល់ប្រព័ន្ធកាំភ្លើងត្បាល់ នឹងមិនត្រូវបានគេហាមឃាត់នោះឡើយ។

កងកម្លាំងពិសេស កងទ័ព និងផ្នែកខ្លះនៃកងកម្លាំងកាំភ្លើងត្បាល់របស់កូរ៉េខាងជើង អាចមានវិសាលភាពធំជាងកងកម្លាំងរបស់រុស្ស៊ីទៅទៀត ហើយវិសាលភាពដ៏ធំរបស់ពួកគេនៅលើផ្នែកខ្លះនៃការធ្វើសង្គ្រាមលើដីគោក បានធ្វើឱ្យពួកគេមានប្រៀបជាងយោធារបស់រុស្ស៊ីនៅក្នុងផ្នែកមួយចំនួនផងដែរ។

អ្វីដែលជាឧទារហណ៍ដ៏គួរឱ្យកត់សម្គាល់នោះគឺ ប្រព័ន្ធបាញ់គ្រាប់រ៉ូកែតរបស់កូរ៉េខាងជើងដែលមានឈ្មោះថា KN-09 និង KN-25 ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយជាងប្រព័ន្ធរបស់ប្រទេសណាៗទាំងអស់លើកលែងតែរបស់ប្រទេសចិន។ ពួកវាអាចបាញ់បានរយៈចម្ងាយឆ្ងាយជាងជាច្រើនដងបើធៀបនឹងប្រព័ន្ធរបស់ប្រទេសរុស្ស៊ី ឬប្រព័ន្ធ HIMARS របស់អាមេរិកដែលតែងតែបានបង្កបញ្ហាច្រើនដល់កងកម្លាំងរុស្ស៊ី ចាប់តាំងពីអាមេរិកបានផ្តល់ប្រព័ន្ធនេះមកឱ្យអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

លោក Igor Korotchenko ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលបានអះអាងថា ប្រព័ន្ធកាំភ្លើងត្បាល់របស់កូរ៉េខាងជើងពិតជាអាចផ្តល់នូវអត្ថប្រយោជន៍ច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន និងអាចត្រូវបានដាក់ពង្រាយនៅខ្សែត្រៀមជួរមុខ បាននិយាយនៅលើទូរទស្សន៍ Channel One Russia ថា «ប្រសិនបើប្រទេសកូរ៉េខាងជើងស្ម័គ្រចិត្តផ្តល់នូវកាំភ្លើងត្បាល់ ដោយភ្ជាប់មកជាមួយនូវបទពិសោធន៍ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការធ្វើសង្គ្រាមដោយប្រើប្រាស់កាំភ្លើងត្បាល់ និងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតធំៗដែលផលិតដោយកូរ៉េខាងជើង នោះពួកយើងនឹងផ្តល់ភ្លើងខៀវចំពោះទឹកចិត្តរបស់ពួកគេក្នុងការចូលរួមនៅក្នុងជម្លោះនេះ»។ លោកបានបន្តទៀតថា «ប្រសិនបើកូរ៉េខាងជើងពិតជាមានបំណងប្រាថ្នាចង់បំពេញកាតព្វកិច្ចអន្តរជាតិនៅក្នុងកសរប្រយុទ្ធតទល់នៅអ៊ុយក្រែនមែននោះ យើងគួរតែផ្តល់នូវការអនុញ្ញតដល់ពួកគេ»។

ទាហានកាំភ្លើងត្បាល់កូរ៉េខាងជើង បានធ្វើប្រតិបត្តិការរួចហើយជាមួយកងទ័ពស៊ីរី នៅក្នុងសង្គ្រាមលីបង់ (Lebanon War) និងនៅក្នុងប្រតិបត្តិការប្រឆាំងនឹងការបះបោរនៅទសវត្សរ៍ឆ្នាំ ២០១០ ហើយពួកគេក៏នឹងស្ថិតនៅក្នុងក្រុមកងកម្លាំងដែលត្រូវបានគេដាក់ពង្រាយមកកាន់តំបន់ភាគខាងកើតអ៊ុយក្រែនផងដែរ។ ប្រសិនបើពួកគេត្រូវបានដាក់ពង្រាយអមជាមួយប្រព័ន្ធកាំភ្លើងត្បាល់ ពួកគេអាចនឹងធ្វើការបាញ់ចូលទៅដល់តំបន់ Donbas ពីក្នុងដែនដីរបស់ប្រទេសរុស្ស៊ី។

