ខ្មែរប៉ុស្ដិ៍ Close

វីរកីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក គ្រងមេដាយមាសព្រឹត្តិការណ៍ World Games 2022

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ កីឡា - សុខភាព 312
វីរកីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក គ្រងមេដាយមាសព្រឹត្តិការណ៍ World Games 2022 វីរកីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក គ្រងមេដាយមាសព្រឹត្តិការណ៍ World Games 2022

សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះ គឺមានកីឡាការិនី ៨ប្រទេសចូលរួម គឺមានកីឡាការិនីកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ ហើយកីឡាការិនី ២រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ រីឯកីឡាការិនី ៦រូបទៀត ត្រូវធ្វើការប្រកួតយក ២រូបមានពិន្ទុខ្ពស់ជាងគេ ឡើងទៅបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផលការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ដែលត្រូវជួបកីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនីដាណឺម៉ាក Katrine JUNGE ហើយវីរកីឡាការិនីម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០២១ របស់កម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនីអាមេរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អ ដោយលោកស្រីបានវាយកឈ្នះពិន្ទុដាច់លើកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើវិញ្ញាសាវាយយកពិន្ទុ អ៊ុក ស្រីមុំ នឹងត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើវិញ្ញាសាវាយគូននារី ២នាក់ ទល់ ២នាក់ទៀត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។ នេះជាលើកដំបូងហើយ ដែលកម្ពុជា បានបញ្ជូនកីឡាការិនីប៉េតង់ចូលរួមការប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាមេរិកនេះ ៕