ខ្មែរប៉ុស្ដិ៍ Close

តើតម្លៃប្រេងខ្ពស់មានន័យយ៉ាងដូចម្តេចចំពោះថាមពលស្អាតនៅតំបន់អាស៊ីអាគ្នេយ៍?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 46
តើតម្លៃប្រេងខ្ពស់មានន័យយ៉ាងដូចម្តេចចំពោះថាមពលស្អាតនៅតំបន់អាស៊ីអាគ្នេយ៍? តើតម្លៃប្រេងខ្ពស់មានន័យយ៉ាងដូចម្តេចចំពោះថាមពលស្អាតនៅតំបន់អាស៊ីអាគ្នេយ៍?

តម្លៃប្រេងបានហក់ឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅក្នុងខែមីនាតម្លៃប្រេងឆៅបានឈានដល់កម្រិតមួយដែលគេធ្លាប់ជួបប្រទះតែម្តងគត់កាលពីជាងមួយទស្សវត្សរ៍មុននៅ លើទីផ្សារអឺរ៉ុបក្នុងតម្លៃប្រហែល ១១៧ ដុល្លារក្នុងមួយបារ៉ែល ដែលតួរលេខនេះបានកើនឡើងលើសតម្លៃកាលពីខែមេសា ឆ្នាំ ២០២០ ដែលមានចំនួនត្រឹមតែ ១៨,៣៨ ដុល្លារ។

កត្តានេះបានធ្វើឱ្យតម្លៃថាមពលនៅជុំវិញពិភពលោក ជាពិសេសតម្លៃឥន្ធនៈមានការកើនឡើងយ៉ាងខ្លាំង បើទោះបីជាតម្លៃប្រេងឆៅបានចាប់ផ្តើមធ្លាក់ចុះបន្តិចវីញហើយក៏ដោយ។ តម្លៃប្រេងខ្ពស់អាចបង្កឱ្យមានផលប៉ះពាល់មួយចំនួន ហើយអ្វីដែលជាចំណុចសំខាន់ផ្នែកនយោបាយនោះគឺ «វានឹងធ្វើឱ្យប្រជាជនមានការខឹងសម្បារ ពីព្រោះគ្មាននរណាម្នាក់ចង់ចំណាយលុយច្រើនទៅលើរបស់ដែលចាំបាច់ត្រូវប្រើជាប្រចាំថ្ងៃ ដូចជាសាំងនេះទេ»។

ដោយសារហេតុផលនេះ មេដឹកនាំនយោបាយជាច្រើន បានងាកមកផ្តោតការយកចិត្តទុកដាក់លើការធានាស្ថិរភាពតម្លៃសាំង ហើយដើម្បីឈានទៅសម្រេចរឿងនេះបាន ពួកគេបានចាត់វិធានការផ្សេងៗជាច្រើនដូចជាការឧបត្ថម្ភធន ការកម្រិតថ្លៃអតិបរមា, ការកាត់បន្ថយពន្ធ និងការធ្វើអន្តរាគមន៍ផ្នែកទីផ្សារជាច្រើនទៀត។

ប៉ុន្តែតម្លៃប្រេងខ្ពស់ក៏អាចបម្រើឱ្យគោលបំណងមួយផ្សេងទៀតផងដែរ ដែលនោះគឺ «វាអាចជំរុញឱ្យមនុស្សឱ្យងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងឆ្ពោះទៅរកទម្រង់ថាមពលកកើតឡើងវិញបានលឿនជាងការគ្រោងទុក»។ តម្លៃសាំងខ្ពស់អាចធ្វើឱ្យមនុស្សមានការខឹងសម្បារ ហើយប្រសិនបើតម្លៃនៅតែបន្តកើនឡើងខ្ពស់នៅក្នុងរយៈពេលវែង នោះមនុស្សអាចនឹងឈប់ប្រើប្រាស់រថយន្តដែលប្រើសាំង ហើយអាចនឹងងាកទៅប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬរថយន្តអគ្គិសនីជំនួសវិញ។