ក្រៅពីអង្គភាពកាំភ្លើងត្បាល់ អង្គភាពកងកម្លាំងពិសេសរបស់កូរ៉េខាងជើងក៏អាចនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអ៊ុយក្រែន ក្រោយពីពួកគេត្រូវបានដាក់ពង្រាយឱ្យធ្វើប្រតិបត្តិការប្រឆាំងការបះបោរនៅស៊ីរី។ កូរ៉េខាងជើងមានកងកម្លាំងពិសេសធំជាងគេបង្អស់នៅក្នុងពិភពលោក ដោយអាចមានចំនួនចន្លោះពី ១៨ម៉ឺន ដល់ ២០ម៉ឺននាក់។

ពួកគេត្រូវបានចក្រភពអង់គ្លេសវាយតម្លៃថា «ជាក្រុមកងទ័ពដែលមានកម្លាំងចិត្តខ្ពស់ មានមនោគមន៍វិជ្ជានយោបាយយ៉ាងមុតមាំ និងទទួលបាននូវការបណ្តុះបណ្តាលយ៉ាងល្អ ពោលគឺជាអង្គភាពដែលមានគំនិតផ្តួចផ្តើមជានិរន្ត អាចបង្វែរស្ថានការណ៍ដែលពួកគេមិនអាចដឹងមុនទាំងអស់ឱ្យក្លាយជាប្រយោជន៍របស់ពួកគេ និងអាចលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់គេទោះក្នុងតម្លៃណាក៏ដោយ»។

មេដឹកនាំរបស់ក្រុមបះបោរបានចាត់ទុកកងកម្លាំងពិសេសរបស់កូរ៉េខាងជើងដែលត្រូវបានគេដាក់ពង្រាយទៅប្រទេសស៊ីរីនៅទសវត្សន៍ឆ្នាំ ២០១០ ថា «ជាមុខសញ្ញាដ៏សំខាន់ហើយអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅសមរភូមិប្រយុទ្ធ»។

ពួកគេសុទ្ធតែធ្លាប់ទទួលបានការបណ្តុះបណ្តាលដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធជាមួយនឹងសត្រូវដែលទទួលបានការបំពាក់សម្ភារៈ និងទទួលបានការបណ្តុះបណ្តាលល្អជាងកងទ័ពអ៊ុយក្រែន។ ដូចនេះ ការដាក់ពង្រាយរបស់ពួកគេអាចនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ប៉ុន្តែត្រូវអាស្រ័យទៅលើថា តើពួកគេអាចត្រូវបានធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពកម្រិតណាជាមួយអង្គភាពទ័ពរបស់រុស្ស៊ី និងអង្គភាពទ័ពរបស់តំបន់ Donbas។

ការលើកឡើងដែលថា កងទ័ពរបស់កូរ៉េខាងជើងគ្រោងនឹងចូលរួមនៅក្នុងការប្រយុទ្ធជួរមុខក្នុងនាមជា «កងទ័ពស្ម័គ្រចិត្ត» ពិតជាបានបង្ហាញថា ការដាក់ពង្រាយនេះនឹងមិនត្រូវបានប្រកាសជាផ្លូវការ ដោយកងទ័ពប្រជាជនកូរ៉េដែលជាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើងនោះទេ។ គេអាចឆ្លុះបញ្ចាំងអំពីការធ្វើអន្តរាគមន៍បែបនេះនៅក្នុងសង្គ្រាមកូរ៉េ នៅពេលដែលទីក្រុងប៉េកាំងបានយកលេសក្នុងការ បញ្ជូនកងកម្លាំងស្ម័គ្រចិត្តជាជាងការបញ្ជូនកងទ័ពរំដោះប្រជាជនចិនរបស់ពួកគេ ហើយសកម្មភាពស្រដៀងគ្នានេះក៏នឹងត្រូវធ្វើឡើងផងដែរ ដើម្បីបញ្ចៀសកុំឱ្យប្រទេសកូរ៉េខាងជើងត្រូវប្រកាសបើកការធ្វើសង្គ្រាមជាផ្លូវការជាមួយប្រទេសអ៊ុយក្រែន និងប្រទេសដែលជួយគាំទ្រពួកគេ ។

