ខ្មែរប៉ុស្ដិ៍ Close

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ 75% ហើយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 47
គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ 75% ហើយ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ 75% ហើយ

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ារបស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាលសម្រេចប្រមាណ៧៥ភាគរយហើយរហូតមកដល់ពេលនេះ ។

លោក អន សុភាពបុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត ឱ្យដឹងថា គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរយៈពេលជាង៦ខែមកនេះ បានធ្វើការងារជាច្រើនដូចជា រៀបជញ្ជាំង ចាក់បេតុង បុកបង្ហាប់ដីនៅគ្រឹះរបស់កំពង់ទឹកឡើងវិញជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។ អ្នកជំនាញរូបនេះបន្តថា ការងារជួសជុលកំពង់ទឹកនេះ គឺដំណាក់កាលដំបូងត្រូវសិក្សាស្រាវជ្រាវ វាយតម្លៃលើការខូចខាត និងវិធីសាស្រ្តជួសជុលតាំងពីឆ្នាំ២០២១មក ចំណែកឯសកម្មភាពជួសជុលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២ ហើយកំពុងបន្តរហូតមកដល់សព្វថ្ងៃនេះ។ 

អ្នកជំនាញនៃការងារជួសជុលរូបនេះ បន្តឱ្យដឹងថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានការខូចខាតជាខ្លាំង ជាពិសេសរចនាសម្ពន្ធរបស់កំពង់ទឹកផ្នែកខាងជើង។ ចំណែកគ្រឹះផ្នែកត្រង់របស់ស្ពានហាល និងកំពង់ទឹកវិញ គឺថ្មបាយក្រៀមមានសភាពពុកផុយខ្លាំង តាំងពីកាំថ្មទី១ដល់កាំទី៤។ ជញ្ជាំងផ្នែកខាងជើងរបស់ស្ពានហាលទ្រុឌទ្រោមខ្លាំង បានរលុះធ្លាក់ចូលទៅក្នុងកសិន្ធុស្ទើរតែទាំងស្រុង។ ជញ្ជាំងផ្នែកខាងលិច និងខាងកើតក៏មានសភាពហែកចេញពីគ្នាដែរ។ ក្នុងការងារជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើជញ្ជាំងផ្នែកខ្លះដែលពុកផុយខ្លាំង ហើយចាក់បេតុងផ្នែកខាងក្នុងដើម្បីពង្រឹងគុណភាពជញ្ជាំងឡើងវិញ។  រីឯផ្នែកខាងត្បូងដែលខិតជិតមកផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅមានស្ថានភាពល្អ និងបានរក្សាទុកដដែល  ដោយគោរពទៅតាមគោលការណ៍ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ  និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។

លោក អន សុភាព ឱ្យដឹងទៀតថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានទំហំ១២ម៉ែត្របួនជ្រុង និងមានសណ្ឋានដូចគ្នាទៅនឹងកំពង់ទឹកផ្នែកខាងត្បូងដែរ ហើយក្រុមការងារនឹងខិតខំប្រឹងប្រែងជួសជុល  ដើម្បីឈានទៅបញ្ចប់នៅបំណាច់ឆ្នាំ២០២២ខាងមុខ ៕

អត្ថបទ និងរូបភាព៖ លោក យី សុថា

អត្ថបទទាក់ទង