ប៉ុន្តែសម្រាប់ពេលនេះ ទាំងនេះអាចនឹងមិនមែនជាជម្រើសដ៏ពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ក៏ប៉ុន្តែប្រសិនបើតម្លៃសាំងនៅតែបន្តស្ថិតក្នុងកម្រិតដ៏ខ្ពស់នៅក្នុងរយៈពេលយូរតទៅមុខទៀតរដ្ឋាភិបាលនានានឹងត្រូវបង្ខំឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើបញ្ហានេះ។

ម្យ៉ាងទៀត ការគ្រប់គ្រងទៅលើផលប៉ះពាល់នៃតម្លៃប្រេងខ្ពស់អាចជាប់ទាក់ទងនឹងការដោះដូរដោយមានការលះបង់ (Trade-off)។ ក្នុងករណីខ្លះ តម្លៃអាចត្រូវបានទប់មិនឱ្យបន្តកើនឡើង ដើម្បីធានាស្ថិរភាព នយោបាយ ក៏ប៉ុន្តែពេលខ្លះ តម្លៃប្រេងថ្លៃក៏អាចជួយផ្លាស់ប្តូរអាកប្បករិយារបស់អ្នកប្រើប្រាស់បានផងដែរ ដោយក្នុងនោះ ពួកគេអាច នឹងងាកទៅរកការ ប្រើប្រាស់ថាមពល ដែលស្អាតជាងមុន និងដែលមាននិរន្តរភាពជាងមុន។

វាអាចបង្កឱ្យមានផលប៉ះពាល់ និងការរំខានរយៈពេលខ្លី និងមធ្យម ក៏ប៉ុន្តែនៅទីបំផុត វាអាចនឹងនាំមកនូវលទ្ធផលជាទីគាប់ចិត្តសម្រាប់រយៈពេលវែង។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានមើលឃើញអំពីការប្រើប្រាស់វិធីសាស្ត្រខាងលើ ខណៈពេលដែលរដ្ឋាភិបាលនីមួយៗបាននិងកំពុងថ្លឹងថ្លែងអំពីគុណសម្បត្តិ និងការដោះដូរដោយមានការលះបង់ (Trade-off) ទាក់ទងនឹងការគ្រប់គ្រងតម្លៃប្រេងដែលកំពុងកើនឡើង។

យើងអាចរៀនពីរបៀបនៃការដោះដូរដោយមានការលះបង់ (Trade-off) ទាំងនេះ តាមរយៈវិធីសាស្ត្រគ្រប់គ្រងតម្លៃប្រេងនៅក្នុងទីផ្សារលក់រាយប្រេងសាំងរបស់ប្រទេសថៃនិងឥណ្ឌូណេស៊ី។ សាំងនៅក្នុងប្រទេសថៃត្រូវបានលក់ដោយក្រុមហ៊ុនខុសៗគ្នាជាច្រើន ដែលរួមមានទាំងក្រុមហ៊ុន PTT ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនឯកជនផ្សេងៗទៀតដូចជា Shell និង ExxonMobil ។

រដ្ឋាភិបាលបានធ្វើការឧបត្ថម្ភធននិងកំណត់តម្លៃ ក៏ប៉ុន្តែអ្នកប្រើប្រាស់នៅតែទទួលរងនូវតម្លៃដ៏ថ្លៃ។ ជាលទ្ធផល តម្លៃឥន្ធនៈដែលមានសារធាតុអុកតាន (Octane) ខ្ពស់របស់ប្រទេសថៃបានកើនឡើងជិតទ្វេដងពីតម្លៃ  ២៦,៥៦ បាតក្នុងមួយលីត្រកាលពីខែ ឧសភា ឆ្នាំ ២០២០ ដល់ ៤៩,៥១ បាត នៅពីរឆ្នាំក្រោយមក។

ផ្ទុយទៅវិញ តម្លៃឥន្ធនៈ Pertamax ដែលជាឥន្ធនៈដែលមានសារធាតុអុកតានខ្ពស់របស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេដំឡើងតម្លៃតែម្តងគត់កាលពីខែមេសា ដែលនៅពេលនោះតម្លៃវាបានកើនឡើងប្រហែល ៣០% ហើយតម្លៃប្រេង Pertalite ដែលជាឥន្ធនៈមានអុកតាន មិនបានកើនឡើងទាល់តែសោះ។