កាសែត New York Times បានចុះផ្សាយដោយសំដៅទៅលើសហរដ្ឋអាមេរិកថា «ពួកគេកំពុងបង្កើតបណ្តាញកម្មង់ដូ និងចារកម្មសម្ងាត់ដើម្បីផ្តល់ជាអាវុធ ព័ត៌មានចារកម្ម និងការបណ្តុះបណ្តាលដល់កងទ័ពនៅអ៊ុយក្រែន»។ ដូចនេះ ការដាក់ពង្រាយកងទ័ពនឹងធ្វើឱ្យកងកម្លាំងកូរ៉េខាងជើងត្រូវប្រឈមមុខដោយផ្ទាល់ជាមួយកងកម្លាំងរបស់សហរដ្ឋអាមេរិក និងប្រទេសជាមហាអំណាចលោកខាងលិចផ្សេងទៀត ។

កាសែត New York Times បានចុះផ្សាយបន្ថែមទៀតថា «បុគ្គលិក CIA កំពុងបន្តធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនដោយសម្ងាត់ ហើយភាគច្រើនពួកគេកំពុងស្ថិតនៅរដ្ឋធានី Kyiv ដើម្បីចែករំលែកព័ត៌មានសម្ងាត់ដែលអាមេរិកមានជាមួយកងកម្លាំងអ៊ុយក្រែន»។

កាសែតខាងលើក៏បានឱ្យដឹងទៀតថា «ក្រុមកម្មង់ដូមកពីបណ្តាប្រទេសជាសមាជិក NATO ផ្សេងៗទៀត រួមមានចក្រភពអង់គ្លេស, បារាំង, កាណាដា, និងលីទុយអានី ក៏បាននិងកំពុងធ្វើការនៅក្នុងប្រទេសអ៊ុយក្រែនដែរ ដោយពួកគេកំពុងតែផ្តល់នូវការបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាដល់ទាហានអ៊ុយក្រែន ហើយថែមទាំងបានជួយសម្រួលដល់ការផ្តល់អាវុធ និងជំនួយផ្សេងៗទៀតផង»។

កាលពីពេលថ្មីៗនេះ វិសាលភាពនៃវត្តមាន និងប្រតិបត្តិការរបស់កងកម្លាំងលោកខាងលិចនៅក្នុងអ៊ុយក្រែនក៏ត្រូវបានបង្ហាញផងដែរនៅក្នុងរបាយការណ៍មួយផ្សេងទៀតរបស់ទស្សនាវដ្តីបារាំង Causeur ដែលបានដកស្រង់ប្រភពចេញពីក្រុមស៊ើបការណ៍សម្ងាត់របស់ប្រទេសបារាំង។ ប្រភពពីរដ្ឋាភិបាលរបស់រុស្ស៊ីក៏បានចោទប្រកាន់ផងដែរថាកងទ័ពរបស់ប្រទេសលោកខាងលិចកំពុងតែចូលរួមពាក់ព័ន្ធដោយផ្ទាល់យ៉ាងស៊ីជម្រៅនៅក្នុងប្រតិបត្តិការខ្សែត្រៀមជួរមុខថែមទៀតផង។

អ្វីដែលជាលទ្ធផលនោះគឺកងទ័ពរបស់កូរ៉េខាងជើងអាចនឹង មានការប្រយុទ្ធគ្នាដោយផ្ទាល់ជាមួយកងទ័ពរបស់ប្រទេសលោកខាងលិច ដោយកងទ័ពកូរ៉េខាងជើងចេញមកធ្វើប្រតិបត្តិការក្រោមរូបភាពជាទាហានស្ម័គ្រចិត្ត ខណៈទាហានលោកខាងលិចនឹងផ្តល់ការគាំទ្រដល់ការប្រយុទ្ធដោយសម្ងាត់ ឬចូលប្រយុទ្ធក្នុងនាមជាទាហានស៊ីឈ្នួល។

កងកម្លាំងកូរ៉េខាងជើង និងកងកម្លាំងអាមេរិកធ្លាប់បានវាយប្រយុទ្ធគ្នានៅក្នុងជម្លោះជាច្រើនកាលពីអតីតកាល។ ប្រទេសអ៊ុយក្រែនអាចនឹងក្លាយជាទីតាំងប្រយុទ្ធថ្មី ហើយក៏នឹងក្លាយជាទីតាំងនៃការធ្វើសង្គ្រាមមួយដែល ប្រទេសកូរ៉េខាងជើងបានចូលរួមចំណែកដ៏ធំបំផុតសម្រាប់ជម្លោះអស់រយៈពេលជាង 70 ឆ្នាំកន្លងមកនេះ រវាងអាមេរិក និងកូរ៉េខាងជើង ៕

The Diplomat

អត្ថបទទាក់ទង