ការរក្សាតម្លៃឥន្ធនៈឱ្យនៅថេរនៅក្នុងអំឡុងពេលដែលតម្លៃប្រេងកំពុងកើនឡើងបានធ្វើឱ្យក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់រដ្ឋ «Pertamina» ដែលមានសិទ្ធិផ្តាច់មុខលើការលក់រាយប្រេងសាំង ត្រូវរងនូវការខាតបង់ថវិការាប់ពាន់លានដុល្លារ។

ការខាតបង់មួយចំនួនត្រូវបានប៉ះប៉ូវសងដោយការឧបត្ថម្ភធន ក៏ប៉ុន្តែហេតុផលពិតប្រាកដ ដែលជំរុញឱ្យក្រុមហ៊ុន Pertamina មានឆន្ទៈក្នុងការធ្វើបែបនេះ គឺដោយសារតែរដ្ឋាភិបាលឥណ្ឌូណេស៊ីដែលជាម្ចាស់តែមួយគត់របស់ក្រុមហ៊ុននេះ បានទទួលអត្ថប្រយោជន៍ផ្នែកនយោបាយយ៉ាងច្រើន។

ប្រទេសឥណ្ឌូណេស៊ីបានសម្រេចជ្រើសរើសយកវិធីសាស្ត្ររក្សាតម្លៃឱ្យនៅទាបនិងមានស្ថិរភាព ហើយប្រទេសនេះអាចធ្វើរឿងនេះបានល្អជាងប្រទេសថៃ ដោយសារតែប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសផលិតប្រេងដ៏ធំមួយ។

ប្រទេសថៃបានបង្វែរការចំណាយខ្ពស់ទៅឱ្យអ្នកប្រើប្រាស់ ហើយប្រទេសថៃពិតជាមិនអាចកាត់បន្ថយតម្លៃបានច្រើននោះទេ ដោយសារពួកគេជាអ្នកនាំចូលថាមពលសុទ្ធ ហើយពួកគេក៏មិនចង់ធ្វើឱ្យមានឱនភាពថវិកាច្រើនពេកនោះដែរ។ នេះអាចជាមូលហេតុដ៏សំខាន់មួយដែលប្រទេសថៃកំពុងព្យាយាមបោះជំហានបន្តិចម្តងៗឆ្ពោះទៅរកការ ប្រើប្រាស់ថាមពលដែលស្អាតជាងមុន ពីព្រោះពួកគេពិតជាមិនមានជម្រើសអ្វីផ្សេងនោះទេ។

ការកើនឡើងថ្លៃប្រេងនឹងជំរុញនិន្នាការនេះ ហើយវានឹងជួយធ្វើឱ្យតម្រូវការជាយុទ្ធសាស្រ្ត ក្នុងការងាកទៅរកថាមពលបៃតងកាន់តែមានល្បឿនលឿនជាងមុន ជាពិសេសនៅក្នុងបណ្តាប្រទេសដែលនាំចូលថាមពលសុទ្ធ ដូចជាប្រទេសវៀតណាម និង ហ្វីលីពីន។

ប្រទេសដែលអាចធ្វើការចែកចាយប្រេងនិងឧស្ម័នបានដោយខ្លួនឯង ដូចជាម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី កំពុងអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចនយោបាយខុសៗគ្នា ហើយការលើកទឹកចិត្តដែលពួកគេទទួលបានក៏មានលក្ខណៈខុសគ្នាផងដែរ។ ពួកគេនឹងទទួលបានផលប្រយោជន៍ផ្នែកនយោបាយពីការអាចគ្រប់គ្រងតម្លៃប្រេងឱ្យស្ថិតនៅក្នុងកម្រិតជាក់លាក់មួយ ខណៈពេលដែលតម្លៃប្រេងនៅលើទីផ្សារនានាកំពុងមានការប្រែប្រួល។

តែនេះមិនមែនមានន័យថា «ប្រទេសទាំងនេះមិនមានលទ្ធភាពក្នុងការងាកចេញពីការ ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនោះទេ»។ វាគ្រាន់តែថា «តម្លៃប្រេងខ្ពស់មិនមែនជាកាតាលីករជម្រុញឱ្យមានការផ្លាស់ប្តូរសម្រាប់ពួកគេនោះឡើយ»៕

The Diplomat

អត្ថបទទាក់ទង